ម៉ាថាយ 23

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឲ្យប្រយ័ត្ននឹងពុត‌ត្បុតរបស់ពួកអាចារ្យ និងពួកខាងគណៈផារីស៊ី

1 ពេលនោះ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅកាន់មហា‌ជន និងពួកសិស្ស*ថា៖

2 «ពួកអាចារ្យ* និងពួកផារីស៊ី* មានភារ‌កិច្ចបង្រៀនគម្ពីរ‌វិន័យរបស់លោកម៉ូសេ*។

3 អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។

4 អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹង‌រ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិច‌បន្តួចក៏មិនជួយផង។

5 គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្ស‌ម្នាកោតសរ‌សើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។

6 ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់‌លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ*។

7 ពួកនេះចូលចិត្តឲ្យគេអោនកាយគោរព នៅតាមផ្សារ និងឲ្យគេហៅខ្លួនថា “ព្រះ‌គ្រូ”។

8 រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “ព្រះ‌គ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះ‌គ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបង‌ប្អូននឹងគ្នា។

9 កុំហៅនរណាម្នាក់នៅលើផែន‌ដីនេះថា “ព្រះ‌បិតា” ឲ្យសោះ ដ្បិតអ្នករាល់គ្នាមាន“ព្រះ‌បិតា”តែមួយគត់ ដែលគង់នៅស្ថានបរម‌សុខ។

10 កុំឲ្យគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះ‌គ្រិស្ដមួយព្រះ‌អង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។

11 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។

12 អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។

13 នែ៎! ពួកអាចារ្យ* និងពួកផារីស៊ី*ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូលទៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។

14 [ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាឆ‌បោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន]។

15 ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះ‌បញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួ‌ជាតិ ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។

16 ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកព្រះ‌វិហារ*ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះ‌វិហារធ្វើជាសាក្សី ទើបយកជាការបាន”។

17 មនុស្សលេ‌លា កង្វាក់អើយ! មាស និងព្រះ‌វិហារដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?

18 អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។

19 មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?

20 ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។

21 អ្នកណាស្បថដោយយកព្រះ‌វិហារជាសាក្សី អ្នកនោះមានទាំងព្រះ‌វិហារ មានទាំងព្រះ‌ជាម្ចាស់ដែលគង់នៅក្នុងព្រះ‌វិហារជាសាក្សីដែរ។

22 អ្នកណាស្បថដោយយកស្ថានបរម‌សុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់ មានទាំងព្រះ‌ជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។

23 ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាយកជីរ‌អង្កាម ជីរ‌នាង‌វង និងម្អមមួយភាគដប់មកថ្វាយព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះ‌បង់ក្រឹត្យ‌វិន័យ*សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តា‌ករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះ‌បង់ចោលប្រការឯទៀតៗ។

24 អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។

25 ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាសម្អាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរ‌ពេញទៅដោយផលដែលកើតមកពីការកេង‌ប្រវ័ញ្ច និងការលោភ‌លន់។

26 ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ*ដែរ។

27 ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរ‌ពេញទៅដោយឆ្អឹងសាក‌សព និងធាតុរលួយសព្វបែបយ៉ាង។

28 អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្តែងឫក‌ពារខាងក្រៅឲ្យមនុស្ស‌ម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរ‌ពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។

29 ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទាំងតុប‌តែងផ្នូររបស់មនុស្សសុចរិត

30 ដោយពោលថា: “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស* នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។

31 អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជ‌ពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។

32 ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ!

33 នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?

34 ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងអាចារ្យឲ្យមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងសាលាប្រជុំ* ព្រមទាំងតាមបៀត‌បៀនគេពីក្រុងមួយទៅក្រុងមួយផង។

35 ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ា‌គា ដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទី‌សក្ការៈ* និងអាសនៈ*។

36 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។

អ្នកក្រុងយេរូ‌សាឡឹមបដិសេធមិនទទួលព្រះ‌យេស៊ូ

37 «អ្នកក្រុងយេរូ‌សាឡឹម អ្នកក្រុងយេរូ‌សាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះ‌ជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។

38 ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។

39 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា:

“សូមព្រះ‌ជាម្ចាស់ប្រទានពរដល់ព្រះ‌អង្គ

ដែលយាងមកក្នុងនាមព្រះ‌អម្ចាស់!”»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/23-241c2fe5e4eb38027b55a383daa91ed5.mp3?version_id=85—