ទំនុក‌តម្កើង 78

អតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក

កំណាព្យរបស់លោកអេសាភ។

1 ប្រជា‌ជនរបស់ខ្ញុំអើយ

ចូរត្រង‌ត្រាប់សេចក្ដីដែលខ្ញុំ

ប្រៀន‌ប្រដៅអ្នករាល់គ្នា!

ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ

ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។

2 ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា

នូវបទពិសោធពីអតីតកាល

ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថ‌ន័យ

លាក់កំបាំងនៃព្រឹត្តិ‌ការណ៍នៅបុរាណកាល។

3 អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង

អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយ‌រ៉ាប់ប្រាប់

4 យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង

ឥតលាក់‌លៀមឡើយ

យើងនឹងពណ៌នាពីឫទ្ធា‌នុភាពរបស់ព្រះ‌អម្ចាស់

និងពីស្នាព្រះ‌ហស្ដដ៏អស្ចារ្យដែលព្រះ‌អង្គបានធ្វើ

ប្រាប់កូនចៅនៅជំនាន់ក្រោយ

ដើម្បីលើកតម្កើងព្រះ‌អង្គ។

5 ព្រះ‌អង្គផ្ដល់ដំបូន្មានឲ្យកូនចៅ

របស់លោកយ៉ាកុប

ព្រះ‌អង្គប្រទានក្រឹត្យ‌វិន័យមកឲ្យពូជ‌ពង្ស

របស់លោកអ៊ីស្រា‌អែល

ព្រះ‌អង្គបង្គាប់បុព្វបុរសរបស់យើង

ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ

6 ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ

ហើយឲ្យកូនចៅដែលនឹងកើតមក

បង្រៀនតៗគ្នារហូតទៅ។

7 ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះ‌ជាម្ចាស់

មិនភ្លេចពីស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

ហើយពួកគេនឹងគោរពតាមបទ‌បញ្ជារបស់ព្រះ‌អង្គ

8 ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស

នៅជំនាន់មុន ដែលមានចិត្តកោងកាច

បះ‌បោរប្រឆាំងនឹងព្រះ‌ជាម្ចាស់

មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់

នឹងព្រះ‌អង្គនោះឡើយ។

9 កុល‌សម្ព័ន្ធអេប្រាអ៊ីមដែលជាកង‌ទ័ពបាញ់ព្រួញ

បានបាក់ទ័ពនៅថ្ងៃធ្វើចំបាំង

10 មកពីពួកគេពុំបានគោរពសម្ពន្ធ‌មេត្រី

របស់ព្រះ‌ជាម្ចាស់

គឺមិនព្រមកាន់តាមក្រឹត្យ‌វិន័យរបស់ព្រះ‌អង្គ

11 ពួកគេបានភ្លេចពីស្នាព្រះ‌ហស្ដដ៏ឧត្ដុង្គ‌ឧត្ដម

និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ

ដែលព្រះ‌អង្គបានសម្តែងឲ្យគេឃើញ។

12 នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប

ព្រះ‌អង្គបានធ្វើការអស្ចារ្យមួយ

ឲ្យបុព្វបុរសរបស់គេឃើញ

13 គឺព្រះ‌អង្គបានញែកទឹកសមុទ្រ

ឲ្យពួកគេដើរឆ្លង

ព្រះ‌អង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់

មួយកន្លែងដូចកំពែង។

14 នៅពេលថ្ងៃ ព្រះ‌អង្គដឹកនាំគេដោយដុំពពក

ហើយរាល់យប់ព្រះ‌អង្គដឹកនាំគេ

ដោយដុំភ្លើងជាពន្លឺ។

15 ព្រះ‌អង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោ‌ស្ថាន

ឲ្យគេហូបទឹកដែលហូរចេញ

យ៉ាងបរិបូណ៌ពីបាតដីមក។

16 ព្រះ‌អង្គបានធ្វើឲ្យមានទឹក

ហូរចេញពីផ្ទាំងសិលាមក

ដូចជាទឹកទន្លេ។

17 ទោះជាយ៉ាងនេះក្ដី

ពួកគេនៅតែប្រព្រឹត្តអំពើបាប

ខុសនឹងព្រះ‌ហឫទ័យព្រះ‌អង្គជា‌និច្ច

ពួកគេបះ‌បោរប្រឆាំងនឹងព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

នៅវាលរហោ‌ស្ថានដ៏ហួត‌ហែងនោះ។

18 ពួកគេហ៊ានល្បង‌លមើលព្រះ‌ជាម្ចាស់

ដោយសូមឲ្យព្រះ‌អង្គប្រទានម្ហូបអាហារ

តាមទំនើងចិត្តរបស់ខ្លួន។

19 គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះ‌ជាម្ចាស់ថា:

តើព្រះ‌ជាម្ចាស់អាចជប់‌លៀងយើង

ក្នុងវាលរហោ‌ស្ថាននេះបានឬ?

