ម៉ាថាយ 3

លោកយ៉ូហាន‌បាទីស្ដប្រៀន‌ប្រដៅបណ្ដា‌ជន

1 នៅគ្រានោះ លោកយ៉ូហាន‌បាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោ‌ស្ថាន*ស្រុកយូដាថា៖

2 «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*មកជិតបង្កើយហើយ!»។

3 ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖

«មានសំឡេងបុរសម្នាក់ស្រែកឡើង

នៅវាលរហោ‌ស្ថានថា:

“ចូររៀបចំផ្លូវរបស់ព្រះ‌អម្ចាស់

ចូរតម្រង់ផ្លូវថ្វាយព្រះ‌អង្គ!”»។

4 លោកយ៉ូហានមានសម្លៀក‌បំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។

5 អ្នកក្រុងយេរូ‌សាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។

6 គេទទួលសារ‌ភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។

7 កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈ‌សាឌូ‌ស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះ‌ពិរោធ*របស់ព្រះ‌ជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?

8 ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។

9 កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះ‌ជាម្ចាស់អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។

10 ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។

11 ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់‌ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* និងដោយភ្លើងវិញ។

12 លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។

ព្រះ‌យេស៊ូទទួលពិធីជ្រមុជទឹក

13 ពេលនោះ ព្រះ‌យេស៊ូយាងពីស្រុកកាលី‌ឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីឲ្យលោកធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះ‌អង្គ។

14 ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។

15 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះ‌ជាម្ចាស់បានបង្គាប់ទុកមក »។ លោកយ៉ូហានក៏យល់ព្រម។

16 ពេលព្រះ‌យេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះ‌អង្គទតឃើញព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះ‌អង្គ។

17 ពេលនោះ មានព្រះ‌សូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះ‌អង្គណាស់!»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/3-824b7662fe825ca50e6068733caa96ac.mp3?version_id=85—