និក្ខមនំ 35

វិន័យស្ដីអំពីថ្ងៃសប្ប័ទ

1 លោកម៉ូសេបានប្រមូលសហគមន៍អ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នា ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «នេះជាសេចក្ដីដែលព្រះ‌អម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:

2 ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំ‌ពីរ ជាថ្ងៃសក្ការៈ គឺថ្ងៃសប្ប័ទ ដែលជាថ្ងៃបុណ្យថ្វាយព្រះ‌អម្ចាស់។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។

3 នៅថ្ងៃសប្ប័ទ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្ដី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។

តង្វាយរបស់ជន‌ជាតិអ៊ីស្រា‌អែល

4 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់ថា៖ «នេះជាសេចក្ដីដែលព្រះ‌អម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:

5 ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែក ថ្វាយព្រះ‌អម្ចាស់។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកតង្វាយដែលខ្លួនញែកទុកនេះ មកថ្វាយព្រះ‌អម្ចាស់គឺមាន មាស ប្រាក់ លង្ហិន

6 សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងក្រណាត់ទេស‌ឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ

7 ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាង‌នួន

8 ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត

9 ត្បូងមណី‌ជោតិរស និងត្បូងឯទៀតៗ សម្រាប់លំអអាវអេផូដ* និងប្រដាប់ពាក់លើទ្រូង។

10 ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែលព្រះ‌អម្ចាស់បង្គាប់ឲ្យធ្វើ

11 គឺសង់ព្រះ‌ពន្លា ដែលមានរោងក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ

12 ហិបនៃសម្ពន្ធ‌មេត្រី ព្រមទាំងឈើស្នែង គម្របវាំងនន សម្រាប់ខណ្ឌទី‌សក្ការៈ

13 តុសម្រាប់តម្កល់នំប៉័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំប៉័ងដែលត្រូវតម្កល់ថ្វាយព្រះ‌ជាម្ចាស់

14 ជើងចង្កៀង និងគ្រឿងបរិក្ខារសម្រាប់ប្រើ‌ប្រាស់ជាមួយ ព្រមទាំងចង្កៀង និងប្រេងសម្រាប់ដុត

15 អាសនៈសម្រាប់គ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់ពិធីលាប ប្រេង គ្រឿងក្រអូបសម្រាប់ដុត និងវាំងននសម្រាប់ទ្វារចូលព្រះ‌ពន្លា។

16 អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារទាំងអស់ ព្រមទាំងអាងទឹក និងកំណល់

17 រនាំងទី‌លាន ព្រមទាំងបង្គោល ជើងទ្រ និងវាំងននរបស់ទ្វារទី‌លាន

18 ចម្រឹងព្រះ‌ពន្លា និងចម្រឹងរនាំងរបស់ទី‌លាន ព្រមទាំងខ្សែចងពន្លា

19 សម្លៀក‌បំពាក់ពិធីបុណ្យសម្រាប់បំពេញមុខ‌ងារក្នុងទី‌សក្ការៈ គឺសម្លៀក‌បំពាក់សក្ការៈរបស់បូជា‌ចារ្យអើរ៉ុន និងសម្លៀក‌បំពាក់កូនប្រុសគាត់ ដែលបំពេញមុខ‌ងារជាបូជា‌ចារ្យ»។

20 សហគមន៍អ៊ីស្រា‌អែលទាំងមូលក៏នាំគ្នាចាកចេញពីលោកម៉ូសេទៅ។

21 អស់អ្នកដែលមានចិត្តសទ្ធាជ្រះ‌ថ្លា និងចិត្តទូ‌លាយ បាននាំយកតង្វាយដែលខ្លួនបានញែកទុកដោយឡែក មកថ្វាយព្រះ‌អម្ចាស់សម្រាប់សង់ពន្លាជួបព្រះ‌អង្គ និងផលិតគ្រឿងបរិក្ខារប្រើ‌ប្រាស់ក្នុងពន្លា ព្រមទាំងសម្លៀក‌បំពាក់សក្ការៈ។

22 អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាសមក ហើយពួកគេថ្វាយគ្រឿងអំពីមាសទាំងនោះទៅព្រះ‌អម្ចាស់។

23 អស់អ្នកដែលមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេស‌ឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ក៏នាំយករបស់ទាំងនោះមកថ្វាយដែរ។

24 អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកតង្វាយដែលគេញែកទុកនោះ មកថ្វាយព្រះ‌អម្ចាស់អស់អ្នកដែលមានឈើនាង‌នួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗថ្វាយព្រះ‌អម្ចាស់។

25 ស្ត្រីទាំងប៉ុន្មានដែលប៉ិន‌ប្រសប់ខាងត្បាញ ក៏នាំយកក្រណាត់ដែលខ្លួនត្បាញមកថ្វាយដែរ គឺមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេស‌ឯកសុទ្ធ។

26 ស្ត្រីទាំងប៉ុន្មានដែលមានចិត្តសទ្ធាជ្រះ‌ថ្លា និងប៉ិន‌ប្រសប់ បាននាំគ្នាត្បាញក្រណាត់រោមពពែមកថ្វាយផងដែរ។

27 ពួកមេដឹកនាំប្រជា‌ជនបានយកត្បូងមណី‌ជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង

28 ព្រមទាំងគ្រឿងក្រអូប និងប្រេង ដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។

29 ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកតង្វាយមកថ្វាយព្រះ‌អម្ចាស់ដោយស្ម័គ្រ‌ចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលព្រះ‌អម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។

30 លោកម៉ូសេមានប្រសាសន៍ទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលថា៖ «ព្រះ‌អម្ចាស់បានជ្រើស‌រើសលោកបេតសា‌លាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុល‌សម្ព័ន្ធយូដា

31 ហើយព្រះ‌អង្គប្រទានឲ្យគាត់ពោរ‌ពេញដោយព្រះ‌វិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាង‌វៃ ចេះធ្វើគ្រប់កិច្ចការ

32 គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន

33 ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការ‌ងារសិប្ប‌កម្មគ្រប់មុខ។

34 ព្រះ‌អង្គប្រទានឲ្យគាត់ ព្រមទាំងលោកអូហូ‌លីអាប់ ជាកូនរបស់លោកអហ៊ី‌សាម៉ាកពីកុល‌សម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការ‌ងារសិប្ប‌កម្មនេះដល់អ្នកដទៃទៀត។

35 ព្រះ‌អង្គប្រទានឲ្យពួកគេប៉ិន‌ប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រ‌ករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេស‌ឯកសុទ្ធ។ ពួកគេសុទ្ធ‌សឹងតែជាអ្នកជំនាញ ដែលចេះធ្វើការ‌ងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។