យ៉ូប 26

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីល‌ដាដ: លោកប៉ិន‌ប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!

1 លោកយ៉ូបឆ្លើយវិញថា៖

2 «លោកប៉ិន‌ប្រសប់ជួយ

អ្នកដែលគ្មានកម្លាំងមែន!

លោកប៉ិន‌ប្រសប់ជួយស្រោចស្រង់

មនុស្សទន់ខ្សោយ!

3 លោកក៏ប៉ិន‌ប្រសប់ជួយយោបល់

អ្នកដែលគ្មានប្រាជ្ញាដែរ!

លោកពូកែណែ‌នាំគេឲ្យចេះរិះគិតណាស់!

4 តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?

នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ?

អំណាចរបស់ព្រះ‌ជាម្ចាស់

5 អស់អ្នកដែលស្លាប់ទៅហើយ

នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ

និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។

6 ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ

ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គឡើយ

ព្រះ‌អង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។

7 ព្រះ‌អង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស

ព្រះ‌អង្គព្យួរផែនដីនៅលើលំហ។

8 ព្រះ‌អង្គបង្ខាំងទឹកទុកនៅក្នុងពពក

តែពពកមិនធ្លាយ ដោយ‌សារទម្ងន់ទឹកឡើយ។

9 ព្រះ‌អង្គលាតត្រដាងពពក

បាំងបល្ល័ង្ករបស់ព្រះ‌អង្គ។

10 ព្រះ‌អង្គគូសរង្វង់មួយនៅលើផ្ទៃទឹក

ត្រង់ព្រំ‌ប្រទល់រវាងពន្លឺ និងងងឹត។

11 សសររបស់មេឃរញ្ជួយ និងភ័យតក់‌ស្លុត

នៅពេលឮព្រះ‌អង្គស្រែកគំរាម។

12 ព្រះ‌អង្គបង្ក្រាបសមុទ្រ

ដោយ‌សារព្រះ‌ចេស្ដារបស់ព្រះ‌អង្គ។

ព្រះ‌អង្គកម្ទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ

ដោយ‌សារព្រះ‌តម្រិះរបស់ព្រះ‌អង្គ។

13 ព្រះ‌អង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ

ដោយ‌សារខ្យល់ដង្ហើមរបស់ព្រះ‌អង្គ

ព្រះ‌អង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន

ដោយ‌សារព្រះ‌ហស្ដរបស់ព្រះ‌អង្គ។

14 នេះគ្រាន់តែជាស្នាព្រះ‌ហស្ដដ៏តូចរបស់ព្រះ‌អង្គ

ហើយយើងក៏បានឮតែបន្តិច‌បន្តួចប៉ុណ្ណោះ

ចំណែកឯឫទ្ធា‌នុភាពដ៏ខ្លាំងក្លារបស់ព្រះ‌អង្គវិញ

តើនរណាអាចស្វែងយល់បាន?»។