ទំនុក‌តម្កើង 81

ប្រជា‌រាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់‌តឿនអ្នក

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។

1 ចូរបន្លឺសំឡេង

ដោយអំណរថ្វាយព្រះ‌ជាម្ចាស់

ដែលជាកម្លាំងរបស់យើង!

ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ

របស់លោកយ៉ាកុប!

2 ចូរនាំគ្នាប្រគំតូរ្យ‌តន្ត្រីឡើង

ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ

ព្រមទាំងដេញចាប៉ីផងដែរ!

3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត

នៅពេលខែពេញបូណ៌មី

គឺជាថ្ងៃបុណ្យរបស់យើង

4 ព្រោះជាច្បាប់នៅស្រុកអ៊ីស្រា‌អែល

ជាក្រឹត្យ‌វិន័យនៃព្រះរបស់លោកយ៉ាកុប

5 ជាដំបូន្មានដែលព្រះ‌អង្គបង្គាប់មក

ពូជ‌ពង្សរបស់លោកយ៉ូសែប

នៅពេលព្រះ‌អង្គវាយប្រហារស្រុកអេស៊ីប។

ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់

ទាល់តែសោះ បន្លឺថា:

6 យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នក

ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!

7 នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង

យើងក៏បានជួយរំដោះអ្នក

យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ

យើងបានល្បង‌លមើលចិត្តអ្នក

នៅប្រភពទឹកមេរី‌បា។

– សម្រាក

8 ប្រជា‌រាស្ត្ររបស់យើងអើយ

ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់‌តឿនអ្នក

ឱអ៊ីស្រា‌អែលអើយ ចូរស្ដាប់ពាក្យយើង

9 កុំឲ្យមានព្រះណាមួយទៀត

នៅក្នុងចំណោមអ្នកឡើយ

កុំថ្វាយ‌បង្គំព្រះដទៃឲ្យសោះ

10 ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក

យើងបាននាំអ្នកចេញពីស្រុកអេស៊ីប

ចូរបើកចិត្តឲ្យទូលាយ

យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។

11 ក៏ប៉ុន្តែ ប្រជា‌រាស្ត្ររបស់យើង

មិនបានធ្វើតាមពាក្យយើងទេ

អ៊ីស្រា‌អែលមិនចង់ស្គាល់យើងទៀតទេ។

12 ហេតុនេះហើយបានជាយើងបណ្ដោយគេ

ទៅតាមចិត្តរឹង‌រូសរបស់ខ្លួន

គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។

13 ប្រសិនបើប្រជា‌រាស្ត្ររបស់យើងស្ដាប់ពាក្យយើង

ប្រសិនបើអ៊ីស្រា‌អែលដើរតាមមាគ៌ារបស់យើង

14 យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ

យើងនឹងវាយប្រហារបច្ចា‌មិត្តរបស់គេ

មួយរំពេចជាមិនខាន។

15 អស់អ្នកដែលស្អប់ព្រះ‌អម្ចាស់

នឹងនាំគ្នាមកចុះចូលនឹងព្រះ‌អង្គ

ហើយអ៊ីស្រា‌អែលនឹងបានសុខ‌សាន្តរហូតតទៅ។

16 ព្រះ‌ជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ

មកឲ្យអ៊ីស្រា‌អែលបរិភោគ

ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ

យ៉ាងបរិបូណ៌ផង។