ទំនុក‌តម្កើង 86

សូមថែ‌រក្សាជីវិតទូលបង្គំផង!

ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ទូលបង្គំ

ហើយឆ្លើយតបមកទូលបង្គំវិញផង

ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!

2 សូមរក្សាការពារជីវិតទូលបង្គំផង

ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះ‌អង្គ

ឱព្រះនៃទូលបង្គំអើយ

សូមសង្គ្រោះអ្នកបម្រើរបស់ព្រះ‌អង្គ

ដែលបានផ្ញើជីវិតលើព្រះ‌អង្គនេះផង!

3 ឱព្រះ‌អម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ

ដ្បិតទូលបង្គំស្រែកអង្វររកព្រះ‌អង្គពេញមួយថ្ងៃ។

4 សូមប្រោសអ្នកបម្រើរបស់ព្រះ‌អង្គ

ឲ្យមានអំណរសប្បាយ

ព្រះ‌អម្ចាស់អើយ

ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះ‌អង្គ

5 ឱព្រះ‌អម្ចាស់អើយ មានតែព្រះ‌អង្គទេ

ដែលប្រកបដោយព្រះ‌ហឫទ័យសប្បុរស

និងចេះអត់‌អោនឲ្យយើងខ្ញុំ

ព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តា‌ករុណាដ៏លើស‌លប់

ចំពោះអស់អ្នកដែលអង្វររកព្រះ‌អង្គ។

6 ឱព្រះ‌អម្ចាស់អើយ សូមផ្ទៀងព្រះ‌កាណ៌

ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ

សូមយកព្រះ‌ហឫទ័យទុកដាក់

នឹងពាក្យទូល‌អង្វររបស់ទូលបង្គំផង។

7 នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះ‌អង្គ

ដ្បិតព្រះ‌អង្គឆ្លើយតបមកទូលបង្គំ។

8 ឱព្រះ‌អម្ចាស់អើយ ក្នុងចំណោមព្រះទាំង‌ឡាយ

គ្មានព្រះណាដូចព្រះ‌អង្គទេ

ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ

ដូចព្រះ‌អង្គឡើយ។

9 ព្រះ‌អម្ចាស់អើយ

ប្រជា‌ជាតិទាំងប៉ុន្មានដែលព្រះ‌អង្គបានបង្កើតមក

នឹងនាំគ្នាមកក្រាបថ្វាយ‌បង្គំព្រះ‌អង្គ

ហើយលើកតម្កើងសិរី‌រុងរឿងព្រះ‌នាមព្រះ‌អង្គ។

10 ដ្បិតព្រះ‌អង្គជាព្រះដ៏ឧត្តុង្គ‌ឧត្ដម

ព្រះ‌អង្គធ្វើការអស្ចារ្យ

មានតែព្រះ‌អង្គប៉ុណ្ណោះដែលជាព្រះ‌ជាម្ចាស់។

11 ព្រះ‌អម្ចាស់អើយ សូមបង្រៀនទូលបង្គំ

ឲ្យស្គាល់មាគ៌ារបស់ព្រះ‌អង្គ

ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះ‌អង្គ

សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់

គោរពកោតខ្លាចព្រះ‌នាមព្រះ‌អង្គ។

12 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ

ទូលបង្គំលើកតម្កើងព្រះ‌អង្គយ៉ាងអស់ពីចិត្ត

ទូលបង្គំនឹងលើកតម្កើងសិរី‌រុងរឿង

ព្រះ‌នាមរបស់ព្រះ‌អង្គរហូតតទៅ

13 ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តា‌ករុណា

ចំពោះទូលបង្គំខ្លាំងណាស់

ព្រះ‌អង្គបានរំដោះជីវិតទូលបង្គំ

ឲ្យរួចផុតពីមច្ចុរាជ។

14 ឱព្រះ‌ជាម្ចាស់អើយ

មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ

មនុស្សឃោរ‌ឃៅមួយពួកចង់ដកជីវិតទូលបង្គំ

អ្នកទាំងនោះមិនរវី‌រវល់នឹងព្រះ‌អង្គទេ។

15 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យអាណិត‌អាសូរ

ព្រះ‌អង្គតែងតែប្រណីសន្ដោស

ព្រះ‌អង្គអត់‌ធ្មត់

ហើយពោរ‌ពេញទៅដោយ

មេត្តា‌ករុណាដ៏ស្មោះ‌ស្ម័គ្រ។

16 សូមបែរមកទតមើលទូលបង្គំ

សូមប្រណីសន្ដោសទូលបង្គំ

សូមប្រទានកម្លាំងមកទូលបង្គំ

ហើយសង្គ្រោះទូលបង្គំ

ដែលជាខ្ញុំបម្រើរបស់ព្រះ‌អង្គផង!។

17 សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ

ចំពោះទូលបង្គំ

ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ

ឃើញ ហើយត្រូវអាម៉ាស់។

ឱព្រះ‌អម្ចាស់អើយ

មានតែព្រះ‌អង្គទេដែលជួយសង្គ្រោះ

និងសម្រាលទុក្ខទូលបង្គំ។