យេរេមា 47

ព្រះ‌បន្ទូលស្ដីអំពីជន‌ជាតិភីលីស្ទីន

1 នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជន‌ជាតិភីលីស្ទីន មុនពេលព្រះ‌ចៅផារ៉ោនមកវាយក្រុងកាសា។

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«មានទឹកជន់ឡើងនៅទិសខាងជើង

ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង

លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក

លិចក្រុងនានា និងប្រជា‌ជននៅក្នុងក្រុង។

មនុស្ស‌ម្នានាំគ្នាស្រែក

អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់

3 ព្រោះឮស្នូរសន្ធឹកជើងសេះ

និងសន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹង

អឹង‌អាប់ដូចផ្គរ‌លាន់។

ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល

មកកូនរបស់ខ្លួនទៀត។

4 ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិន‌ហោច

បានមកដល់ហើយ!

ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន

លែងមាននរណាអាចជួយទៀតឡើយ

ដ្បិតព្រះ‌អម្ចាស់កម្ទេចស្រុកភីលីស្ទីន

គឺពួកអ្នកដែលនៅសេស‌សល់ពីកោះកាប់‌ថោរ។

5 ក្រុងកាសាគ្មាននៅសល់អ្វីសោះ

ក្រុងអាស្កា‌ឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។

អ្នកស្រុកវាលទំនាប ដែលនៅសេស‌សល់អើយ

តើអ្នកនៅតែឆូតសាច់របស់ខ្លួន

ដល់កាលណាទៀត?

6 អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះ‌អម្ចាស់អើយ

ដល់ពេលណាទើបសម្រាក?

ចូរចូលទៅក្នុងស្រោមវិញ

ហើយសម្រាកឲ្យស្ងៀមទៅ!”

7 បើព្រះ‌អម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ

ក្រុងអាស្កា‌ឡូន

និងតំបន់តាមមាត់សមុទ្រហើយនោះ

តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន?

វាត្រូវតែតម្រង់ទៅរកទីនោះ!»។