យ៉ូប 42

ចម្លើយចុងក្រោយរបស់លោកយ៉ូប

1 លោកយ៉ូបទូលព្រះ‌អម្ចាស់ថា៖

2 «ទូលបង្គំទទួលស្គាល់ថា

ព្រះ‌អង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន

ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះ‌អង្គ

ទាល់ព្រះ‌តម្រិះឡើយ។

3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកទូលបង្គំថា

“ម្ដេចក៏អ្នកសង្ស័យលើគម្រោង‌ការរបស់យើង

ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?”

ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី

ដ៏អស្ចារ្យដោយពុំដឹងខ្លួន

គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា

ដែលទូលបង្គំអាចយល់ និងអាចស្គាល់។

4 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា

“ចូរស្ដាប់សេចក្ដីដែលយើងថ្លែង

យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”

5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ

អំពីព្រះ‌អង្គ

ឥឡូវនេះ ទូលបង្គំឃើញព្រះ‌អង្គ

ផ្ទាល់នឹងភ្នែកតែម្ដង។

6 ហេតុនេះ ទូលបង្គំសូមសារភាពកំហុស

ហើយដាក់ខ្លួន

ដោយក្រាបនៅក្នុងធូលីដី និងផេះ»។

ព្រះ‌អម្ចាស់ប្រទានពរឲ្យលោកយ៉ូបសាជាថ្មី

7 ក្រោយពេលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់លោកអេលី‌ផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្ត‌ភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។

8 ដូច្នេះ ចូរយកគោបាប្រាំ‌ពីរ និងចៀមឈ្មោលប្រាំ‌ពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូល‌អង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។

9 លោកអេលី‌ផាសជាអ្នកស្រុកថេម៉ាន លោកប៊ីល‌ដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះ‌អម្ចាស់បានបង្គាប់។ ពេលនោះព្រះ‌អម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។

10 នៅពេលដែលលោកយ៉ូបទូល‌អង្វរឲ្យមិត្ត‌ភក្ដិរបស់លោកព្រះ‌អម្ចាស់ប្រោស‌ប្រណីលោកឲ្យបានចម្រុង‌ចម្រើនឡើងវិញ។ព្រះ‌អម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។

11 បង‌ប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិ‌មិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្តែងការអាណិត‌អាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះ‌អម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។

12 ព្រះ‌អម្ចាស់ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។

13 លោកមានកូនប្រុសប្រាំ‌ពីរនាក់ និងកូនស្រីបីនាក់។

14 លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមី‌ម៉ា» កូនស្រីទីពីរ «កេស៊ី‌យ៉ា» និងកូនស្រីទីបី «កេរេន-‌ហាពូក»។

15 នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបង‌ប្អូនប្រុសៗទាំងប្រាំ‌ពីរនាក់ដែរ។

16 ក្រោយមក លោកយ៉ូបរស់បានមួយរយសែ‌សិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។

17 បន្ទាប់ពីមានអាយុយឺន‌យូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