និក្ខមនំ 14

ជន‌ជាតិអ៊ីស្រា‌អែលឆ្លងកាត់សមុទ្រ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យវិលមកបោះជំរំ នៅក្បែរពីហា‌ហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេ‌ផុន គឺនៅតាមឆ្នេរសមុទ្រ។

3 ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិល‌វល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោ‌ស្ថានឡើយ។

4 យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរី‌រុងរឿង ដោយវាយកម្ទេចស្ដេចផារ៉ោន និងកង‌ទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជន‌ជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់»។ ជន‌ជាតិអ៊ីស្រា‌អែលក៏នាំគ្នាធ្វើតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

5 មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជា‌ជនអ៊ីស្រា‌អែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជា‌ជនអ៊ីស្រា‌អែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជន‌ជាតិអ៊ីស្រា‌អែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។

6 ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកង‌ទ័ពចេញដំណើរទៅជាមួយ។

7 ស្ដេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។

8 ព្រះ‌អម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះ‌ហឫទ័យមានះ ហើយដេញតាមជន‌ជាតិអ៊ីស្រា‌អែល។ ជន‌ជាតិអ៊ីស្រា‌អែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរី‌ភាព។

9 កង‌ទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជន‌ជាតិអ៊ីស្រា‌អែល ហើយទាន់ពួកគេនៅត្រង់ពីហា‌ហ៊ីរ៉ុត ទល់មុខនឹងបាលសេ‌ផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។

10 កាលឃើញព្រះចៅផារ៉ោន និងកង‌ទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលភិត‌ភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះ‌អម្ចាស់។

11 ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោ‌ស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។

12 កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជន‌ជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោ‌ស្ថានបែបនេះ»។

13 លោកម៉ូសេឆ្លើយទៅប្រជា‌ជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះ‌អម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជន‌ជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។

14 ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះ‌អម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។

15 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រា‌អែលឲ្យចេញដំណើរទៅ។

16 ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រា‌អែលដើរតាមបាតសមុទ្រ។

17 រីឯយើងវិញ យើងធ្វើឲ្យជន‌ជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្តែងសិរី‌រុងរឿងរបស់យើង ដោយប្រហារស្ដេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច។

18 នៅពេលយើងសម្តែងសិរី‌រុងរឿង ដោយប្រហារស្ដេចផារ៉ោន ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច នោះជន‌ជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់»។

19 ទេវតា*របស់ព្រះ‌ជាម្ចាស់ ដែលពីមុននៅខាងមុខជន‌ជាតិអ៊ីស្រា‌អែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។

20 ដុំពពកនោះស្ថិតនៅចន្លោះកង‌ទ័ពអេស៊ីប និងកង‌ទ័ពអ៊ីស្រា‌អែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កង‌ទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។

21 លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះព្រះ‌អម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា

22 ហើយជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។

23 កង‌ទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចំបាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។

24 លុះពេលទៀបភ្លឺព្រះ‌អម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកង‌ទ័ពអេស៊ីប ធ្វើឲ្យកង‌ទ័ពនោះជ្រួល‌ច្របល់។

25 ព្រះ‌អង្គធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជន‌ជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជន‌ជាតិអ៊ីស្រា‌អែលទៅ ដ្បិតព្រះ‌អម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។

26 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជន‌ជាតិអេស៊ីប រទេះចំបាំង និងទ័ពសេះរបស់ពួកគេ»។

27 លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជន‌ជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។

28 ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកង‌ទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជន‌ជាតិអ៊ីស្រា‌អែល គ្មាននរណាម្នាក់រត់រួចឡើយ។

29 ចំណែកឯជន‌ជាតិអ៊ីស្រា‌អែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងអមសងខាងពួកគេ។

30 នៅថ្ងៃនោះព្រះ‌អម្ចាស់បានសង្គ្រោះជន‌ជាតិអ៊ីស្រា‌អែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជន‌ជាតិអេស៊ីប។ ជន‌ជាតិអ៊ីស្រា‌អែលឃើញសាក‌សពជន‌ជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។

31 ជន‌ជាតិអ៊ីស្រា‌អែលឃើញឫទ្ធិ‌បារមីដ៏ខ្លាំងពូកែរបស់ព្រះ‌អម្ចាស់ដែលបានប្រហារជន‌ជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជា‌ជនកោតខ្លាចព្រះ‌អម្ចាស់។ ពួកគេជឿលើព្រះ‌អម្ចាស់និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អង្គ។