ទំនុក‌តម្កើង 98

ព្រះ‌អម្ចាស់យាងមកជំនុំ‌ជម្រះផែនដី

ទំនុក‌តម្កើង។

1 ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់!

ដ្បិតព្រះ‌អង្គបានធ្វើការអស្ចារ្យ

ព្រះ‌អង្គយកជ័យ‌ជំនះដោយឫទ្ធិ‌បារមី

និងព្រះ‌ចេស្ដាដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។

2 ព្រះ‌អម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះ‌អង្គ

ព្រះ‌អង្គបានសម្តែងឲ្យប្រជា‌ជាតិនានា

ឃើញសេចក្ដីសុចរិតរបស់ព្រះ‌អង្គ។

3 ព្រះ‌អង្គតែងតែសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា

និងព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ

ចំពោះកូនចៅអ៊ីស្រា‌អែលជា‌និច្ច។

មនុស្ស‌ម្នាដែលរស់នៅគ្រប់ទី

ដាច់ស្រយាលនៃផែនដី

បានឃើញការសង្គ្រោះនៃព្រះរបស់យើង។

4 មនុស្សនៅលើផែនដីទាំងមូលអើយ

ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់ដោយអំណរ!

ចូរស្រែកហ៊ោយ៉ាងសប្បាយ

ព្រមទាំងស្មូត្រទំនុក‌តម្កើង!

5 ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់

ដោយដេញពិណ

គឺដេញពិណលើកទំនុកយ៉ាងពីរោះ

6 ចូរលើកតម្កើងព្រះ‌អង្គដោយផ្លុំត្រែ និងផ្លុំស្នែង

ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់

ជាព្រះ‌មហា‌ក្សត្រ!

7 សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ

ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី

ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺង‌កង!

8 ទន្លេទាំង‌ឡាយ ចូរអបអរ‌សាទរ

ភ្នំទាំង‌ឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង

9 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

ដ្បិតព្រះ‌អង្គយាងមកគ្រប់‌គ្រងផែនដី

ព្រះ‌អង្គគ្រប់‌គ្រងផែនដីដោយយុត្តិធម៌

ព្រះ‌អង្គគ្រប់‌គ្រងប្រជា‌ជនទាំង‌ឡាយ

ដោយទៀងត្រង់។