យ៉ូប 32

ប្រសាសន៍របស់លោកអេលី‌ហ៊ូវ

1 កាលមិត្ត‌ភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។

2 ពេលនោះ លោកអេលី‌ហ៊ូវ ជាកូនរបស់លោកបារ៉ា‌គាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះ‌ជាម្ចាស់ ។

3 គាត់ក៏ខឹងនឹងមិត្ត‌ភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះ‌ជាម្ចាស់មានកំហុសមែន ។

4 ដោយលោកអេលី‌ហ៊ូវក្មេងជាងគេ គាត់រង់‌ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។

5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។

6 លោកអេលី‌ហ៊ូវ ជាកូនរបស់លោកបារ៉ា‌គាល ក្នុងអំបូរប៊ូស ពោលឡើងថា៖

«ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ

ហេតុនេះហើយបានជាខ្ញុំភ័យញាប់‌ញ័រ

មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។

7 ខ្ញុំតែងគិតថា មនុស្សមានអាយុវែង

រមែងប្រសប់និយាយ

អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។

8 ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស

គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធា‌នុភាព

ខ្ពង់‌ខ្ពស់បំផុតប៉ុណ្ណោះ

ទើបផ្ដល់ឲ្យគេយល់ដឹងបាន។

9 រស់បានច្រើនឆ្នាំមិនផ្ដល់ឲ្យមនុស្ស

មានប្រាជ្ញាឡើយ

ហើយមនុស្សចាស់ជរា

ក៏មិនស្គាល់ការវិនិច្ឆ័យដែរ។

10 ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង

ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។

ខ្ញុំបានរង់‌ចាំអស់លោកមានប្រសាសន៍

រហូតដល់ចប់

11 ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ

ដែលអស់លោកថ្លែង

រហូតដល់អស់លោកវែក‌ញែកអស់សេចក្ដី។

12 ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក

ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក

ជជែកឈ្នះលោកយ៉ូប

ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ!

13 ហេតុនេះ សូមកុំអះ‌អាងថា

អស់លោករកបានប្រាជ្ញានោះឡើយ។

មានតែព្រះ‌ជាម្ចាស់ប៉ុណ្ណោះដែលអាច

តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។

14 លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ

ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ

តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។

15 លោកយ៉ូបអើយ

លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ

ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។

16 ខ្ញុំរង់‌ចាំដែរ តែមិនឃើញពួកគាត់និយាយទេ

ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ

17 ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង

ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។

18 ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ

គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម

បានទៀតឡើយ។

19 ប្រសិនបើខ្ញុំមិននិយាយទេ

ចិត្តរបស់ខ្ញុំមុខតែធ្លុះ‌ធ្លាយដូចថង់ស្បែក

ដែលដាក់ស្រាទំពាំង‌បាយជូរថ្មី។

20 ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង

ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។

21 ខ្ញុំមិនរើសមុខនរណាឡើយ

ហើយខ្ញុំក៏មិនបញ្ចើច‌បញ្ចើនរណាម្នាក់ដែរ។

22 ខ្ញុំមិនចេះបញ្ចើច‌បញ្ចើទេ

បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា

ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។