ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1 ឱព្រះអម្ចាស់អើយ
ព្រះអង្គគាប់ព្រះហឫទ័យ
នឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប
ដែលគេចាប់យកទៅជាឈ្លើយនោះ
ឲ្យត្រឡប់មកវិញ ។
2 ព្រះអង្គបានលើកលែងទោស
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេឲ្យរួច
ពីអំពើបាបទាំងប៉ុន្មាន។
– សម្រាក
3 ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
4 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមពង្រឹងយើងខ្ញុំឡើងវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
5 តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ
អស់កល្បជាអង្វែងតរៀងទៅឬ?
6 តើព្រះអង្គមិនយាងមកវិញ
ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត
ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
7 ឱព្រះអម្ចាស់អើយ
សូមសម្តែងព្រះហឫទ័យ
មេត្តាករុណាចំពោះយើងខ្ញុំ
ហើយសូមសង្គ្រោះយើងខ្ញុំផង!
8 ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់
មានព្រះបន្ទូល
ដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទាន
សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ
ព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិត
ទៅរកអំពើលេលារបស់ខ្លួនវិញ។
9 ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ
សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត
នៅលើទឹកដីរបស់យើង។
10 ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង
ធ្វើឲ្យយើងស្គាល់យុត្តិធម៌
និងសេចក្ដីសុខសាន្ត។
11 ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក
ហើយក៏មានសេចក្ដីសុចរិត
លេចចេញមកពីផ្ទៃមេឃដែរ។
12 ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង
ទឹកដីរបស់យើងក៏បង្កើតភោគផល។
13 សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។