20 ព្រះ‌អង្គបានវាយផ្ទាំងថ្មឲ្យមានទឹក

ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន

ក៏ប៉ុន្តែ តើព្រះ‌អង្គអាចប្រទាននំបុ័ង

និងផ្គត់‌ផ្គង់សាច់មកឲ្យ

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គបានដែរឬ?

21 ពេលព្រះ‌អម្ចាស់ឮពាក្យរបស់ពួកគេ

ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធក្រៃ‌លែង

ព្រះ‌អង្គក្ដៅក្រហាយនឹងពូជ‌ពង្ស

របស់លោកយ៉ាកុប

ព្រះ‌អង្គខ្ញាល់ទាស់នឹងជន‌ជាតិអ៊ីស្រា‌អែល

22 ព្រោះពួកគេគ្មានជំនឿលើព្រះ‌ជាម្ចាស់

ពួកគេពុំបានផ្ញើជីវិតលើព្រះ‌អង្គ

ដែលអាចសង្គ្រោះគេនោះឡើយ។

23 ទោះជាយ៉ាងណាក្ដី ព្រះ‌អង្គបានបង្គាប់ពពក

ព្រះ‌អង្គបានបើកផ្ទៃមេឃ

24 ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង

ឲ្យពួកគេធ្វើជាអាហារ

គឺព្រះ‌អង្គប្រទានស្រូវពីស្ថាន‌សួគ៌

មកឲ្យពួកគេ ។

25 ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតា

ព្រះ‌អង្គប្រទានឲ្យគេ

បរិភោគឆ្អែតទាំងអស់គ្នា។

26 នៅលើមេឃ ព្រះ‌អង្គបានធ្វើឲ្យមានខ្យល់

បក់មកពីទិសខាងកើត

ហើយព្រះ‌អង្គក៏ធ្វើឲ្យមានខ្យល់

បក់មកពីទិសខាងត្បូងដែរ។

27 ព្រះ‌អង្គធ្វើឲ្យមានសាច់យ៉ាងច្រើន

ដូចធូលីដីធ្លាក់ពីលើមេឃមក

គឺព្រះ‌អង្គប្រទានសត្វស្លាបយ៉ាងច្រើន

ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ

28 ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ

ជុំ‌វិញកន្លែងដែលគេស្នាក់នៅ។

29 ពួកគេបានបរិភោគឆ្អែតស្កប់‌ស្កល់

ដោយព្រះ‌ជាម្ចាស់ធ្វើតាមចិត្ត

ប៉ង‌ប្រាថ្នារបស់ពួកគេ។

30 ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី

ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល

31 ជាហេតុនាំឲ្យព្រះ‌ជាម្ចាស់ទ្រង់ព្រះ‌ពិរោធ

ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ

ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង

ក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែលផងដែរ។

32 ទោះបីយ៉ាងនេះក្ដី

ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល

ពួកគេពុំបានជឿលើព្រះ‌អង្គ

ដែលធ្វើការអស្ចារ្យទាំងនោះទេ។

33 ដូច្នេះ ព្រះ‌អង្គក៏ប្រហារជីវិតរបស់គេ

តែក្នុងមួយរយៈពេលដ៏ខ្លី

ព្រះ‌អង្គផ្ដាច់អាយុជីវិតរបស់គេ

យ៉ាងសែនវេទនាបំផុត។

34 ពេលឃើញព្រះ‌ជាម្ចាស់ប្រហារជីវិត

អ្នកខ្លះក្នុងចំណោមពួកគេ

ពួកគេក៏នាំគ្នាស្វែងរកព្រះ‌អង្គ

ហើយប្រែចិត្តគំនិតមករកព្រះ‌អង្គវិញ។

35 ពួកគេនឹកឃើញថា

ព្រះ‌ជាម្ចាស់ជាថ្ម‌ដារបស់ពួកគេ

ហើយថាព្រះដ៏ខ្ពង់‌ខ្ពស់បំផុតបានការពារពួកគេ។

36 ក៏ប៉ុន្តែតាមពិត ពួកគេចង់បោកប្រាស់ព្រះ‌អង្គ

គឺអ្វីៗដែលគេនិយាយចេញមក

សុទ្ធតែជាពាក្យកុហកទាំងអស់។

37 ពួកគេមានចិត្តមិនទៀងនឹងព្រះ‌អង្គទេ

ហើយក៏ក្បត់នឹងសម្ពន្ធ‌មេត្រីរបស់ព្រះ‌អង្គដែរ។

38 រីឯព្រះ‌អង្គវិញ

ព្រះ‌អង្គមានព្រះ‌ហឫទ័យអាណិត‌អាសូរជា‌និច្ច

