យ៉ូប 27

មនុស្សមានទោសមិនអាចអង្វរករព្រះ‌អង្គបានទេ

1 លោកយ៉ូបរៀបរាប់សាជាថ្មី

ដូចតទៅ៖

2 «ខ្ញុំសូមស្បថក្នុងនាមព្រះ‌ជាម្ចាស់

ដែលមានព្រះ‌ជន្មគង់នៅ!

ព្រះ‌អង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។

ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុតបានធ្វើ

ឲ្យចិត្តខ្ញុំពោរ‌ពេញដោយភាពជូរចត់។

3 ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល

ហើយខ្យល់ដង្ហើមរបស់ព្រះ‌ជាម្ចាស់

ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ

4 នោះមាត់របស់ខ្ញុំនឹងមិនស្រដី

ចេញមកនូវពាក្យអាក្រក់

ហើយអណ្ដាតរបស់ខ្ញុំ

ក៏មិនថ្លែងពាក្យវៀច‌វេរដែរ។

5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា

ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ

រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា

ខ្ញុំមានទោសឡើយ។

6 ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត

ដរាបណាខ្ញុំមានជីវិត

មន‌សិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។

7 សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំ

ទទួលទោសដូចមនុស្សអាក្រក់

សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំ

ទទួលទោសដូចមនុស្សទុច្ចរិត។

8 ពេលព្រះ‌ជាម្ចាស់លុបបំបាត់មនុស្សទមិឡ

ព្រះ‌អង្គដកជីវិតរបស់គេ

តើគេនៅមានសង្ឃឹមអ្វីទៀត?

9 ពេលគេជួបនឹងភ័យអាសន្ន

តើព្រះ‌ជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?

10 តើគេយកព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត

ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?

តើគេអង្វររកព្រះ‌ជាម្ចាស់

គ្រប់ពេលវេលាឬទេ?

11 ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់

ឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់

ខ្ញុំនឹងមិនលាក់គម្រោង‌ការរបស់

ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុតឡើយ។

12 អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ

ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹម‌សារ

ទាំងអស់គ្នាដូច្នេះ?

ការចម្រុង‌ចម្រើនដែលមិននៅស្ថិត‌ស្ថេរ

13 មនុស្សអាក្រក់ មនុស្សឃោរ‌ឃៅ

ទទួលចំណែកមត៌កពីព្រះ‌ជាម្ចាស់ដូចតទៅ:

14 ប្រសិនបើគេមានកូនចៅច្រើន

កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ

ពូជ‌ពង្សរបស់គេគ្មានអាហារ

បរិភោគគ្រប់គ្រាន់ឡើយ។

15 កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់

ដោយជំងឺរាតត្បាត

ប្រពន្ធរបស់គេដែលនៅមេម៉ាយ

នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។

16 ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី

ហើយសម្លៀក‌បំពាក់គរដូចភ្នំ

17 គេបានត្រឹមតែប្រមូលប៉ុណ្ណោះ

តែមនុស្សសុចរិតនឹងប្រើសម្លៀក‌បំពាក់នោះ

ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។

18 ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ

ឬដូចខ្ទមរបស់ឆ្មាំចម្ការ។

19 ពេលចូលដំណេក គេជាអ្នកមាន

ប៉ុន្តែ នេះជាលើកចុងក្រោយហើយ

ដ្បិតពេលភ្ញាក់ឡើង

គេបាត់បង់ទ្រព្យ‌សម្បត្តិអស់។

20 ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់

ហើយនៅពេលយប់

ខ្យល់កួចនាំយកគេបាត់ទៅ។

21 ខ្យល់ពីទិសខាងកើតបក់មក

កន្ត្រាក់គេចេញបាត់ពីលំ‌នៅរបស់ខ្លួន។

22 ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី

ធ្វើឲ្យគេខិត‌ខំរត់គេចចេញ។

23 អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ

ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង

ដែលគេធ្លាប់រស់នៅ។