យេរេមា 50

ចក្រភពបាប៊ី‌ឡូនត្រូវរលំ ព្រះ‌ជាម្ចាស់រំដោះអ៊ីស្រា‌អែល

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ប្រកាស តាមរយៈព្យាការីយេរេមា ស្ដីអំពីបាប៊ី‌ឡូន និងស្រុកខាល់ដេ។

2 «ចូរប្រកាសប្រាប់ប្រជា‌ជាតិនានា

ចូរប្រាប់ឲ្យពួកគេដឹង

ចូរលើកទង់សញ្ញាឡើង!

ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ!

ចូរប្រកាសថា:

សត្រូវវាយយកបានក្រុងបាប៊ី‌ឡូនហើយ!

ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូ‌ឌូកត្រូវរលំ

រូបបដិមារបស់ពួកគេត្រូវអាម៉ាស់

ព្រះក្លែង‌ក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។

3 ប្រជា‌ជាតិមួយនៅទិសខាងជើង

លើកទ័ពមកវាយក្រុងបាប៊ី‌ឡូន

ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន

គ្មាននរណារស់នៅទៀតទេ

គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ

អស់គ្មានសល់។

4 នៅគ្រានោះ កូនចៅអ៊ីស្រា‌អែល

និងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នា

ពួកគេដើរផង យំផង

ហើយស្វែងរកព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-។

5 ពួកគេនឹងស៊ើប‌សួររកផ្លូវទៅក្រុងស៊ីយ៉ូន

ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។

ពួកគេរួមរស់ជាមួយព្រះ‌អម្ចាស់

ដោយចងសម្ពន្ធ‌មេត្រី

ដែលនៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច

ជាសម្ពន្ធ‌មេត្រីដែលពួកគេមិនបំភ្លេចឡើយ។

6 ប្រជា‌ជនរបស់យើងប្រៀបបាននឹងហ្វូងចៀម

ដែលវង្វេងបាត់។

ពួកគង្វាលបាននាំពួកគេឲ្យវង្វេង

ដោយពង្វាងទៅតាមភ្នំនានា។

ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយ

រហូតដល់ភ្លេចក្រោលរបស់ខ្លួន។

7 អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់

ហើយបច្ចា‌មិត្តរបស់ពួកគេពោលថា:

“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ

ព្រោះពួកគេបានប្រព្រឹត្តអំពើបាប

ទាស់នឹងព្រះ‌ហឫទ័យរបស់ព្រះ‌អម្ចាស់!”។

ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះ‌អម្ចាស់

ដែលជាប្រភពនៃសេចក្ដីសុចរិត។

8 ចូរនាំគ្នារត់ចេញពីក្រុងបាប៊ី‌ឡូន

ចូរចាកចេញពីស្រុកខាល់ដេ!

ចូរធ្វើដូចជាពពែឈ្មោល

ដែលនៅខាងមុខហ្វូងចៀម។

9 យើងនឹងប្រមូលប្រជា‌ជាតិនានា

ដែលជាមហាអំណាច ពីស្រុកខាងជើង

ឲ្យមកវាយលុកក្រុងបាប៊ី‌ឡូន។

ប្រជា‌ជាតិទាំងនោះនឹងរៀបក្បួនទ័ព

វាយយកក្រុងនេះ

ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ

គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ

ដែលឥតត្រឡប់មកវិញ

ដោយពុំបានប្រហារជីវិតមនុស្សឡើយ។

10 ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេ

ហើយអស់អ្នកដែលរឹបអូសយកសម្បត្តិ

របស់ស្រុកនោះ មុខជាបានស្កប់‌ស្កល់មិនខាន

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

11 ជន‌ជាតិបាប៊ី‌ឡូនអើយ អ្នករាល់គ្នាបានរឹបអូស

យកទ្រព្យសម្បត្តិនៃប្រជា‌ជនរបស់យើង

ម្ដេចក៏មិននាំគ្នារីក‌រាយ និងលោតកព្ឆោងទៅ!

ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង

ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!

12 ក្រុងបាប៊ី‌ឡូនជាម្ដាយរបស់អ្នករាល់គ្នា

នឹងត្រូវអាម៉ាស់ ហើយបាក់មុខ។

បាប៊ី‌ឡូននឹងក្លាយទៅជាប្រជា‌ជាតិមួយ

អន់ជាងគេបំផុត

ទឹកដីរបស់គេក្លាយទៅជាទីស្មសាន

ជាដីហួត‌ហែង និងជាព្រៃល្បោះ»។

13 ដោយ‌សារព្រះ‌ពិរោធរបស់ព្រះ‌អម្ចាស់

បាប៊ី‌ឡូននឹងក្លាយទៅជាកន្លែងដែល

គ្មាននរណារស់នៅ

គឺក្រុងបាប៊ី‌ឡូនទាំងមូលនឹងវិនាសហិន‌ហោច

អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ

ហើយស្រឡាំង‌កាំង

ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។

14 ទ័ពបាញ់ព្រួញអើយ ចូរតំរៀបគ្នាវាយលុក

និងព័ទ្ធជុំ‌វិញក្រុងបាប៊ី‌ឡូនទៅ!

ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះ

ដោយឥតខ្លាចខាតព្រួញឡើយ

ដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាប

ប្រឆាំងនឹងព្រះ‌អម្ចាស់!

15 ចូរស្រែកជយ‌ឃោសពីគ្រប់ទិស‌ទី

ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។

គ្រឹះរបស់វាត្រូវកក្រើក

ហើយកំពែងរបស់វាក៏រលំដែរ

ដ្បិតព្រះ‌អម្ចាស់សង‌សឹកនឹងក្រុងនេះ

ដូច្នេះ ចូរសង‌សឹកនឹងក្រុងបាប៊ី‌ឡូន

ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល

ពួកគេធ្លាប់ប្រព្រឹត្ត។

16 ចូរកុំទុកឲ្យមានអ្នកសាបព្រោះ

ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ី‌ឡូន

ទៀតឡើយ។

រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច

ពីមុខដាវរបស់កង‌ទ័ពដែលមកវាយលុក

ហើយម្នាក់ៗវិលទៅរកប្រជា‌ជន

និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។

17 អ៊ីស្រា‌អែលប្រៀបបាននឹងចៀមវង្វេង

ដែលត្រូវហ្វូងសិង្ហដេញខាំ

មុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រា‌អែល

បន្ទាប់មក នេប៊ូ‌ក្នេសាស្ដេចស្រុកបាប៊ី‌ឡូន

ហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រា‌អែល។

18 ហេតុនេះហើយបានជាព្រះ‌អម្ចាស់នៃពិភព

ទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

មានព្រះ‌បន្ទូលថា៖

«យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ី‌ឡូន

និងស្រុករបស់គេ

ដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។

19 យើងនឹងនាំជន‌ជាតិអ៊ីស្រា‌អែលឲ្យ

វិលត្រឡប់មកស្រុករបស់ខ្លួនវិញ

ពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសាន

ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌

នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។

20 នៅគ្រានោះ គេរកមើលកំហុសរបស់

ជន‌ជាតិអ៊ីស្រា‌អែលលែងឃើញទៀតហើយ

រីឯអំពើបាបរបស់ជន‌ជាតិយូដា

ក៏ពុំឃើញមានទៀតដែរ

ដ្បិតយើងលើក‌លែងទោសអស់អ្នកដែលយើង

ទុកឲ្យនៅសេស‌សល់ពីស្លាប់»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

21 «ចូរឡើងទៅវាយលុកស្រុកមេរ៉ា‌ថែម

វាយលុកអ្នកស្រុកពេកូដ

ចូរកម្ទេច និងប្រហារពួកគេ

ឥតទុកឲ្យនៅសល់អ្វីឡើយ

ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង

បានបង្គាប់ដល់អ្នក»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

22 នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាម

និងមហន្ត‌រាយ។

23 បាប៊ី‌ឡូនដែលប្រៀបដូចជាញញួរដំកម្ទេច

ផែនដីទាំងមូល

បែរជាបាក់បែកខ្ទេច‌ខ្ទីអស់!

