ទំនុក‌តម្កើង 97

ព្រះ‌អម្ចាស់គ្រងរាជ្យ

1 ព្រះ‌អម្ចាស់គ្រងរាជ្យ!

ចូរឲ្យផែនដីបានរីក‌រាយឡើង!

ចូរឲ្យកោះទាំង‌ឡាយមានអំណរសប្បាយ!

2 មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំ‌វិញព្រះ‌អង្គ

ព្រះ‌អង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។

3 មានភ្លើងឆេះនៅខាងមុខព្រះ‌អង្គ

បំផ្លាញខ្មាំងសត្រូវដែលនៅជុំ‌វិញព្រះ‌អង្គ។

4 ផ្លេកបន្ទោររបស់ព្រះ‌អង្គជះពន្លឺ

មកលើពិភពលោក

ផែនដីឃើញពន្លឺនេះ ហើយញាប់‌ញ័រជាខ្លាំង។

5 ភ្នំនានារលាយនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

ដូចជាក្រមួនត្រូវថ្ងៃ

គឺនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

នៃផែនដីទាំងមូល។

6 ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះ‌អង្គ

ហើយប្រជា‌រាស្ត្រទាំងអស់

នឹងឃើញសិរី‌រុងរឿងរបស់ព្រះ‌អង្គ។

7 អស់អ្នកដែលថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ

ហើយអួត‌អាងក្នុងការគោរពបម្រើ

ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។

ព្រះទាំង‌ឡាយអើយ

ចូរនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អង្គ។

8 ឱព្រះ‌អម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូន

ឮដំណឹងថា ព្រះ‌អង្គវិនិច្ឆ័យទោសដូច្នេះ

គេនឹងមានអំណររីក‌រាយ

ហើយអ្នកក្រុងនានានៅស្រុកយូដា

ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ

9 ឱព្រះ‌អម្ចាស់អើយ មានតែព្រះ‌អង្គទេ

ដែលជាព្រះដ៏ខ្ពង់‌ខ្ពស់នៅលើផែនដីទាំងមូល

ព្រះ‌អង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។

10 អស់អ្នកដែលស្រឡាញ់ព្រះ‌អម្ចាស់អើយ

ចូរស្អប់អំពើអាក្រក់!

ព្រះ‌អង្គនឹងថែ‌រក្សាអាយុជីវិតអស់អ្នក

ដែលស្មោះត្រង់នឹងព្រះ‌អង្គ

ព្រះ‌អង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ

របស់មនុស្សអាក្រក់។

11 មានពន្លឺបំភ្លឺមនុស្សសុចរិត

ហើយមនុស្សដែលមានចិត្តទៀងត្រង់

នឹងមានអំណរសប្បាយ។

12 មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ

ចំពោះកិច្ចការដែលព្រះ‌អម្ចាស់បានធ្វើ!

ចូរលើកតម្កើងព្រះ‌នាមដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ!