ទំនុក‌តម្កើង 82

ព្រះ‌ជាម្ចាស់ជាចៅ‌ក្រមដ៏ខ្ពង់‌ខ្ពស់បំផុត

ទំនុក‌តម្កើងរបស់លោកអេសាភ។

1 ព្រះ‌ជាម្ចាស់គង់នៅ

ក្នុងអង្គប្រជុំរបស់ព្រះ‌អង្គ ។

ព្រះ‌អង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។

2 តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌

គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ

ដល់កាលណាទៀត?

– សម្រាក

3 ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ

និងក្មេងកំព្រា

ចូរកាត់ក្ដីឲ្យមនុស្សកំសត់ទុគ៌ត

និងមនុស្សតោក‌យ៉ាក។

4 ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ

ចូរយកពួកគេចេញឲ្យផុតពីកណ្ដាប់ដៃ

របស់មនុស្សអាក្រក់។

5 អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់

អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត

អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌

ដែលជាគ្រឹះនៃពិភពលោក។

6 យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ

អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ

ដ៏ខ្ពង់‌ខ្ពស់បំផុត ។

7 ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក

អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត

ដូចអ្នកធំបាត់បង់តំណែងដែរ។

8 ឱព្រះ‌ជាម្ចាស់អើយ

សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក

ដ្បិតមនុស្សគ្រប់ជាតិសាសន៍

សុទ្ធតែជាប្រជា‌រាស្ត្រផ្ទាល់របស់ព្រះ‌អង្គ!។