ភីលីព 3

របៀបរស់នៅស្របតាមព្រះ‌ជាម្ចាស់

1 មួយវិញទៀត បង‌ប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះ‌អម្ចាស់។ ខ្ញុំមិនធុញ‌ទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបង‌ប្អូនឡើយ ខ្ញុំសរសេរដូច្នេះ ដើម្បីពង្រឹងជំនឿរបស់បង‌ប្អូន។

2 ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែកក្លែង‌ក្លាយ

3 ដ្បិតយើងឯ‌ណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយ‌បង្គំព្រះ‌ជាម្ចាស់ តាមព្រះ‌វិញ្ញាណ យើងអួត‌អាងលើព្រះ‌គ្រិស្ដ*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។

4 ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹត‌តែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត

5 គឺខ្ញុំបានទទួលពិធីកាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រា‌អែលក្នុងកុលសម្ព័ន្ធបេន‌យ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យ‌វិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី*

6 បើនិយាយពីខ្នះ‌ខ្នែង ខ្ញុំបានខ្នះ‌ខ្នែងរហូតដល់ទៅបៀត‌បៀនក្រុម‌ជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យ‌វិន័យនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។

7 ក៏ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះ‌គ្រិស្ដ

8 គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះ‌គ្រិស្ដ‌យេស៊ូជាព្រះ‌អម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេស‌វិសាលបំផុត។ ព្រោះតែព្រះ‌អង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះ‌គ្រិស្ដ

9 និងឲ្យតែខ្ញុំបានរួមជាមួយព្រះ‌អង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមក្រឹត្យ‌វិន័យនោះឡើយ គឺបានសុចរិត ដោយជឿលើព្រះ‌គ្រិស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះ‌ជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ

10 បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះ‌គ្រិស្ដ និងស្គាល់ឫទ្ធា‌នុភាពដែលបានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះ‌អង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះ‌អង្គដែលសោយទិវង្គត

11 ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។

ការសង្វាតឲ្យបានគ្រប់លក្ខណៈ

12 ខ្ញុំមិនថា ខ្ញុំបានទៅដល់ទី‌ដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះ‌គ្រិស្ដ‌យេស៊ូចាប់ខ្ញុំជាមុនដែរ។

13 បង‌ប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទី‌ដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។

14 ខ្ញុំរត់តម្រង់ទៅរកទី‌ដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះ‌ជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅយើងពីស្ថានបរម‌សុខ ឲ្យទទួលរួមក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ។

15 ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបង‌ប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ ព្រះ‌ជាម្ចាស់មុខជាបំភ្លឺបង‌ប្អូនឲ្យដឹងមិនខាន។

16 ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិស‌ដៅដដែល។

17 បង‌ប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបង‌ប្អូនឃើញនោះទៅ។

18 ខ្ញុំធ្លាប់បានជម្រាបបង‌ប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបង‌ប្អូនទាំងទឹកភ្នែកថា មានបង‌ប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះ‌គ្រិស្ដ*។

19 ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែន‌ដីនេះប៉ុណ្ណោះ។

20 រីឯយើងវិញ មាតុ‌ភូមិរបស់យើងនៅស្ថានបរម‌សុខ* ហើយយើងនៅទន្ទឹងរង់‌ចាំព្រះ‌សង្គ្រោះ គឺព្រះ‌អម្ចាស់យេស៊ូគ្រិស្ដយាងមកពីស្ថាននោះ។

21 ព្រះ‌អង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះ‌កាយប្រកបដោយសិរី‌រុងរឿងរបស់ព្រះ‌អង្គ ដោយមហិទ្ធិ‌ឫទ្ធិ ដែលធ្វើឲ្យព្រះ‌អង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះ‌អង្គ។

—https://d1b84921e69nmq.cloudfront.net/364/32k/PHP/3-a6c775166b15b1dbe50dcc622e2f84b7.mp3?version_id=85—