ម៉ាឡា‌គី 1

ព្រះ‌អម្ចាស់បានជ្រើសរើសជន‌ជាតិអ៊ីស្រា‌អែល

1 សេចក្ដីប្រកាស

នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់ជន‌ជាតិអ៊ីស្រា‌អែល តាមរយៈលោកម៉ាឡា‌គី។

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«យើងស្រឡាញ់អ្នករាល់គ្នា

តែអ្នករាល់គ្នាបែរជាពោលថា

“តើមានអ្វីបញ្ជាក់ថា

ព្រះ‌អង្គស្រឡាញ់យើងខ្ញុំ?”។

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី

ក៏យើងស្រឡាញ់យ៉ាកុបជាង

3 គឺយើងមិនពេញចិត្តនឹងអេសាវទេ

យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ

ក្លាយទៅជាទីស្មសាន

ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង

ទឹកដីដែលជាចំណែកមត៌ករបស់គេ។

4 ប្រសិនបើអេដុមពោលថា

“ពួកយើងនឹងសង់ស្រុក

ដែលវិនាសនេះឡើងវិញ!”

ឲ្យពួកគេសង់ទៅ!

យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។

គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត”

“ប្រជា‌ជនដែលព្រះ‌អម្ចាស់ខ្ញាល់រហូត”។

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

5 អ្នករាល់គ្នានឹងឃើញហេតុ‌ការណ៍នេះ

ហើយពោលថា: “ព្រះ‌អម្ចាស់សម្តែងមហិទ្ធិ‌ឫទ្ធិ

ហួសព្រំ‌ដែនស្រុកអ៊ីស្រា‌អែលទៅទៀត!”»។

ការថ្វាយ‌បង្គំមិនត្រឹមត្រូវ

6 «ធម្មតា កូនតែងតែគោរពឪពុក

ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។

ប្រសិនបើយើងជាបិតាមែន

ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង

ក្នុងឋានៈជាបិតា?

ប្រសិនបើយើងជាម្ចាស់មែន

ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង

ក្នុងឋានៈជាម្ចាស់?

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

រីឯអ្នករាល់គ្នា ដែលជាបូជា‌ចារ្យវិញ

អ្នករាល់គ្នាមាក់‌ងាយនាមរបស់យើង

តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់‌ងាយ

ព្រះ‌នាមរបស់ព្រះ‌អង្គត្រង់ណា?”។

7 អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង

មកដាក់នៅលើអាសនៈរបស់យើង

ហើយអ្នករាល់គ្នាពោលថា

“តើយើងខ្ញុំបានធ្វើឲ្យព្រះ‌អង្គសៅហ្មង

ត្រង់ណា?”

គឺមកពីអ្នករាល់គ្នាពោលថា:

តុរបស់ព្រះ‌អម្ចាស់មិនសូវសំខាន់ទេ!

8 ពេលអ្នករាល់គ្នាយកសត្វខ្វាក់

មកធ្វើយញ្ញ‌បូជា

តើមិនមែនជាការអាក្រក់ទេឬ?

ពេលអ្នករាល់គ្នាយកសត្វបាក់ជើង

ឬសត្វមានជំងឺមកធ្វើយញ្ញ‌បូជា

តើមិនមែនជាការអាក្រក់ទេឬ?

បើអ្នកយកសត្វបែបនេះទៅជូន

ទេសា‌ភិបាលរបស់អ្នក

តើគាត់សុខចិត្តទទួលយក

ហើយទទួលអ្នកដោយរាក់‌ទាក់ឬ?»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

9 ឥឡូវនេះ ចូរនាំគ្នាទូល‌អង្វរព្រះ‌ជាម្ចាស់

សូមព្រះ‌អង្គប្រណីសន្ដោសពួកយើង!

«បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ

តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា

ដោយរាក់‌ទាក់ឬ?

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

10 បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់

ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះ‌វិហារ

ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង

ជាអសារ‌បង់នៅលើអាសនៈរបស់យើងទៀត!

យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ

ហើយយើងក៏មិនទទួលតង្វាយពីដៃ

របស់អ្នករាល់គ្នាដែរ!

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

11 ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច

នាមរបស់យើងប្រសើរឧត្ដុង្គ‌ឧត្ដម

ក្នុងចំណោមប្រជា‌ជាតិនានា។

នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប

ដើម្បីលើកតម្កើងនាមរបស់យើង

ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង

ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គ‌ឧត្ដម

ក្នុងចំណោមប្រជា‌ជាតិនានា

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

12 ប៉ុន្តែ អ្នករាល់គ្នាបង្អាប់‌បង្អោននាមរបស់យើង

ដោយពោលថា:

“តុរបស់ព្រះ‌អម្ចាស់សៅហ្មងហើយ

មិនបាច់យកអាហារថ្លៃ‌ថ្នូរ

ទៅតម្កល់លើតុនោះទេ”។

13 អ្នករាល់គ្នាពោលថា

“ពិធីទាំងនេះគួរឲ្យធុញ‌ទ្រាន់ណាស់!”

ហើយក៏នាំគ្នាមើល‌ងាយយើង

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

អ្នករាល់គ្នាយកសត្វដែលលួចគេ

សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង

ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ

ពីដៃរបស់អ្នករាល់គ្នាកើតឬ?

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

14 ជនបោកប្រាស់មុខជាត្រូវវេទនាពុំ‌ខាន!

ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន

ហើយបែរជាយកសត្វពិការ

មកធ្វើជាយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ទៅវិញ!

យើងជាព្រះ‌មហា‌ក្សត្រដ៏ឧត្ដម

ប្រជា‌ជាតិនានាស្ញែងខ្លាចនាមរបស់យើង»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។