ម៉ាឡា‌គី 4

1 ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស

ជិតមកដល់ហើយ

ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោ‌សន្ធៅ។

មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់

នឹងប្រៀបដូចជាចំបើង។

ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ

ឥតទុកឲ្យនៅសេស‌សល់អ្វីឡើយ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

2 រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ

ការសង្គ្រោះរបស់យើងនឹងលេចមក

ដូចព្រះ‌អាទិត្យរះ លើអ្នករាល់គ្នា

ទាំងប្រោសឲ្យអ្នករាល់គ្នា

បានជាសះ‌ស្បើយផង។

អ្នករាល់គ្នានឹងមានសេរី‌ភាព

អ្នករាល់គ្នាលោតយ៉ាងសប្បាយ

ដូចគោដែលចេញពីក្រោល។

3 នៅថ្ងៃដែលយើងកំណត់ទុក

អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់

ពួកគេនឹងប្រៀបដូចជាផេះ

នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

4 ចូរនឹកដល់ក្រឹត្យ‌វិន័យរបស់ម៉ូសេ

ជាអ្នកបម្រើរបស់យើង

ព្រមទាំងច្បាប់ និងវិន័យផ្សេងៗ

ដែលយើងបានប្រគល់ឲ្យ

ជន‌ជាតិអ៊ីស្រា‌អែលទាំងមូលនៅភ្នំហូរែប។

5 ចំណែកឯយើងវិញ

យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមក

មុនថ្ងៃរបស់ព្រះ‌អម្ចាស់ជាថ្ងៃដ៏ឧត្ដុង្គ‌ឧត្ដម

គួរឲ្យស្ញែងខ្លាច។

6 គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន

ហើយបង្វែរចិត្តកូនទៅរកឪពុក។

ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់

អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