ម្ដេចក៏បាប៊ី‌ឡូនក្លាយទៅជាទីស្មសាន

ក្នុងចំណោមប្រជា‌ជាតិនានាដូច្នេះ!

24 បាប៊ី‌ឡូនអើយ យើងបានដាក់អន្ទាក់អ្នក

ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន

ពេលគេឃើញអ្នក គេចាប់យកភ្លាម

ព្រោះអ្នកហ៊ានរករឿងព្រះ‌អម្ចាស់។

25 ព្រះ‌អម្ចាស់បានបើកឃ្លាំងរបស់ព្រះ‌អង្គ

ហើយយកគ្រឿងសស្ត្រា‌វុធ

នៃព្រះ‌ពិរោធចេញមក

ដ្បិតព្រះ‌អម្ចាស់នៃពិភពទាំងមូលត្រូវការប្រើ

គ្រឿងសស្ត្រា‌វុធទាំងនេះ នៅស្រុកខាល់ដេ។

26 ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដី

ដើម្បីវាយប្រហារបាប៊ី‌ឡូន

ចូរបើកជង្រុករបស់ពួកគេ

ចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់

ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់

កុំទុកឲ្យនៅសេស‌សល់អ្វីឡើយ។

27 ចូរសម្លាប់មេ‌ទ័ពទាំងអស់នៅស្រុកនោះ

ដូចគោដែលគេសម្លាប់នៅទីសត្ត‌ឃាត!

ពួកគេមុខជាវេទនាពុំ‌ខាន

ដ្បិតថ្ងៃដែលពួកគេទទួលទារុណ‌កម្ម

មកដល់ហើយ។

28 ប្រជា‌ជនដែលរត់ភៀសខ្លួនចេញពីក្រុង

បាប៊ី‌ឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា

ព្រះ‌អម្ចាស់ជាព្រះនៃយើង ទ្រង់សង‌សឹកហើយ

គឺព្រះ‌អង្គសង‌សឹកពួកបាប៊ី‌ឡូន

ព្រោះគេបានកម្ទេចព្រះ‌វិហាររបស់ព្រះ‌អង្គ!

29 ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ

ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ី‌ឡូន

ចូរបោះទ័ពជុំ‌វិញក្រុងនេះ

កុំឲ្យនរណាម្នាក់រត់រួចឡើយ។

ចូរសងពួកបាប៊ី‌ឡូនវិញ តាមអំពើរបស់ពួកគេ

ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា

ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ

ដ្បិតពួកគេវាយ‌ឫកព្រហើនដាក់ព្រះ‌អម្ចាស់

ជាព្រះដ៏‌វិសុទ្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល។

30 «ហេតុនេះហើយបានជានៅថ្ងៃនោះ

យុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវ

រីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

31 ក្រុងបាប៊ី‌ឡូនដ៏ព្រហើនអើយ

យើងនឹងដាក់ទោសអ្នក

ថ្ងៃដែលអ្នកទទួលទារុណ‌កម្មមកដល់ហើយ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ជាព្រះនៃពិភពទាំងមូល។

