នេហេ‌មា 13

ការកែទំរង់ផ្សេងៗ

1 នៅគ្រានោះ ពេលអានគម្ពីរ‌វិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជា‌ជនទាំងអស់ គេឃើញមានអត្ថ‌បទមួយចែងថា ជន‌ជាតិអាំម៉ូន និងជន‌ជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌ជាម្ចាស់ជាដាច់ខាត

2 ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជន‌ជាតិអ៊ីស្រា‌អែលទេ។ ជន‌ជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជន‌ជាតិអ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះ‌ពរវិញ។

3 ពេលឮក្រឹត្យ‌វិន័យនេះហើយ គេក៏បំបែកជន‌ជាតិអ៊ីស្រា‌អែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។

4 មុនពេលនោះ គេតែង‌តាំងលោកបូជា‌ចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះ‌ដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់‌ញាតិរបស់លោកថូប៊ី‌យ៉ា

5 លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ី‌យ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះ‌វិហារ ព្រមទាំងស្រូវស្រាទំពាំង‌បាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជា‌ចារ្យ។

6 ពេលហេតុ‌ការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូ‌សាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថា‌ស៊ើកសេស ជាស្ដេចស្រុកបាប៊ី‌ឡូនវិញ នៅឆ្នាំទីសាម‌សិបពីរនៃរជ្ជ‌កាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជា‌នុញ្ញាត

7 វិលមកក្រុងយេរូ‌សាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ សម្រាប់លោកថូប៊ី‌យ៉ា។

8 ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកថូប៊ី‌យ៉ា បោះទៅខាងក្រៅបន្ទប់

9 ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះ‌ដំណាក់ព្រះ‌ជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។

10 ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខ‌ងារនៅក្នុងព្រះ‌ដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។

11 ខ្ញុំស្ដីបន្ទោសពួកអ្នកគ្រប់‌គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខ‌ងាររបស់ខ្លួនវិញ។

12 ពេលនោះ ប្រជា‌ជនយូដាទាំងមូលយកស្រូវ ស្រាទំពាំង‌បាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។

13 ខ្ញុំបានប្រគល់ភារ‌កិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេ‌មា ជាបូជា‌ចារ្យ លោកសាដុក ជាបណ្ឌិតខាងវិន័យ និងលោកពេដា‌យ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថា‌នា ធ្វើការរួមជាមួយដែរ។ ប្រជា‌ជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារ‌កិច្ចចែករបបឲ្យបង‌ប្អូនរបស់ខ្លួន។

14 ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះ‌ដំណាក់របស់ព្រះ‌អង្គ និងឲ្យប្រជា‌ជនធ្វើពិធីគោរពបម្រើព្រះ‌អង្គ។

15 នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំង‌បាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំង‌បាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូ‌សាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។

16 មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូ‌សាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម នៅថ្ងៃសប្ប័ទ។

17 ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ?

18 ព្រះ‌ជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូ‌សាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះ‌ពិរោធរបស់ព្រះ‌អង្គ ឆាប‌ឆេះលើជន‌ជាតិអ៊ីស្រា‌អែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។

19 បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។

20 ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូ‌សាឡឹម មួយយប់ ឬពីរយប់។

21 ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូ‌សាឡឹម នៅថ្ងៃសប្ប័ទទៀតហើយ។

22 ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ ហេតុនេះ សូមនឹកចាំពីទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ ដោយព្រះ‌ហឫទ័យសប្បុរសដ៏ធំ‌ធេងរបស់ព្រះ‌អង្គ។

23 នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជន‌ជាតិយូដាមួយចំនួន រៀប‌ការជាមួយស្ត្រីមកពីក្រុងអាស‌ដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។

24 កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាស‌ដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជន‌ជាតិដទៃប៉ុណ្ណោះ។

25 ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះ‌នាមព្រះ‌ជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។

26 ព្រោះតែបញ្ហានេះហើយដែលព្រះ‌បាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រា‌អែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះ‌បាទសាឡូម៉ូនទេ។ ព្រះ‌ជាម្ចាស់ស្រឡាញ់ព្រះ‌បាទសាឡូម៉ូន ព្រះ‌អង្គបានតែង‌តាំងស្ដេចឲ្យគ្រងរាជ្យលើជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។

27 ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀប‌ការជាមួយស្ត្រីសាសន៍ដទៃឡើយ»។

28 លោកយ៉ូយ៉ា‌ដាជាកូនរបស់លោកមហាបូជា‌ចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បា‌ឡាត់ ជាអ្នកស្រុកហូរ៉ូ‌ណែម។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។

29 ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើឲ្យមុខ‌ងាររបស់ខ្លួនជាបូជា‌ចារ្យទៅជាសៅ‌ហ្មង ហើយធ្វើឲ្យសម្ពន្ធ‌មេត្រីដែលព្រះ‌អង្គបានចងជាមួយក្រុមបូជា‌ចារ្យ និងក្រុមលេវី ទៅជាស្មៅ‌ហ្មងដែរ។

30 ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់ឲ្យក្រុមបូជា‌ចារ្យ និងក្រុមលេវី អនុវត្ត ស្របតាមមុខ‌ងាររបស់ខ្លួន។

31 ខ្ញុំបានចាត់ចែងឲ្យប្រជា‌ជនយកអុសមកថ្វាយតាមពេលកំណត់ ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។

ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ ហើយប្រព្រឹត្តចំពោះទូលបង្គំ ដោយព្រះ‌ហឫទ័យសន្ដោសផង៕