ទំនុក‌តម្កើង 79

ឱព្រះ‌អម្ចាស់អើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!

ទំនុករបស់លោកអេសាភ។

1 ឱព្រះ‌ជាម្ចាស់អើយ

ប្រជា‌ជាតិនានាបានឈ្លាន‌ពាន

ទឹកដីរបស់ព្រះ‌អង្គ

ពួកគេបានធ្វើឲ្យព្រះ‌វិហារ

ដ៏‌វិសុទ្ធរបស់ព្រះ‌អង្គទៅជាសៅ‌ហ្មង

ពួកគេបានកម្ទេចក្រុងយេរូ‌សាឡឹម។

2 ពួកគេបានបោះសាក‌សពអ្នកបម្រើរបស់ព្រះ‌អង្គ

ទៅឲ្យត្មាតស៊ី

យកសាក‌សពអ្នកជឿព្រះ‌អង្គ

ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។

3 ពួកគេបានបង្ហូរឈាមប្រជា‌ជន

នៅជុំ‌វិញក្រុងយេរូ‌សាឡឹមឲ្យហូរដូចទឹក

ហើយគ្មាននរណាបញ្ចុះសព

ប្រជា‌ជនទាំងនោះទេ ។

4 អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ

អ្នកនៅជុំ‌វិញយើងខ្ញុំ នាំគ្នាចំអកឡក‌ឡឺយ

យករឿងយើងខ្ញុំទៅលេងសើច។

5 ព្រះ‌អម្ចាស់អើយ តើព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា?

តើព្រះ‌អង្គនៅតែមានព្រះ‌ហឫទ័យ

ក្ដៅឆេះ‌ឆួលនឹងយើងខ្ញុំដល់កាលណាទៀត?

6 គួរតែព្រះ‌អង្គជះព្រះ‌ពិរោធ

ទៅលើប្រជា‌ជាតិដែលពុំស្គាល់ព្រះ‌អង្គ

និងនគរនានាដែលមិនគោរពបម្រើព្រះ‌នាម

ព្រះ‌អង្គនោះវិញ។

7 ដ្បិតពួកគេបានសម្លាប់រង្គាលពូជ‌ពង្ស

របស់លោកយ៉ាកុប

ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។

8 សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស

របស់យើងខ្ញុំបានធ្វើខុសនោះឡើយ

ផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះ‌ហឫទ័យ

អាណិត‌អាសូរយើងខ្ញុំផង!

ដ្បិតយើងខ្ញុំកំពុងតែលិចលង់។

9 ឱព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះនៃយើងខ្ញុំអើយ

សូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់

សិរី‌រុងរឿងនៃព្រះ‌នាមរបស់ព្រះ‌អង្គ

សូមរំដោះយើងខ្ញុំ

និងលើក‌លែងទោសយើងខ្ញុំឲ្យរួចពីបាប

ដោយយល់ដល់ព្រះ‌នាមរបស់ព្រះ‌អង្គ។

10 ហេតុអ្វីបានជាបណ្ដោយឲ្យប្រជា‌ជាតិនានា

ពោលថា «ព្រះរបស់គេនៅឯណា?»

ព្រះ‌អង្គអើយ សូមឲ្យប្រជា‌ជាតិ

ទាំង‌ឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា

ព្រះ‌អង្គនឹងដាក់ទោសពួកគេ

ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះ‌អង្គ។

11 សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស

ហើយដោយព្រះ‌អង្គមានឫទ្ធា‌នុភាព

សូមរំដោះអ្នកដែលមានទោស

ដល់ជីវិតទាំងនោះផង។

12 ព្រះ‌អម្ចាស់អើយ ប្រជា‌ជាតិជិតខាង

បានធ្វើឲ្យព្រះ‌អង្គបាត់បង់កិត្តិយស

ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ

មួយជាប្រាំ‌ពីរ។

13 រីឯយើងខ្ញុំដែលជាប្រជា‌រាស្ត្រ

និងជាហ្វូងចៀមរបស់ព្រះ‌អង្គ

នឹងនាំគ្នាលើកតម្កើងព្រះ‌អង្គអស់‌កល្បជា‌និច្ច

យើងខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គ

អស់‌កល្បជាអង្វែងតរៀងទៅ។