មីកា 2

អ្នកធំប្រើអំណាចជិះ‌ជាន់ជនតូច‌តាច

1 អស់អ្នកដែលគិត‌គូរគម្រោង‌ការទុច្ចរិត

ព្រមទាំងដេកសញ្ជឹងគិតរកឧបាយ‌កល

លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន

សម្រេចតាមគម្រោង‌ការនេះ

មុខជាត្រូវវេទនាពុំ‌ខាន!

2 បើគេប៉ុន‌ប៉ងចង់បានស្រែចម្ការណា

គេដណ្ដើមយកស្រែចម្ការនោះ

បើគេប៉ុន‌ប៉ងចង់បានផ្ទះណា

គេរឹបអូសយកផ្ទះនោះ

គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ

ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។

3 ហេតុនេះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«យើងកំពុងតែរៀបផែន‌ការដាក់ទោស

មនុស្សប្រភេទនេះ។

ខ្មាំងនឹងជាន់កអ្នករាល់គ្នា

អ្នករាល់គ្នានឹងដើរអោនមុខ

ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។

4 នៅថ្ងៃនោះ មនុស្ស‌ម្នានឹងយករឿងរបស់អ្នក

ទៅសើចលេង

ហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា:

“ពួកយើងបាត់បង់អ្វីៗទាំងអស់!

ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង!

បច្ចា‌មិត្តដេញពួកយើងចេញពីស្រុក

រួចយកទឹកដីចែកគ្នា!”»។

5 ហេតុនេះ ពេលប្រជា‌ជនរបស់ព្រះ‌អម្ចាស់

បែងចែកដីគ្នា

គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។

អស់អ្នកដែលជំទាស់នឹងពាក្យរបស់ព្យាការី

6 មានអ្នកខ្លះពោលថា:

“កុំចេះតែនិយាយព្រោក‌ប្រាជ្ញបែបនេះ!

កុំពោលថា ពួកយើងគេចមិនផុតពី

ភាពអាម៉ាស់នោះឡើយ!

7 តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ?

តើអ្នកស្មានថាព្រះ‌អម្ចាស់គ្មានខន្តីឬ?

ព្រះ‌អង្គមិនប្រព្រឹត្តរបៀបនេះទេ!”។

ខ្ញុំនិយាយតែពាក្យល្អ

ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។

8 «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ

នឹងប្រជា‌រាស្ត្ររបស់យើង

អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល

ត្រឡប់មកពីសមរ‌ភូមិយ៉ាងសុខស្រួល។

9 អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជា‌រាស្ត្រយើង

ចេញពីផ្ទះដែលនាងស្រឡាញ់។

រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យ

កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ

រហូតតទៅដែរ។

10 ចូរក្រោកឡើង នាំគ្នាដើរចេញទៅ!

ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ!

អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ

កើតមហន្ត‌រាយយ៉ាងខ្លោច‌ផ្សា។

11 អ្នករាល់គ្នានិយមតែហោរាទស្សន៍‌ទាយ

ដែលប្រសប់និយាយកុហកបោកប្រាស់ថា

“បើអ្នកយកស្រាទំពាំង‌បាយជូរ និងស្រាខ្លាំង

ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!”

អ្នកព្រោក‌ប្រាជ្ញបែបនេះសមគ្នានឹង

ប្រជា‌រាស្ត្រនេះណាស់!»។

ព្រះ‌អម្ចាស់ប្រមូលផ្ដុំជន‌ជាតិអ៊ីស្រា‌អែលដែលនៅសេស‌សល់

12 «កូនចៅយ៉ាកុបអើយ

យើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។

ជន‌ជាតិអ៊ីស្រា‌អែលដែលនៅសេស‌សល់អើយ

យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ

ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ

និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។

ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ

នៅក្នុងស្រុករបស់អ្នករាល់គ្នា»។

13 អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា

គេទម្លុះកំពែងក្រុង

ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។

ស្ដេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នា

ដោយមានព្រះ‌អម្ចាស់យាងនៅមុខគេបង្អស់។