ទំនុក‌តម្កើង 80

ឱព្រះ‌អម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!

បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។ ទំនុក‌តម្កើងរបស់លោកអេសាភ។

1 ឱព្រះ‌ជាម្ចាស់ដែលជាគង្វាល

នៃជន‌ជាតិអ៊ីស្រា‌អែលអើយ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់យើងខ្ញុំ

ព្រះ‌អង្គដឹកនាំពូជ‌ពង្សរបស់លោកយ៉ូសែប

ដូចគង្វាលដឹកនាំហ្វូងចៀម

ឱព្រះ‌អង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ

សូមសម្តែងព្រះ‌បារមីដ៏រុងរឿងរបស់ព្រះ‌អង្គ

2 សូមសម្តែងព្រះ‌ចេស្ដាឲ្យកុល‌សម្ព័ន្ធ

អេប្រាអ៊ីម បេន‌យ៉ាមីន និងម៉ាណា‌សេឃើញ

សូមយាងមកសង្គ្រោះយើងខ្ញុំផង!

3 ឱព្រះ‌ជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ

សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យ

សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!

4 ឱព្រះ‌អម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ

តើព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

មិនស្ដាប់ពាក្យទូល‌អង្វររបស់ប្រជា‌រាស្ត្រព្រះ‌អង្គ

ដល់កាលណាទៀត?

5 ព្រះ‌អង្គធ្វើឲ្យយើងខ្ញុំសោកសង្រេង

ឥតស្រាក‌ស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។

6 ព្រះ‌អង្គធ្វើឲ្យប្រជា‌ជាតិជិតខាងឈ្លោះគ្នា

ដណ្ដើមយកទឹកដីយើងខ្ញុំ

ហើយខ្មាំងសត្រូវចំអកឡក‌ឡឺយឲ្យយើងខ្ញុំ។

7 ឱព្រះ‌ជាម្ចាស់នៃពិភពទាំងមូលអើយ

សូមនាំយើងខ្ញុំមកវិញ

សូមទតមកយើងខ្ញុំដោយ

ព្រះ‌ហឫទ័យសប្បុរសផង

នោះយើងខ្ញុំនឹងបានរួចជីវិត!

8 ព្រះ‌អង្គបានគាស់ទំពាំង‌បាយជូរមួយដើម

ពីស្រុកអេស៊ីបមក

ព្រះ‌អង្គបានដេញប្រជា‌ជាតិនានាចេញពីទឹកដី

ហើយយកទំពាំង‌បាយជូរនេះមកដាំជំនួស។

9 ព្រះ‌អង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត

ដើមទំពាំង‌បាយជូរក៏ចាក់ឫស

ហើយដុះពាស‌ពេញនៅក្នុងស្រុក

10 ម្លប់ទំពាំង‌បាយជូរគ្របដណ្តប់ទៅលើភ្នំនានា

ហើយមែករបស់វាគ្រប

ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។

11 ដើមទំពាំង‌បាយជូរបែកមែករហូតទៅដល់សមុទ្រ

ហើយមានពន្លកលាស់ចេញមក

រហូតទៅដល់ទន្លេអឺប្រាត។

12 ហេតុអ្វីបានជាព្រះ‌អង្គរំលំរបងចម្ការ

ទំពាំង‌បាយជូរនេះ

បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ

កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?

13 ជ្រូកព្រៃមកបំផ្លិច‌បំផ្លាញចម្ការទំពាំង‌បាយជូរ

ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម

ទំពាំង‌បាយជូរនេះដែរ។

14 ឱព្រះ‌ជាម្ចាស់នៃពិភពទាំងមូលអើយ

សូមយាងមកវិញ!

សូមទតមើលពីស្ថានបរម‌សុខមក!

សូមយាងមកជួយចម្ការទំពាំង‌បាយជូរនេះផង!

15 សូមការពារចម្ការទំពាំង‌បាយជូរ

ដែលព្រះ‌អង្គបានដាំ ដោយព្រះ‌អង្គផ្ទាល់

គឺបុត្រដែលព្រះ‌អង្គបានពង្រឹងឲ្យមាំ‌មួនឡើង!

16 សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ

និងកាប់ឆ្ការចម្ការទំពាំង‌បាយជូរនេះ

ត្រូវវិនាសសូន្យទៅ

នៅពេលព្រះ‌អង្គគំរាមកំហែងពួកគេ។

17 សូមដាក់ព្រះ‌ហស្ដលើមនុស្ស

ដែលស្ថិតនៅខាងស្ដាំព្រះ‌អង្គ

គឺលើបុត្រមនុស្សដែលព្រះ‌អង្គបានពង្រឹង

ឲ្យមាំ‌មួនឡើង។

18 យើងខ្ញុំនឹងមិនបែកចិត្ត

ចេញពីព្រះ‌អង្គទៀតឡើយ

សូមប្រោសប្រទានឲ្យយើងខ្ញុំ

រស់រានមានជីវិតឡើងវិញផង

នោះយើងខ្ញុំគោរពបម្រើព្រះ‌នាមរបស់ព្រះ‌អង្គ។

19 ឱព្រះ‌អម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ

សូមនាំយើងខ្ញុំមកវិញ

សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យ

សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!