ទំនុក‌តម្កើង 8

សិរីរុងរឿងរបស់ព្រះ‌ជាម្ចាស់ និងកិត្តិយសរបស់មនុស្ស

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។

1 បពិត្រព្រះ‌អម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ!

ព្រះ‌នាមរបស់ព្រះ‌អង្គថ្កុំ‌ថ្កើងរុងរឿង

ពាស‌ពេញលើផែនដីទាំងមូល!

ព្រះ‌អង្គថ្កុំ‌ថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។

2 ព្រះ‌អង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ

និងទារកដែលនៅបៅ

ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចា‌មិត្តរបស់ព្រះ‌អង្គ

ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ

ឲ្យវិនាសសាប‌សូន្យទៅ។

3 ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ

ដែលជាស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

ហើយសម្លឹងមើលព្រះ‌ច័ន្ទ

និងហ្វូង‌តារាដែលព្រះ‌អង្គដាក់នៅលើមេឃនោះ

4 ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី

បានជាព្រះ‌អង្គនឹកគិតដល់គេដូច្នេះ

តើបុត្រមនុស្សជាអ្វីបានជាព្រះ‌អង្គយក

ព្រះ‌ហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?

5 ព្រះ‌អង្គបានធ្វើឲ្យគេមានឋានៈទាបជាង

ទេវតាតែបន្តិចប៉ុណ្ណោះ

ព្រះ‌អង្គប្រទានសិរី‌រុងរឿង

និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។

6 ព្រះ‌អង្គប្រទានឲ្យគេគ្រប់‌គ្រងលើអ្វីៗ

ទាំងអស់ដែលព្រះ‌អង្គបានបង្កើតមក

ព្រះ‌អង្គបានបង្ក្រាបអ្វីៗទាំងអស់

ឲ្យនៅក្រោមជើងរបស់គេ

7 គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន

8 ព្រមទាំងបក្សា‌បក្សីនៅលើមេឃ

ត្រីនៅក្នុងសមុទ្រ

និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។

9 បពិត្រព្រះ‌អម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ

ព្រះ‌នាមរបស់ព្រះ‌អង្គថ្កុំ‌ថ្កើងរុងរឿង

ពាស‌ពេញលើផែនដីទាំងមូល!