នាងអេសធើរ 7

លោកហាម៉ានទទួលទោសដល់ស្លាប់

1 ព្រះ‌រាជា និងលោកហាម៉ាន បានទៅដល់ ហើយជប់‌លៀងជាមួយព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ។

2 នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់ព្រះ‌នាងអេសធើរថា៖ «មហា‌ក្សត្រិ‌យានីអេសធើរអើយ តើព្រះ‌នាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។

3 ព្រះ‌នាងអេសធើរទូលព្រះ‌រាជាថា៖ «បពិត្រព្រះ‌រាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះ‌ហឫទ័យព្រះ‌ករុណាមែន ហើយប្រសិនបើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជា‌ជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង

4 ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជា‌ជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំ‌បាច់ឲ្យព្រះ‌រាជាខ្វល់ខ្វាយឡើយ»។

5 ព្រះចៅអហា‌ស៊ូរុសមានរាជ‌ឱង្ការទៅកាន់ព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។

6 ព្រះ‌នាងអេសធើរទូលស្ដេចថា៖ «បច្ចា‌មិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌រាជា និងព្រះ‌មហា‌ក្សត្រិ‌យានី។

7 ព្រះ‌រាជាទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់‌លៀង ឆ្ពោះទៅឧទ្យាននៃរាជ‌វាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូល‌អង្វរព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះ‌រាជាសម្រេចធ្វើទោសលោកហើយ។

8 ព្រះ‌រាជាវិលពីឧទ្យានចូលមកក្នុងសាលជប់‌លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះ‌នាងអេសធើរគង់នៅលើនោះ។ ព្រះ‌រាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហា‌ក្សត្រិ‌យានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះ‌រាជាមានរាជ‌ឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។

9 មហា‌តលិកមួយរូបឈ្មោះលោកហាបូ‌ណា ទូលព្រះ‌រាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកំពស់ហា‌សិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ-កលោកម៉ាដេ‌កាយ ជាអ្នកដែលបានរាយ‌ការណ៍សង្គ្រោះព្រះ‌ជន្មរបស់ព្រះ‌ករុណា»។ ព្រះ‌រាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ-កនៅបង្គោលនោះទៅ»។

10 គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេ‌កាយ។ ពេលនោះ ព្រះ‌រាជាក៏ស្ងប់ព្រះ‌ពិរោធ។