ទំនុក‌តម្កើង 87

ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះ‌ពររបស់យើង

ទំនុក‌តម្កើងរបស់កូនចៅលោកកូរេ។ ចម្រៀងតម្កើងព្រះ‌ជាម្ចាស់។

1 ព្រះ‌អម្ចាស់បានសង់ក្រុង

យេរូ‌សាឡឹមនៅលើភ្នំដ៏‌វិសុទ្ធ។

2 ព្រះ‌អម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូន

ជាងកន្លែងឯទៀតៗទាំងអស់

នៅលើទឹកដីលោកយ៉ាកុប។

3 ឱក្រុងរបស់ព្រះ‌ជាម្ចាស់អើយ

គេលើកតម្កើងសិរី‌រុងរឿងរបស់អ្នក

ដោយពោលថា:

– សម្រាក

4 “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ

មានអ្នកខ្លះកើតនៅស្រុកអេស៊ីប

អ្នកខ្លះកើតនៅស្រុកបាប៊ី‌ឡូន

ខ្លះទៀតនៅស្រុកភីលីស្ទីន

ខ្លះទៀតនៅស្រុកទីរ៉ុស

និងខ្លះទៀតនៅស្រុកអេត្យូ‌ពី”

5 ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញ

គេពោលថា

“យើងទាំងអស់គ្នាសុទ្ធតែកើតចេញ

មកពីក្រុងស៊ីយ៉ូន!”

ព្រះដ៏ខ្ពង់‌ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹង‌មាំ។

6 ព្រះ‌អម្ចាស់រាប់ចំនួនប្រជា‌រាស្ត្រនានាចុះក្នុងបញ្ជី

ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត

របស់ពួកគេទាំងអស់គ្នា។

7 ពេលនោះ ទាំងពួកអ្នកច្រៀង

ទាំងពួកអ្នករាំ នឹងពោលឡើងថា

“ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះ‌ពររបស់យើង!”។