យេរេមា 49

ព្រះ‌បន្ទូលស្ដីអំពីជន‌ជាតិអាំម៉ូន

1 នេះជាព្រះ‌បន្ទូលស្ដីអំពីជន‌ជាតិអាំម៉ូន។

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«តើអ៊ីស្រា‌អែលគ្មានកូនតពូជទេឬ?

ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី

កាដដូច្នេះ?

ហេតុអ្វីបានប្រជា‌ជនរបស់ព្រះម៉ូឡុក

មករស់នៅក្នុងក្រុងនានានៃស្រុកកាដ?

2 ហេតុនេះ នៅគ្រាខាងមុខ

យើងនឹងឲ្យសង្គ្រាមកើតមានដល់

ជន‌ជាតិអាំម៉ូននៅក្រុងរ៉ាបាត់

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

ក្រុងនោះនឹងក្លាយទៅជាទីស្មសាន

ហើយក្រុងទាំង‌ឡាយដែលនៅជុំ‌វិញនឹងត្រូវ

វិនាសដោយភ្លើង។

ពេលនោះ អ៊ីស្រា‌អែលនឹងយកទឹកដីដែល

ជន‌ជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

3 អ្នកក្រុងហេស‌បូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ

ដ្បិតក្រុងអៃវិនាសសូន្យហើយ!

អ្នកក្រុងទាំង‌ឡាយដែលនៅជុំ‌វិញរ៉ាបាតអើយ

ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ

ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង

ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា

ត្រូវគេចាប់យកទៅជាឈ្លើយ

ជាមួយពួកបូជា‌ចារ្យ និងពួកមន្ត្រី។

4 ប្រជា‌ជនដែលបះ‌បោរអើយ

ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ

របស់អ្នកដូច្នេះ?

ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។

អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន

ដោយពោលថា

“តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។

5 យើងនឹងធ្វើឲ្យភយន្ត‌រាយពីគ្រប់ទិស‌ទី

កើតមានដល់អ្នក

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់នៃ

ពិភពទាំងមូល។

អ្នករាល់គ្នាត្រូវខ្ចាត់‌ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ

គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។

6 ប៉ុន្តែ ក្រោយមក

យើងនឹងស្ដារស្រុកអាំម៉ូនឡើងវិញ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូលស្ដីអំពីជន‌ជាតិអេដុម

7 នេះជាព្រះ‌បន្ទូលស្ដីអំពីស្រុកអេដុម។

ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖

«តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ?

តើប្រជា‌ជននៅក្រុងនេះបាត់បង់

គំនិតយោបល់អស់ហើយឬ?

តើពួកគេអាប់ប្រាជ្ញាឬ?

8 អ្នកក្រុងដេដាន់អើយ

ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ

ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ!

ដ្បិតយើងនឹងធ្វើឲ្យមហន្ត‌រាយកើតមាន

ដល់ពូជ‌ពង្សរបស់អេសាវ

គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។

9 ប្រសិនបើពួកបេះផ្លែទំពាំង‌បាយជូរ

មកដល់ស្រុកអ្នក

គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។

ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់

គេនឹងយកអ្វីៗដែលគេអាចយកបាន។

10 យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ

យើងនឹងបើកកកាយកន្លែងដែលគេពួន

គឺគេពុំអាចពួនតទៅទៀតបានឡើយ។

ពូជ‌ពង្ស បង‌ប្អូន ព្រមទាំងអ្នកជិតខាងរបស់គេ

នឹងត្រូវអន្តរាយ។

គ្មាននៅសល់នរណាម្នាក់ពោលថា:

11 “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ

ខ្ញុំនឹងចិញ្ចឹមពួកវា

ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ

ក៏អាចទុកចិត្តលើខ្ញុំដែរ”»។

12 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក!

13 យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជា‌ជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំ‌វិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

14 ព្រះ‌អម្ចាស់ប្រទានដំណឹងមកខ្ញុំ

ព្រះ‌អង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ

ប្រកាសហៅប្រជា‌ជាតិនានាថា

ចូរប្រមូលគ្នាមកប្រហារស្រុកអេដុម

ចូរក្រោកឡើង វាយលុកស្រុកនេះទៅ!

15 «អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅ

ជាប្រជា‌ជាតិមួយតូចជាងគេ

ជាប្រជា‌ជាតិដែលមនុស្សលោកមើល‌ងាយ។

16 ចិត្តអួត‌អាងរបស់អ្នកបញ្ឆោតខ្លួនឯង

តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ

អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ

ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក

ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី

ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

17 «ស្រុកអេដុមនឹងវិនាសហិន‌ហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ហើយស្រឡាំង‌កាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។

18 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំ‌វិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជា‌ជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។

19 សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់

ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា

យើងក៏នឹងធ្វើឲ្យប្រជា‌ជនរត់ចេញពី

ស្រុកអេដុមរហ័សយ៉ាងនោះដែរ។

យើងនឹងតែង‌តាំងអ្នកគ្រប់‌គ្រងដែលយើងបាន

ជ្រើសរើសឲ្យគ្រប់‌គ្រងលើស្រុកនេះ។

តើមាននរណាអាចផ្ទឹមស្មើនឹងយើង?

