មីកា 1

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ា‌ស៊ីត តាមរយៈនិមិត្ត‌ហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូ‌សាឡឹម ក្នុងរជ្ជកាលព្រះ‌បាទយ៉ូថាម ព្រះ‌បាទអេហាស និងព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដា។

ព្រះ‌បន្ទូលព្រមានស្រុកអ៊ីស្រា‌អែល និងស្រុកយូដា

2 ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!

ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ

ចូរយកចិត្តទុកដាក់ស្ដាប់!

ព្រះ‌ជា‌អម្ចាស់ចោទប្រកាន់អ្នករាល់គ្នា

ពីទី‌សក្ការៈដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។

3 ព្រះ‌អម្ចាស់យាងចេញពីព្រះ‌ដំណាក់ចុះមក

ព្រះ‌អង្គយាងនៅតាមទីខ្ពស់នៃផែនដី។

4 ភ្នំទាំង‌ឡាយស្រុតចុះនៅក្រោមព្រះ‌បាទា

ហើយជ្រលងភ្នំទាំង‌ឡាយក៏ត្រូវរលាយ

ដូចក្រមួនរលាយនៅមុខភ្លើង

ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។

5 ហេតុ‌ការណ៍ទាំងនេះកើតមាន

ព្រោះតែអំពើទុច្ចរិតរបស់ពូជ‌ពង្សលោកយ៉ាកុប

និងអំពើបាបរបស់ពូជ‌ពង្សអ៊ីស្រា‌អែល។

តើនរណានាំឲ្យកូនចៅ

របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?

គឺក្រុងសាម៉ារី!

តើនរណានាំឲ្យយូដាគោរព

ព្រះក្លែង‌ក្លាយនៅតាមទីខ្ពស់?

គឺក្រុងយេរូ‌សាឡឹម!

6 យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ

ជាចម្ការមួយដែលគេដាំទំពាំង‌បាយជូរ

យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ

ទម្លាក់ទៅក្នុងជ្រោះ

ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។

7 រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក

គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក

មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។

យើងនឹងកម្ទេចព្រះក្លែង‌ក្លាយទាំងអស់

រូបព្រះទាំងនោះជាផលនៃអំពើពេស្យា‌ចារ

ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ

ស្រីពេស្យា។

8 ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង

ខ្ញុំដើរជើងទទេ និងខ្លួនទទេ

ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប

9 ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ

ដំបៅនេះស៊ីរហូតដល់ស្រុកយូដា

និងដល់ទ្វារក្រុងយេរូ‌សាឡឹម

ជាទីលំ‌នៅនៃប្រជា‌ជនរបស់ខ្ញុំ។

10 កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ

ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។

កុំដេកននៀលលើដីនៅក្រុងបេត-‌លេ-‌អាប្រា

ឲ្យសោះ។

11 អ្នកស្រុកសា‌ភៀរអើយ

ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!

អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។

អ្នកក្រុងបេត-‌អេត‌សែលនាំគ្នាកាន់ទុក្ខ

ពួកគេមិនអាចធ្វើជាបង្អែករបស់

អ្នករាល់គ្នាបានទេ។

12 អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល

ដ្បិតទុក្ខវេទនាដែលព្រះ‌អម្ចាស់បញ្ជូនមកនោះ

មកដល់មាត់ទ្វារក្រុងយេរូ‌សាឡឹមហើយ។

13 អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!

អ្នកបាននាំអាទិ៍ប្រជា‌ជនក្រុងស៊ីយ៉ូន

ឲ្យប្រព្រឹត្តអំពើបាប

ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រា‌អែល

ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។

14 ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី

ប្រជា‌ជននៅក្រុងម៉ូរ៉ា‌ស៊ីត-‌កាថ។

ចំណែកឯអ្នកក្រុងអាក់‌ស៊ីបវិញ

គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រា‌អែលខកចិត្ត។

15 អ្នកស្រុកម៉ារី‌សាអើយ

ព្រះ‌អម្ចាស់នឹងនាំសត្រូវមកឈ្លាន‌ពានអ្នក

មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រា‌អែល

នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូ‌ឡាំ។

16 អ្នកក្រុងយេរូ‌សាឡឹមអើយ

ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ

ដ៏ជាទីស្រឡាញ់របស់អ្នក

ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត

ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក

ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។