យេរេមា 27

លោកយេរេមាយកនឹមមកដាក់លើស្មា

1 នៅដើមរជ្ជកាលព្រះ‌បាទសេដេ‌គា បុត្រព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ដូចតទៅ:

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។

3 បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជ‌ទូត ដែលមកគាល់សេដេ‌គា ជាស្ដេចស្រុកយូដា នៅក្រុងយេរូ‌សាឡឹម។

4 ចូរផ្ដាំអ្នកទាំងនោះឲ្យទៅប្រាប់ស្ដេចរបស់ខ្លួនថា:ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា

5 យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិ‌ឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។

6 ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូ‌ក្នេសា ស្ដេចស្រុកបាប៊ី‌ឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំង‌ឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចនេប៊ូ‌ក្នេសាដែរ។

7 ប្រជា‌ជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូ‌ក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូ‌ក្នេសាត្រូវប្រជា‌ជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។

8 ប្រសិនបើមានប្រជា‌ជាតិណាមួយមិនព្រមបម្រើនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ី‌ឡូនទេនោះ យើងនឹងដាក់ទោសប្រជា‌ជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្ន‌រោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាស‌សូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូ‌ក្នេសា – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

9 រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូ‌ក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ

10 ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកំចាត់‌កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។

11 ផ្ទុយទៅវិញ បើប្រជា‌ជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្ដេចស្រុកបាប៊ី‌ឡូន យើងនឹងឲ្យប្រជា‌ជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

12 ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដា ដូចតទៅ: សូមព្រះ‌ករុណា និងប្រជា‌ជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ី‌ឡូន សូមបម្រើស្ដេច និងប្រជា‌រាស្ត្រនោះទៅ ទើបព្រះ‌ករុណា និងប្រជា‌ជនយូដាបានរួចជីវិត។

13 មិនគួរឲ្យព្រះ‌ករុណា និងប្រជា‌ជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្ន‌រោគ ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទុកអំពីប្រជា‌ជាតិ ដែលពុំព្រមបម្រើស្ដេចស្រុកបាប៊ី‌ឡូននោះឡើយ។

14 សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្ដេចស្រុកបាប៊ី‌ឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។

15 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកំចាត់‌កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែង‌ក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំ‌ខាន។

16 ខ្ញុំបានប្រាប់ក្រុមបូជា‌ចារ្យ និងប្រជា‌ជនទាំងមូលដូចតទៅ:ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើ‌ប្រាស់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នឹងត្រូវគេនាំយកពីស្រុកបាប៊ី‌ឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។

17 កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្ដេចស្រុកបាប៊ី‌ឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយឲ្យក្រុងនេះវិនាសឡើយ។

18 ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះ‌អម្ចាស់ពិតជាមានព្រះ‌បន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូល‌អង្វរព្រះ‌អម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេស‌សល់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូ‌សាឡឹម បានគង់‌វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ី‌ឡូនឡើយ។

19 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេស‌សល់ក្នុងក្រុងនេះ

20 គឺរបស់ដែលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន ពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ព្រះ‌បាទយេកូ‌នាស បុត្ររបស់ព្រះ‌បាទយេហូ‌យ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូ‌សាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូ‌សាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ី‌ឡូន។

21 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូ‌សាឡឹមថា:

22 គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ី‌ឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។