យ៉ូប 19

លោកយ៉ូបឆ្លើយតបទៅលោកប៊ីល‌ដាដ: នៅទីបញ្ចប់ ព្រះ‌អង្គមុខជាធ្វើអន្តរា‌គមន៍មិនខាន!

1 លោកយ៉ូបឆ្លើយវិញថា៖

2 «តើអស់លោកធ្វើឲ្យ

ខ្ញុំកើតទុក្ខគ្រាំ‌គ្រា ហើយកម្ទេចខ្ញុំ

ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?

3 អស់លោកផ្ចាញ់‌ផ្ចាលខ្ញុំដប់ដងទៅហើយ

តើអស់លោកមិនចេះខ្មាស

ដោយធ្វើបាបខ្ញុំបែបនេះទេឬ?

4 ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ

កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។

5 ប្រសិនបើអស់លោកបន្តុះ‌បង្អាប់ខ្ញុំ

ដើម្បីលើកតម្កើងខ្លួនឯង

ហើយយកទុក្ខវេទនារបស់ខ្ញុំ

មកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស

6 នោះតោងដឹងថាព្រះ‌ជាម្ចាស់ទេតើ

ដែលដាក់កំហុសនេះមកលើខ្ញុំ

ព្រះ‌អង្គបោះសំណាញ់របស់ព្រះ‌អង្គមកលើខ្ញុំ។

7 ប្រសិនបើខ្ញុំស្រែកហៅគេជួយ

ក៏គ្មាននរណាឆ្លើយ

ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌

ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។

8 ព្រះ‌អង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច

ព្រះ‌អង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។

9 ព្រះ‌អង្គដកកិត្តិយសចេញពីខ្ញុំ

ព្រះ‌អង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។

10 ព្រះ‌អង្គប្រហារខ្ញុំពីគ្រប់ទិស‌ទី

ធ្វើឲ្យខ្ញុំវិនាស

ព្រះ‌អង្គរំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ

ដូចគេរំលើងដើមឈើ។

11 ព្រះ‌ពិរោធរបស់ព្រះ‌អង្គឆាប‌ឆេះមកលើខ្ញុំ

ព្រះ‌អង្គចាត់ទុកខ្ញុំដូចជាបច្ចា‌មិត្ត។

12 កង‌ទ័ពរបស់ព្រះ‌អង្គលើកគ្នាមកវាយលុកខ្ញុំ

ពួកគេបោះទ័ពព័ទ្ធជុំ‌វិញលំ‌នៅខ្ញុំ។

13 ព្រះ‌អង្គធ្វើឲ្យបង‌ប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ

អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ

បានក្លាយជាអ្នកដទៃទៅវិញ។

14 សាច់‌ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ

អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។

15 ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ

បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ

គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។

16 ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ

តែគេមិនឆ្លើយតបវិញទេ

ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។

17 ដង្ហើមរបស់ខ្ញុំជះក្លិនអសោច

ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន

បង‌ប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។

18 សូម្បីតែក្មេង‌ក្មាង ក៏មើល‌ងាយខ្ញុំ

ពេលខ្ញុំងើបឈរឡើង

នោះពួកវានាំគ្នានិយាយឡក‌ឡឺយដាក់ខ្ញុំ។

19 អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ

អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា

ប្រឆាំងនឹងខ្ញុំ។

20 ខ្ញុំនៅសល់តែស្បែក និងឆ្អឹង

ហើយវិះ‌តែនឹងស្លាប់ទៀតផង ។

21 មិត្ត‌ភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ

សូមអាណិតមេត្តាខ្ញុំផង!

ដ្បិតព្រះ‌ជាម្ចាស់យកព្រះ‌ហស្ដវាយខ្ញុំ។

22 ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ

ដូចព្រះ‌ជាម្ចាស់យ៉ាងនេះ

អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?

23 សូមឲ្យពាក្យ‌ពេចន៍របស់ខ្ញុំបានសរសេរទុក

គឺចារទុកនៅក្នុងក្រាំងមួយ!

24 សូមឲ្យគេចារឹកពាក្យនេះ

ដោយដែកឆ្លាក់ និងសំណ

ទុកនៅលើផ្ទាំងថ្មរហូតតទៅ។

25 ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ

ទ្រង់មានព្រះ‌ជន្មគង់នៅ

ព្រះ‌អង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់

នៅលើផែនដី។

26 ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ

នោះខ្ញុំផ្ទាល់នឹងឃើញព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់

27 ខ្ញុំនឹងឃើញព្រះ‌អង្គផ្ទាល់នឹងភ្នែក

គឺព្រះ‌អង្គដែលខ្ញុំធ្លាប់ស្គាល់

ចិត្តខ្ញុំរំជួលរង់‌ចាំពេលនោះ។

28 អស់លោកពោលថា

“យើងមិនបានតាមធ្វើបាបគាត់ទេ

ទុក្ខទោសរបស់គាត់បណ្ដាលមកពី

ខ្លួនគាត់ផ្ទាល់ទេតើ!”

29 ចូរខ្លាចមុខដាវទៅ

ដ្បិតការចោទប្រកាន់របស់អស់លោក

តែងតែទទួលទោសដ៏សាហាវបែបនេះឯង។

ពេលនោះ អស់លោកមុខជាដឹងថា

ព្រះ‌ជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។