ព្រះ‌អង្គបានលើក‌លែងទោសឲ្យពួកគេ

គឺព្រះ‌អង្គមិនប្រហារជីវិតពួកគេទេ

ជាច្រើនលើកច្រើនសា ព្រះ‌អង្គតែងតែទប់

ព្រះ‌ហឫទ័យមិនឲ្យមានព្រះ‌ពិរោធ

ព្រះ‌អង្គអត់‌ធ្មត់ចំពោះពួកគេ។

39 ព្រះ‌អង្គនឹកចាំថា

ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ

ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម

ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។

40 ពួកគេបានបះ‌បោរប្រឆាំងនឹងព្រះ‌អង្គ

នៅវាលរហោ‌ស្ថានជាច្រើនលើកច្រើនសា

ហើយក្នុងវាលហួត‌ហែងនោះ ពួកគេតែងតែ

ធ្វើឲ្យព្រះ‌អង្គព្រួយព្រះ‌ហឫទ័យ!។

41 ពួកគេចេះតែល្បង‌លមើលព្រះ‌ជាម្ចាស់ជា‌និច្ច

ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏‌វិសុទ្ធ

របស់ជន‌ជាតិអ៊ីស្រា‌អែលទាស់ព្រះ‌ហឫទ័យ។

42 ពួកគេពុំបាននឹកឃើញ

អំពីឫទ្ធា‌នុភាពរបស់ព្រះ‌អង្គទេ

ហើយក៏ពុំបាននឹកឃើញពីថ្ងៃ

ដែលព្រះ‌អង្គបានរំដោះពួកគេ

ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចា‌មិត្តដែរ។

43 ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ

ដែលព្រះ‌អង្គធ្វើនៅស្រុកអេស៊ីបទេ

ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ

ដែលព្រះ‌អង្គធ្វើនៅតំបន់សូអានឡើយ។

44 ព្រះ‌អង្គបានធ្វើឲ្យទឹកនៅដៃទន្លេនីល

ប្រែទៅជាឈាមជាហេតុធ្វើឲ្យជន‌ជាតិ

អេស៊ីបរកទឹកផឹកមិនបាន។

45 ព្រះ‌អង្គបានចាត់មូសឲ្យទៅខាំជន‌ជាតិអេស៊ីប

និងចាត់កង្កែបឲ្យទៅបំផ្លិច‌បំផ្លាញ

អ្វីៗទាំងអស់។

46 ព្រះ‌អង្គធ្វើឲ្យមានចង្រិត

ទៅស៊ីបង្ហិនភោគ‌ផលរបស់ពួកគេ

ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។

47 ព្រះ‌អង្គបានធ្វើឲ្យមានព្រិលធ្លាក់មក

កម្ទេចចម្ការទំពាំង‌បាយជូររបស់គេ

ហើយមានធាតុអាកាសត្រជាក់

មកបំផ្លាញដើមឈើរបស់គេខូចអស់។

48 ហ្វូងគោរបស់គេត្រូវវិនាសដោយ‌សារព្រិល

ហ្វូងចៀមរបស់គេត្រូវវិនាស

ដោយ‌សាររន្ទះបាញ់។

49 ព្រះ‌ជាម្ចាស់ទ្រង់ព្រះ‌ពិរោធ

ទាស់នឹងជន‌ជាតិអេស៊ីបយ៉ាងខ្លាំង

ព្រះ‌អង្គដាក់ទោសពួកគេ

ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា

ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។

50 ព្រះ‌អង្គធ្វើតាមព្រះ‌ពិរោធរបស់ព្រះ‌អង្គ

ដោយឥតសំចៃជីវិតជន‌ជាតិនោះឡើយ

ព្រះ‌អង្គបានធ្វើឲ្យគ្រោះកាច

កើតមានដល់ពួកគេ

51 គឺព្រះ‌អង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន

របស់ជន‌ជាតិអេស៊ីប កូនដែលកើតមកមុនគេ

ក្នុងពូជ‌ពង្សរបស់លោកហាំ។

52 ព្រះ‌អង្គបាននាំប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល

ព្រះ‌អង្គដឹកនាំពួកគេនៅវាលរហោ‌ស្ថាន

ដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។

53 ព្រះ‌អង្គដឹកនាំពួកគេយ៉ាងសុខ‌សាន្ត

ឥតភ័យខ្លាចអ្វីឡើយ

តែខ្មាំងសត្រូវរបស់ពួកគេ

ត្រូវលិចលង់ក្នុងទឹកសមុទ្រ។

54 ព្រះ‌អង្គនាំពួកគេទៅកាន់ទឹកដីដ៏‌វិសុទ្ធ

គឺទៅកាន់ភ្នំដែលព្រះ‌អង្គវាយយកបាន