តើនរណាហ៊ានប្ដឹងយើង?

តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។

20 ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល

ព្រះ‌អម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុម

និងគម្រោង‌ការដែលព្រះ‌អង្គគ្រោងទុក

ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន!

សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ

ដូចកូនចៀមដែលគេកៀរយកទៅ

ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ

ឲ្យហិន‌ហោចទៀតផង។

21 ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក

សម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។

22 សត្រូវមកវាយប្រហារ

ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា

នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់‌អាច

នៃជន‌ជាតិអេដុម នឹងឈឺចុកចាប់

ដូចស្ត្រីហៀបនឹងសម្រាលកូន»។

ព្រះ‌បន្ទូលស្ដីអំពីក្រុងដាម៉ាស់

23 នេះជាព្រះ‌បន្ទូលស្ដីអំពីក្រុងដាម៉ាស់។

«អ្នកក្រុងហា‌ម៉ាត់ និងអ្នកក្រុងអើផាត

ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ

ពួកគេញ័ររន្ធត់យ៉ាងខ្លាំង

ពួកគេអន្ទះ‌អន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល

គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។

24 អ្នកក្រុងដាម៉ាស់ធ្លាក់ទឹកចិត្ត

ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន

ពួកគេភ័យតក់‌ស្លុតឈឺចុកចាប់

អន្ទះ‌អន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។

25 តើក្រុងដ៏ល្បី‌ល្បាញ ក្រុងដ៏សប្បាយនេះ

ត្រូវគេបោះបង់ចោលមែនឬ?

26 នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវ

ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

27 យើងនឹងដុតកំពែងក្រុងដាម៉ាស់

ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់

ស្ដេចបេនហា‌ដាដ»។

ព្រះ‌បន្ទូលស្ដីអំពីស្រុកកេដារ

28 នេះជាព្រះ‌បន្ទូលស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន វាយយកបាន។

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ

ចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះ

ឲ្យអន្តរាយទៅ!

29 ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ

ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ

ឥវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។

ចូរស្រែកដាក់ពួកគេថា

ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!

30 អ្នកស្រុកហាសោរអើយ

ចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿន

ហើយពួនក្នុងរូងភ្នំទៅ!

ដ្បិតនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន

បានសម្រេចរៀប‌ចំគម្រោង‌ការវាយប្រហារ

អ្នករាល់គ្នាហើយ។

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

31 ចូរក្រោកឡើងទៅវាយលុកប្រជា‌ជាតិ

ដែលរស់នៅយ៉ាងសុខ‌សាន្ត គ្មានកង្វល់អ្វី

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

ដ្បិតទីលំ‌នៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ

គេរស់នៅដាច់តែឯង។

32 ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ

ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន

របស់ពួកគេ ទុកជាជយ‌ភ័ណ្ឌទៀតផង។

យើងនឹងកំចាត់ប្រជា‌ជនដែលកោរជើងសក់

ឲ្យខ្ចាត់‌ខ្ចាយទៅគ្រប់ទិសតំបន់

យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិស‌ទី

កើតមានដល់ពួកគេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

33 ស្រុកហាសោរនឹងក្លាយទៅជា ជម្រករបស់ឆ្កែព្រៃ

ជាទីស្មសានរហូតតទៅ

គឺនឹងគ្មានប្រជា‌ជនរស់នៅ

ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ

នៅទៀតដែរ»។

ព្រះ‌បន្ទូលស្ដីអំពីស្រុកអេឡាំ

34 នៅដើមរជ្ជកាលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ:

35 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖

«យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បី‌ល្បាញ

របស់ជន‌ជាតិអេឡាំ។

36 យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស

បក់មកលើស្រុកអេឡាំ

យើងឲ្យខ្យល់ទាំងនោះកំចាត់ពួកគេ

ខ្ចាត់‌ខ្ចាយទៅគ្រប់ទិស‌ទី

ជន‌ជាតិអេឡាំទៅនៅក្នុងចំណោម

ប្រជា‌ជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។

37 យើងនឹងធ្វើឲ្យជន‌ជាតិអេឡាំញ័ររន្ធត់

នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ

អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។

យើងនឹងនាំទុក្ខវេទនាមកលើពួកគេ

ដោយកំហឹងដ៏ខ្លាំង‌ក្លារបស់យើង

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ

រហូតទាល់តែប្រល័យជីវិតពួកគេ

អស់គ្មានសល់។

38 យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ

យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

39 ប៉ុន្តែ នៅគ្រាក្រោយ

យើងនឹងស្ដារស្រុកអេឡាំឡើងវិញ»។