ទំនុក‌តម្កើង 90

មនុស្សលោកតែងតែស្លាប់ តែព្រះ‌ជាម្ចាស់គង់នៅរហូត

ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់។

1 ឱព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ

ពីជំនាន់មួយទៅជំនាន់មួយ។

2 មុនពេលភ្នំនានាកកើតឡើង

ហើយមុនពេលព្រះ‌អង្គបង្កើតផែនដី

និងពិភពលោកមកនោះ

ព្រះ‌អង្គជាព្រះ‌ជាម្ចាស់តាំងពីអស់‌កល្បរៀងមក។

3 ព្រះ‌អង្គបានធ្វើឲ្យមនុស្សលោក

វិលត្រឡប់ទៅជាធូលីដីវិញ

គឺព្រះ‌អង្គមានព្រះ‌បន្ទូលថា

«ពូជ‌ពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!»

4 ចំពោះព្រះ‌អង្គ រយៈពេលមួយពាន់ឆ្នាំ

ប្រៀបបានដូចថ្ងៃម្សិល‌មិញដែលកន្លងផុតទៅ

ឬដូចមួយយាមក្នុងពេលយប់។

5 ព្រះ‌អង្គបានដកជីវិតចេញពីមនុស្សលោក

គឺជីវិតរបស់គេប្រៀបបាន

នឹងការលង់‌លក់មួយស្របក់ប៉ុណ្ណោះ។

ជីវិតរបស់គេប្រៀបបីដូចជាស្មៅ

6 នៅពេលព្រឹក វាដុះចេញមក

ហើយលូតលាស់ឡើង

នៅពេលល្ងាច វាស្រពោន

ហើយក្រៀមស្ងួតអស់ទៅ។

7 យើងខ្ញុំត្រូវវិនាស

ដោយ‌សារព្រះ‌ពិរោធរបស់ព្រះ‌អង្គ

ហើយយើងខ្ញុំញ័រ‌រន្ធត់

ដោយ‌សារព្រះ‌អង្គខ្ញាល់យ៉ាងខ្លាំង។

8 ព្រះ‌អង្គយកកំហុសរបស់យើងខ្ញុំ

មកលាតត្រដាងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ

ហើយពន្លឺរបស់ព្រះ‌អង្គ

ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន

ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។

9 ដោយ‌សារព្រះ‌អង្គដាក់ទោសយើងខ្ញុំ

ជីវិតរបស់យើងខ្ញុំកាន់តែដុន‌ដាបទៅៗ

ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។

10 អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិត‌សិបឆ្នាំ

ប៉ុណ្ណោះ អ្នកមាំ‌មួនជាងគេរស់បានប៉ែត‌សិបឆ្នាំ

ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ

យើងខ្ញុំតែងតែខ្វល់ខ្វាយ

និងមានទុក្ខលំបាកជាច្រើន

អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន

បោះ‌ពួយទៅរកសេចក្ដីស្លាប់។

11 តើនរណាអាចស្គាល់កម្លាំង

នៃព្រះ‌ពិរោធរបស់ព្រះ‌អង្គបាន?

តើនរណាអាចស្គាល់ព្រះ‌ពិរោធនេះ

ដើម្បីគោរពកោតខ្លាច

ព្រះ‌អង្គយ៉ាងត្រឹមត្រូវបាន?

12 សូមណែ‌នាំយើងខ្ញុំឲ្យដឹងច្បាស់ថា

អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា

ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត

ប្រកបដោយប្រាជ្ញា។

13 ព្រះ‌អម្ចាស់អើយ សូមយាងមកវិញ

តើព្រះ‌អង្គនៅបង្អង់ដល់កាលណាទៀត

សូមអាណិតមេត្តាយើងខ្ញុំ

ដែលជាអ្នកបម្រើរបស់ព្រះ‌អង្គផង!

14 សូមសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា

ដ៏លើស‌លប់ចំពោះយើងខ្ញុំតាំងពីព្រលឹម

នោះយើងខ្ញុំនឹងមានអំណរសប្បាយរីក‌រាយ

អស់មួយជីវិត។

15 ព្រះ‌អង្គបានធ្វើឲ្យយើងខ្ញុំកើតទុក្ខ

អស់រយៈពេលយ៉ាងយូរ

ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា

សូមប្រោសប្រទានឲ្យយើងខ្ញុំ

មានអំណរសប្បាយយ៉ាងនោះដែរ។

16 សូមសម្តែងឲ្យយើងខ្ញុំបានឃើញ

ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

ហើយសម្តែងឲ្យកូនចៅយើងខ្ញុំ

បានឃើញភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អង្គផង។

17 ព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ

សូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង

សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន

ពិតមែនហើយ

សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ

បានខ្ជាប់ខ្ជួនរហូតតទៅ។