32 ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល

គ្មាននរណាជួយលើកវាឡើងវិញទេ

យើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ី‌ឡូន

ហើយភ្លើងនឹងឆាប‌ឆេះគ្រប់ទិស‌ទី»។

33 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖

«ប្រជា‌ជនអ៊ីស្រា‌អែល និងប្រជា‌ជនយូដា

ត្រូវបាប៊ី‌ឡូនសង្កត់‌សង្កិនរួមជាមួយគ្នា

អស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយ

នៅតែឃុំពួកគេទុកដដែល

មិនព្រមលែងពួកគេឡើយ»។

34 ប៉ុន្តែ ព្រះដែលលោះពួកគេ

ទ្រង់ប្រកបដោយឫទ្ធា‌នុភាព

ព្រះ‌អង្គមាននាមថា

ព្រះ‌អម្ចាស់នៃពិភពទាំងមូល។

ព្រះ‌អង្គពិតជារកយុត្តិធម៌ឲ្យពួកគេ

ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ

អ្នកស្រុកបាប៊ី‌ឡូនកើតចលាចល។

35 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ចូរយកដាវទៅប្រហារជន‌ជាតិខាល់ដេ

អ្នកក្រុងបាប៊ី‌ឡូន

ព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។

36 ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!

អ្នកទាំងនោះជាមនុស្សវិកល‌ចរិត!

ចូរយកដាវទៅប្រហារទាហានដ៏

ខ្លាំងពូកែរបស់ពួកគេ

អ្នកទាំងនោះត្រូវរលំហើយ!

37 ចូរយកដាវទៅប្រហារសេះ

និងរទេះចំបាំងរបស់ពួកគេ

ហើយប្រហារជនបរទេសដែលមកជួយច្បាំង

រួមជាមួយពួកគេដែរ!

អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!

ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ

ហើយរឹបអូសយកទាំងអស់ទៅ!

38 ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ

ឲ្យរីងស្ងួត!

ដ្បិតស្រុកនេះពោរ‌ពេញដោយរូបបដិមា

ពួកគេវង្វេង‌វង្វាន់ទៅតាមរូបទីង‌មោង

ដ៏គំរក់របស់ខ្លួន។

39 ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ

នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ

សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ

គ្មានមនុស្សរស់នៅ

អស់‌កល្បជាអង្វែងតរៀងទៅ។

40 ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ា

ព្រមទាំងក្រុងឯទៀតៗ

ដែលព្រះ‌ជាម្ចាស់បានបំផ្លាញ

គឺគ្មាននរណាមករស់នៅទៀតឡើយ

ហើយក៏គ្មានមនុស្សណាមកតាំងទីលំ‌នៅ

ទៀតដែរ»។

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

41 មើល៍! មានកង‌ទ័ពមកពីទិសខាងជើង

ប្រជា‌ជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំង‌ឡាយ

ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី

42 ពួកគេលើកធ្នូ លើកលំពែងឡើង

ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ

សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ

ពួកគេជិះសេះមក

ហើយតំរៀបគ្នាជាក្បួនទ័ព

ដើម្បីវាយលុកក្រុងបាប៊ី‌ឡូន!

43 ស្ដេចស្រុកបាប៊ី‌ឡូនបានឮដំណឹងនេះ

ក៏ទន់ដៃទន់ជើង អន្ទះ‌សា

និងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។

44 សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់

ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា

យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ី‌ឡូន

រត់ចេញទៅរហ័សយ៉ាងនោះដែរ។

យើងនឹងតែង‌តាំងអ្នកគ្រប់‌គ្រងដែលយើងបាន

ជ្រើសរើសឲ្យគ្រប់‌គ្រងលើស្រុកនេះ។

តើមាននរណាអាចផ្ទឹមស្មើនឹងយើង?

តើនរណាហ៊ានប្ដឹងយើង?

តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?

45 ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលព្រះ‌អម្ចាស់

សម្រេចធ្វើ ចំពោះបាប៊ី‌ឡូន

និងគម្រោង‌ការដែលព្រះ‌អង្គគ្រោងទុក

ដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ!

សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ

ដូចកូនចៀមដែលគេកៀរយកទៅ

ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ

ឲ្យហិន‌ហោចទៀតផង។

46 ពេលក្រុងបាប៊ី‌ឡូនរលំ ផែនដីក៏កក្រើក

មានសម្រែកលាន់ឮឡើងក្នុងចំណោម

ប្រជា‌ជាតិទាំង‌ឡាយ។