មីកា 3

ពាក្យព្រមានមេដឹកនាំ

1 ពួកមេដឹកនាំកូនចៅលោកយ៉ាកុប

និងពួកអ្នកគ្រប់‌គ្រងលើ

ពូជ‌ពង្សអ៊ីស្រា‌អែលអើយ សូមស្ដាប់ពាក្យខ្ញុំ!

អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។

2 ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ

ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។

អ្នករាល់គ្នាកេង‌ប្រវ័ញ្ចប្រជា‌ជន

រហូតដល់បកស្បែកគេ

ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។

3 អ្នករាល់គ្នាស៊ីសាច់ប្រជា‌ជនរបស់ខ្ញុំ

អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ

ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។

4 អ្នករាល់គ្នាស្រែកអង្វរព្រះ‌អម្ចាស់

តែព្រះ‌អង្គមិនឆ្លើយតបមកវិញឡើយ

ពេលនោះ ព្រះ‌អង្គគេចព្រះ‌ភ័ក្ត្រពីអ្នករាល់គ្នា

ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។

ព្រះ‌បន្ទូលប្រឆាំងនឹងព្យាការីក្លែង‌ក្លាយ

5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលស្ដីអំពីពួកព្យាការី

ដែលនាំប្រជា‌ជនរបស់ខ្ញុំឲ្យវង្វេង។

បើប្រជា‌ជនឲ្យពួកគេបរិភោគឆ្អែត

ពួកគេទាយថា មានសេចក្ដីសុខ‌សាន្ត

តែបើប្រជា‌ជនមិនឲ្យអ្វីបរិភោគទេ

ពួកគេទាយថា មានកើតសង្គ្រាម។

6 ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ

និមិត្ត‌ហេតុអស្ចារ្យទៀតហើយ

ផ្ទុយទៅវិញ មានតែយប់ងងឹត

អ្នករាល់គ្នានឹងលែងទស្សន៍‌ទាយទៀតហើយ

ផ្ទុយទៅវិញ មានតែភាពអន្ធការ

ភាពងងឹតសូន្យ‌សុងនឹងគ្របពីលើ

ព្យាការីទាំងនោះ ដូចព្រះ‌អាទិត្យលិចបាត់។

7 ពួកគ្រូទាយនឹងត្រូវបាក់មុខ

ពួកហោរានឹងត្រូវអាម៉ាស់

ពួកគេនឹងយកដៃបាំងមុខ

ដ្បិតព្រះ‌ជាម្ចាស់មិនអើពើនឹងពួកគេឡើយ។

8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរ‌ពេញដោយកម្លាំង

មកពីព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់។

ព្រះ‌អង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌

និងមានចិត្តក្លា‌ហាន

ដើម្បីប្រាប់ពូជ‌ពង្សលោកយ៉ាកុប

ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន

ហើយប្រាប់ប្រជា‌ជនអ៊ីស្រា‌អែល

ឲ្យស្គាល់អំពើបាបរបស់ខ្លួន។

9 នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប

មេដឹកនាំនៃកូនចៅលោកអ៊ីស្រា‌អែលអើយ

សូមនាំគ្នាស្ដាប់!

អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។

10 អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ

ហើយសង់ក្រុងយេរូ‌សាឡឹម

ដោយជិះ‌ជាន់សង្កត់‌សង្កិនគេ។

11 ចៅ‌ក្រមកាត់ក្ដី ដោយចង់បានសំណូក

បូជា‌ចារ្យ*បង្រៀនវិន័យ* ដោយចង់បានកំរៃ

ព្យាការីទស្សន៍‌ទាយ ដោយចង់បានប្រាក់។

ពួកគេយកព្រះ‌នាមព្រះ‌អម្ចាស់មកប្រើ

ទាំងពោលថា: “ព្រះ‌អម្ចាស់គង់នៅជាមួយយើង

មហន្ត‌រាយមិនកើតមានដល់ពួកយើងទេ”។

12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា

ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ

ហើយក្រុងយេរូ‌សាឡឹមនឹងក្លាយទៅជា

គំនរបាក់បែក

រីឯភ្នំដែលមានព្រះ‌វិហារនឹងក្លាយទៅជាព្រៃ។