យេរេមា 40

លោកយេរេមាមានសេរី‌ភាព

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ក្រោយពេលដែលលោកនេប៊ូ‌សារ៉ា‌ដាន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូ‌សារ៉ា‌ដានឲ្យគេទៅនាំលោកយេរេមាមកនោះ លោកជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូ‌សាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ី‌ឡូន។

2 លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមាមក ហើយគាត់ពោលទៅលោកថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់លោក បានសម្រេចនាំមហន្ត‌រាយមកលើទឹកដីនេះ។

3 ព្រះ‌អម្ចាស់បានធ្វើឲ្យមហន្ត‌រាយកើតមាន ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យរបស់ព្រះ‌អម្ចាស់អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គទេ។ អ្វីៗដែលព្រះ‌អង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។

4 ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ី‌ឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ី‌ឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។

5 ពេលឃើញលោកយេរេមានៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូ‌សារ៉ា‌ដានក៏ពោលទៀតថា៖ «សុំលោកវិលទៅជួបនឹងលោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម និងជាចៅរបស់លោកសាផាន ដែលព្រះចៅក្រុងបាប៊ី‌ឡូនបានតែង‌តាំងឲ្យគ្រប់‌គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជា‌ជនទៅ ឬមួយលោកចង់ទៅកន្លែងណាផ្សេងទៀត តាមចិត្តលោកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងជំនូនខ្លះទៀត ជូនលោក ហើយប្រាប់ឲ្យលោកចេញទៅ។

6 លោកយេរេមាក៏ទៅជួបលោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជា‌ជនដែលរស់នៅក្នុងស្រុកនៅឡើយ។

លោកកេដា‌លាគ្រប់‌គ្រងស្រុកយូដា

7 កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ី‌ឡូនបានតែង‌តាំងលោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាមឲ្យគ្រប់‌គ្រងស្រុក ហើយផ្ទុក‌ផ្ដាក់លោកឲ្យមើលខុសត្រូវលើប្រជា‌ជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ី‌ឡូន។

8 ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដា‌លានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មា‌អែលជាកូនរបស់លោកនេថា‌នា លោកយ៉ូហាណាន និងលោកយ៉ូណា‌ថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូ‌មែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូ‌ផា និងលោកយេសា‌នាជាកូនរបស់ពួកម៉ាកា‌ទី ព្រមទាំងទាហានរបស់ពួកគេ។

9 លោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម និងជាចៅរបស់លោកសាផាន ប្រកាសយ៉ាងឱឡា‌រិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជន‌ជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ី‌ឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។

10 ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំង‌បាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។

11 រីឯជន‌ជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ី‌ឡូនទុកប្រជា‌ជនមួយចំនួនដែលនៅសេស‌សល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែង‌តាំងលោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់‌គ្រងលើអ្នកទាំងនោះដែរ។

12 ដូច្នេះ ជន‌ជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់‌ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដា‌លា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំង‌បាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។

លោកកេដា‌លាត្រូវគេធ្វើឃាត

13 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដា‌លានៅមីសប៉ា

14 ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជន‌ជាតិអាំម៉ូន ចាត់លោកអ៊ីស្មា‌អែលជាកូនរបស់លោកនេថា‌នា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម មិនជឿពាក្យអ្នកទាំងនោះទេ។

15 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដា‌លាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មា‌អែល ជាកូនរបស់លោកនេថា‌នាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជន‌ជាតិយូដាដែលប្រមូលគ្នានៅជុំ‌វិញលោក ត្រូវខ្ចាត់‌ខ្ចាយ និងឲ្យជន‌ជាតិយូដាដែលនៅសេស‌សល់ ត្រូវវិនាសអន្តរាយនោះឡើយ»។

16 លោកកេដា‌លា ជាកូនរបស់លោកអហ៊ី‌កាម តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះឲ្យសោះ ដ្បិតសេចក្ដីដែលលោកពោលអំពីលោកអ៊ីស្មា‌អែលនោះ មិនពិតទេ!»។