និក្ខមនំ 31

អ្នកបម្រើក្នុងទី‌សក្ការៈ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «យើងបានជ្រើស‌រើសបេតសា‌លាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុល‌សម្ព័ន្ធយូដា។

3 យើងបានធ្វើឲ្យគាត់ពោរ‌ពេញដោយព្រះ‌វិញ្ញាណរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាង‌វៃ ចេះធ្វើគ្រប់កិច្ចការ

4 គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន

5 ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការ‌ងារគ្រប់មុខ។

6 យើងក៏បានតែង‌តាំងអូហូ‌លីអាប់ ជាកូនរបស់អហ៊ី‌សាម៉ាក ពីកុល‌សម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការ‌ងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ

7 គឺធ្វើពន្លាជួបព្រះ‌អម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិ‌សញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើ‌ប្រាស់នៅក្នុងពន្លា

8 តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើ‌ប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើ‌ប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប

9 អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើ‌ប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។

10 សម្លៀក‌បំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀក‌បំពាក់សក្ការៈរបស់បូជា‌ចារ្យអើរ៉ុន និងសម្លៀក‌បំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខ‌ងារជាបូជា‌ចារ្យ។

11 ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទី‌សក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។

ថ្ងៃសប្ប័ទ*

12 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

13 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិត‌ដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់‌ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះ‌អម្ចាស់ដែលបានញែកអ្នករាល់គ្នាជាប្រជា‌រាស្ត្រដ៏‌វិសុទ្ធរបស់យើង។

14 ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការ‌ងារនៅថ្ងៃនោះនឹងត្រូវដកចេញពីចំណោមប្រជា‌ជន។

15 ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំ‌ពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះ‌អម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។

16 ជន‌ជាតិអ៊ីស្រា‌អែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសម្គាល់នៃសម្ពន្ធ‌មេត្រីជា‌និច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។

17 ថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់‌ទំនងរវាងយើង នឹងប្រជា‌ជនអ៊ីស្រា‌អែល ជា‌និច្ចនិរន្តរ៍ ដ្បិតយើងជាព្រះ‌អម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំ‌ពីរយើងឈប់ធ្វើការហើយសម្រាក»។

18 ពេលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះ‌អង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិ‌សញ្ញា គឺបន្ទះថ្មដែលព្រះ‌អង្គបានសរសេរដោយព្រះ‌អង្គុលីរបស់ព្រះ‌អង្គផ្ទាល់ មកលោកម៉ូសេ។