និក្ខមនំ 32

ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាថ្វាយ‌បង្គំរូបគោមាស

1 កាលប្រជា‌ជនឃើញលោកម៉ូសេក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកធ្វើរូបព្រះ សម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។

2 លោកអើរ៉ុនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។

3 ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនលោកអើរ៉ុន។

4 លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រា‌អែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។

5 ឃើញដូច្នេះ លោកអើរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយព្រះ‌អម្ចាស់»។

6 លុះស្អែកឡើង ប្រជា‌ជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព។ ប្រជា‌ជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។

7 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជា‌ជនរបស់អ្នក គឺប្រជា‌ជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។

8 ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយ‌បង្គំ និងថ្វាយយញ្ញ‌បូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រា‌អែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជា‌ជននេះសុទ្ធតែជាមនុស្សរឹង‌រូស។

10 ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជា‌ជននេះ ឲ្យវិនាសសាប‌សូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជា‌ជាតិដ៏ធំកើតចេញពីអ្នក»។

11 ប៉ុន្តែ លោកម៉ូសេទូល‌អង្វរ សូមការប្រោស‌ប្រណីពីព្រះ‌អម្ចាស់ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះ‌អម្ចាស់ហេតុអ្វីបានជាព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងប្រជា‌រាស្ត្រ ដែលព្រះ‌អង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធា‌នុភាព និងព្រះ‌បារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

12 សូមកុំឲ្យជន‌ជាតិអេស៊ីបពោលថា “ព្រះ‌អង្គបាននាំជន‌ជាតិអ៊ីស្រា‌អែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះ‌អង្គឈប់ខ្ញាល់ ហើយដូរព្រះ‌ហឫទ័យ ឈប់ធ្វើទោសប្រជា‌រាស្ត្ររបស់ព្រះ‌អង្គទៅ។

13 សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះ‌អង្គផង ដ្បិតព្រះ‌អង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺង‌ម៉ាត់ថា “យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជ‌ពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។

14 ព្រះ‌អម្ចាស់ក៏ដូរព្រះ‌ហឫទ័យលែងធ្វើទោសប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ដូចព្រះ‌អង្គមានព្រះ‌បន្ទូល។

15 លោកម៉ូសេក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិ‌សញ្ញា ដែលមានចារអក្សរទាំងសងខាង។

16 បន្ទះថ្មនេះជាស្នាព្រះ‌ហស្ដរបស់ព្រះ‌ជាម្ចាស់ គឺព្រះ‌ជាម្ចាស់បានចារអក្សរ ដោយព្រះ‌ហស្ដរបស់ព្រះ‌អង្គផ្ទាល់។

17 ពេលលោកយ៉ូស្វេឮសំឡេងប្រជា‌ជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។

18 លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យ‌ជំនះ ឬសម្រែកបរា‌ជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។

19 លុះមកដល់ជិតជំរំ លោកម៉ូសេបានឃើញរូបកូនគោ និងឃើញប្រជា‌ជនកំពុងតែលោតរាំលេង លោកក្រេវ‌ក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ ឲ្យបែកនៅជើងភ្នំទៅ។

20 លោកយករូបកូនគោ ដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឲ្យម៉ដ្ដដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជន‌ជាតិអ៊ីស្រា‌អែលផឹក។

21 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «តើប្រជា‌ជននេះធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។

22 លោកអើរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជា‌ជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។

23 ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។

24 ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។

25 លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជា‌ជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើល‌ងាយ។

26 លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះ‌អម្ចាស់អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំ‌វិញលោកម៉ូសេ។

27 លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បង‌ប្អូន មិត្ត‌ភក្ដិ និងសាច់‌ញាតិរបស់អ្នករាល់គ្នាទៅ”»។

28 កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជន‌ជាតិអ៊ីស្រា‌អែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។

29 លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះ‌អម្ចាស់គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបង‌ប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះ‌អង្គប្រទានព្រះ‌ពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។

លោកម៉ូសេទូល‌អង្វរព្រះ‌អម្ចាស់

30 លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះ‌អម្ចាស់ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះ‌អង្គលើក‌លែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។

31 លោកម៉ូសេក៏ទៅគាល់ព្រះ‌អម្ចាស់ហើយទូលព្រះ‌អង្គថា៖ «បពិត្រព្រះ‌អម្ចាស់ ប្រជា‌ជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយ‌បង្គំ។

32 សូមព្រះ‌អង្គមេត្តាលើក‌លែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះ‌អង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជា‌រាស្ត្ររបស់ព្រះ‌អង្គទៅ»។

33 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។

34 ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជា‌ជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។

35 ព្រះ‌អម្ចាស់បានប្រហារប្រជា‌ជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។