យ៉ូប 16

ចម្លើយរបស់លោកយ៉ូប: សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរម‌សុខ

1 លោកយ៉ូបឆ្លើយវិញថា៖

2 «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ

ជាច្រើនលើកច្រើនសាមកហើយ។

អស់លោកមកជួយសម្រាលទុក្ខ

តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ!

3 តើអស់លោកនិយាយឥតបានការដូច្នេះ

ដល់អង្កាល់ទើបចប់?

តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល

បានជាអស់លោកឆ្លើយដូច្នេះ?

4 ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច

អស់លោកបានដែរ

គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ

ខ្ញុំនឹងរៀបរៀងពាក្យ‌ពេចន៍ប្រឆាំងអស់លោក

ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។

5 ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក

ខ្ញុំនឹងរកពាក្យមកថ្លែង

ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។

6 រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ

ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ

បើខ្ញុំមិននិយាយ

ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។

7 ឥឡូវនេះ ព្រះ‌ជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង…

ព្រះ‌អង្គបានធ្វើឲ្យគ្រួសារទូលបង្គំ

វិនាសទាំងស្រុង។

8 ព្រះ‌អង្គឲ្យទូលបង្គំនៅសល់តែ

ស្បែក និងឆ្អឹង

ដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថា

ទូលបង្គំមានកំហុស។

9 ព្រះ‌ពិរោធរបស់ព្រះ‌អង្គប្រហារខ្ញុំ

ដូចសត្វសាហាវហែកសាច់ខ្ញុំ

បញ្ចេញចង្កូមដាក់ខ្ញុំ

ព្រះ‌អង្គសម្លក់‌សម្លឹងមកខ្ញុំ ដូចបច្ចា‌មិត្ត។

10 មនុស្ស‌ម្នាបើកមាត់យ៉ាងធំ

ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ

ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ

ហើយព្រួតគ្នាទាស់នឹងខ្ញុំ។

11 ព្រះ‌ជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ

ក្មេង‌ក្មាងមើល‌ងាយ

ព្រះ‌អង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ

របស់មនុស្សពាល។

12 ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខ‌សាន្ត

ព្រះ‌អង្គមកអង្រួនខ្ញុំឲ្យវឹក‌វរ

ព្រះ‌អង្គចាប់កញ្ចឹង‌កខ្ញុំ

ហើយបោកខ្ញុំឲ្យដួល

ព្រះ‌អង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។

13 ព្រះ‌អង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិស‌ទី

ព្រះ‌អង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា

ព្រះ‌អង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។

14 ព្រះ‌អង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា

ព្រះ‌អង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។

15 ខ្ញុំបានដេរបាវយកមកស្លៀក

ខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។

16 ខ្ញុំយំសោករហូតដល់ហើមភ្នែក

ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។

17 ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរ‌ឃៅទេ

ហើយពាក្យអធិស្ឋានរបស់ខ្ញុំ

នៅតែបរិសុទ្ធដដែល។

18 ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ

ហើយក៏កុំឲ្យមានអ្វីមកខ្ទប់

សម្រែករបស់ខ្ញុំដែរ។

19 ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរម‌សុខ

អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។

20 មិត្ត‌ភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ

ខ្ញុំស្រែកអង្វរព្រះ‌ជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។

21 សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា

អាជ្ញាកណ្ដាលរវាងព្រះ‌ជាម្ចាស់ និងខ្ញុំ

ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង

មនុស្ស និងមនុស្ស។

22 អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ

ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ

ដែលពុំអាចវិលត្រឡប់មកវិញបានទេ។