យេរេមា 25

ស្រុកបាប៊ី‌ឡូននឹងធ្វើជាមហាអំណាចចិត‌សិបឆ្នាំ

1 នេះជាសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជន‌ជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម ជាបុត្ររបស់ព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន។

2 លោកយេរេមាប្រកាសព្រះ‌បន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូ‌សាឡឹមទាំងមូល ដូចតទៅ:

3 ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះ‌បាទយ៉ូសៀស បុត្ររបស់ព្រះ‌បាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះ‌បន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។

4 ព្រះ‌អម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះ‌អង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រង‌ត្រាប់ស្ដាប់ឡើយ។

5 លោកទាំងនោះប្រកាសព្រះ‌បន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលព្រះ‌អម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។

6 កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយ‌បង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។

7 ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលឲ្យអ្នករាល់គ្នាត្រូវវេទនា។

8 ហេតុនេះហើយបានជាព្រះ‌អម្ចាស់នៃពិភពទាំងមូល មានព្រះ‌បន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ

9 យើងនឹងចាត់គេទៅហៅប្រជា‌ជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូ‌ក្នេសា ស្ដេចស្រុកបាប៊ី‌ឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជា‌ជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជា‌ជាតិនានាដែលនៅជុំ‌វិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្ស‌ម្នាឃើញមហន្ត‌រាយដែលកើតមាន គេស្រឡាំង‌កាំងគ្រប់ៗគ្នា។

10 យើងនឹងធ្វើឲ្យសម្រែកក្អាក‌ក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍‌ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។

11 ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិន‌ហោច ហើយប្រជា‌ជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ី‌ឡូន អស់រយៈពេលចិត‌សិបឆ្នាំ។

12 លុះរយៈពេលចិត‌សិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ី‌ឡូន ព្រមទាំងប្រជា‌ជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។

13 យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជា‌ជាតិទាំងអស់។

14 យើងក៏ឲ្យប្រជា‌ជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ី‌ឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នា‌ដៃដែលគេបានសូនធ្វើ»។

ព្រះ‌អម្ចាស់ដាក់ទោសនគរទាំងអស់នៅលើផែនដី

15 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជា‌ជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។

16 ចូរឲ្យពួកគេផឹក ហើយធីង‌ធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។

17 ខ្ញុំទទួលយកពែងពីព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់ហើយបង្អកប្រជា‌ជាតិទាំងអស់ ដែលព្រះ‌អង្គចាត់ខ្ញុំឲ្យទៅរកនោះ

18 គឺក្រុងយេរូ‌សាឡឹម និងក្រុងទាំង‌ឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្ស‌ម្នាឃើញគេស្រឡាំង‌កាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាព‌ការណ៍ដែលកើតមានសព្វថ្ងៃ។

19 ខ្ញុំក៏បង្អកព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជា‌ជនទាំងមូលរបស់ស្ដេចនោះ

20 ប្រជា‌ជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កា‌ឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេស‌សល់។

21 ស្រុកអេដុម ស្រុកម៉ូអាប់ និងជន‌ជាតិអាំម៉ូន។

22 ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំង‌ឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។

23 ស្រុកដេដាន់ ស្រុកថេម៉ា ស្រុកប៊ូស និងប្រជា‌ជនទាំងប៉ុន្មានដែលកោរជើងសក់។

24 ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ ស្ដេចរបស់ប្រជា‌ជនភាគតិចទាំងប៉ុន្មាន ដែលរស់នៅតាមវាលរហោ‌ស្ថាន។

25 ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី

26 ស្ដេចទាំងអស់នៅស្រុកខាងជើង ទោះបីនៅជិត ឬឆ្ងាយក្ដី ឥតមានខ្វះនរណាឡើយ ព្រមទាំងនគរទាំងអស់នៅលើផែនដី គឺអស់អ្នកដែលរស់ក្នុងលោកនេះទាំងមូល។ នៅទីបំផុត ស្ដេចក្រុងសេសាក់ នឹងសោយស្រាពីពែងនេះក្រោយគេបង្អស់។

27 «អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែលមានព្រះ‌បន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”

28 ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!

29 ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនបានឡើយ យើងមិនអត់‌អោនឲ្យអ្នករាល់គ្នាទេ យើងនឹងប្រើគេឲ្យទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល”។

30 រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា:

“ព្រះ‌អម្ចាស់គំរាមពីលើមេឃមក

ព្រះ‌អង្គបន្លឺព្រះ‌សូរសៀងពីព្រះ‌ដំណាក់ដ៏‌វិសុទ្ធ

ព្រះ‌អង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះ‌អង្គ

ព្រះ‌អង្គស្រែកដាក់ទោស

ប្រជា‌ជននៅលើផែនដីទាំងមូល

ដូចគេស្រែកហ៊ោ

នៅពេលគាបផ្លែទំពាំង‌បាយជូរ។

31 ព្រះ‌សូរសៀងរបស់ព្រះ‌អង្គលាន់ឮ

រហូតដល់ចុងផែនដី

ដ្បិតព្រះ‌អម្ចាស់មានសំណុំរឿងចោទប្រកាន់

ប្រជា‌ជាតិទាំងអស់

ព្រះ‌អង្គកាត់ក្ដីមនុស្សលោកទាំងមូល។

ព្រះ‌អង្គប្រគល់មនុស្សមានទោស

ទៅឲ្យគេប្រហារដោយមុខដាវ”»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

32 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូល

ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជា‌ជាតិមួយ

ទៅប្រជា‌ជាតិមួយទៀត។

ព្យុះសង្ឃរាមួយនឹងបក់បោកមកពី

ទីដាច់ស្រយាលនៃផែនដី។

33 នៅថ្ងៃនោះ សាក‌សពរបស់អស់អ្នកដែលព្រះ‌អម្ចាស់ប្រហារនឹងស្ថិតនៅពាស‌ពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាក‌សពពួកគេនឹងក្លាយទៅជាជីនៅលើដី។

34 ពួកគង្វាលអើយ

ចូរស្រែកឲ្យអស់ទំហឹងទៅ!

អ្នកដឹកនាំហ្វូងចៀមអើយ

ចូរននៀលនៅលើដី

ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា

មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាន

នឹងថូដ៏មានតម្លៃដែលធ្លាក់បែក។

35 គ្មានជម្រកសម្រាប់ពួកគង្វាលទៀតទេ!

គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំ

ហ្វូងចៀមទៀតឡើយ!

36 សំឡេងយំសោករបស់ពួកគង្វាល

និងសម្រែករបស់អ្នកដឹកនាំហ្វូងចៀម

បានលាន់ឮឡើង

ដ្បិតព្រះ‌អម្ចាស់កម្ទេចវាលស្មៅរបស់ពួកគេ។

37 ព្រះ‌ពិរោធដ៏ខ្លាំងក្លារបស់ព្រះ‌អម្ចាស់

ធ្វើឲ្យក្រោលដែលធ្លាប់តែសុខ‌សាន្ត

ក្លាយទៅជាទីស្ងាត់ជ្រងំ។

38 ព្រះ‌អង្គបោះបង់ចោលស្រុករបស់ព្រះ‌អង្គ

ដូចសិង្ហបោះបង់ចោលរូងរបស់វា

ដ្បិតព្រះ‌អម្ចាស់បានកម្ទេចស្រុកនេះ

ឲ្យវិនាសអន្តរាយ ដោយ‌សារព្រះ‌ពិរោធ

ដ៏ខ្លាំងរបស់ព្រះ‌អង្គ ឥតត្រាប្រណីឡើយ។