ដោយឫទ្ធិ‌បារមីរបស់ព្រះ‌អង្គ។

55 ព្រះ‌អង្គបណ្ដេញប្រជា‌ជាតិនានាចេញពីមុខពួកគេ

ហើយចែកទឹកដីឲ្យពួកគេជាមត៌ក

គឺព្រះ‌អង្គឲ្យកុល‌សម្ព័ន្ធអ៊ីស្រា‌អែល

រស់នៅក្នុងលំ‌នៅស្ថានរបស់ប្រជា‌ជាតិទាំងនោះ។

56 ក៏ប៉ុន្តែ ពួកគេបានល្បង‌លព្រះ‌ជាម្ចាស់

ជាព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

ពួកគេបានបះ‌បោរប្រឆាំងនឹងព្រះ‌អង្គ

ដោយមិនព្រមធ្វើតាមដំបូន្មានរបស់

ព្រះ‌អង្គឡើយ។

57 ពួកគេបានងាកចេញពីព្រះ‌អង្គ

និងក្បត់ព្រះ‌អង្គដូចដូនតារបស់ពួកគេ

ពួកគេមានចិត្តវៀច‌វេរដូចផ្លែកណ្ដៀវ។

58 ពួកគេប្រព្រឹត្តខុសចំពោះព្រះ‌អង្គ

ដោយទៅថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ

នៅតាមទី‌សក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ

ធ្វើឲ្យទាស់ព្រះ‌ហឫទ័យព្រះ‌អង្គជាខ្លាំង។

59 ព្រះ‌ជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ

ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

ហើយលែងរវី‌រវល់នឹងជន‌ជាតិ

អ៊ីស្រា‌អែលទៀត។

60 ព្រះ‌អង្គបោះបង់ចោលព្រះ‌ដំណាក់នៅស៊ីឡូ

ព្រះ‌អង្គបោះបង់ចោលព្រះ‌ពន្លា

ដែលព្រះ‌អង្គធ្លាប់គង់នៅជាមួយមនុស្សលោក។

61 ព្រះ‌អង្គបណ្ដោយឲ្យខ្មាំងសត្រូវ

រឹបអូសយកបានហិបនៃសម្ពន្ធ‌មេត្រី

ដែលជានិមិត្ត‌រូបនៃឫទ្ធិ‌បារមី

និងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ។

62 ព្រះ‌អង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ដោយមុខដាវ ព្រោះព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

នឹងពួកគេ ជាខ្លាំង។

63 ពួកយុវជនបានបាត់បង់ជីវិត

ដោយ‌សារភ្លើងសង្គ្រាម

ហើយគ្មាននៅសល់កំលោះ

ដើម្បីរៀប‌ការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។

64 ពួកបូជា‌ចារ្យបានស្លាប់ដោយមុខដាវ

ហើយស្ត្រីមេម៉ាយ

មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។

65 ពេលនោះ ព្រះ‌អម្ចាស់តើនឡើង

ដូចគេក្រោកពីដំណេក

ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ

66 ព្រះ‌អង្គវាយខ្មាំងសត្រូវពីក្រោយ

ឲ្យបាក់មុខអស់‌កល្បជា‌និច្ច។

67 ព្រះ‌អង្គមិនរវី‌រវល់នឹងពូជ‌ពង្សរបស់លោកយ៉ូសែប

ព្រះ‌អង្គពុំបានជ្រើសរើសកុល‌សម្ព័ន្ធអេប្រាអ៊ីមទេ

68 តែព្រះ‌អង្គបានជ្រើសរើសកុល‌សម្ព័ន្ធយូដាវិញ

ព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងភ្នំស៊ីយ៉ូន។

69 នៅទីនោះព្រះ‌អង្គបានសង់ទី‌សក្ការៈ

របស់ព្រះ‌អង្គយ៉ាងល្អរឹង‌ប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់

ព្រះ‌អង្គធ្វើឲ្យទី‌សក្ការៈនោះ

បានរឹង‌មាំដូចផែនដីរហូតតទៅ។

70 ព្រះ‌អង្គបានជ្រើសរើសព្រះ‌បាទដាវីឌ

ជាអ្នកបម្រើរបស់ព្រះ‌អង្គ

ព្រះ‌អង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម

71 ព្រះ‌អង្គបានយកស្ដេចចេញពីហ្វូងចៀមមក

ដើម្បីឲ្យឃ្វាលពូជ‌ពង្សរបស់លោកយ៉ាកុប

គឺជន‌ជាតិអ៊ីស្រា‌អែល

ដែលជាប្រជា‌រាស្ត្រផ្ទាល់របស់ព្រះ‌អង្គ។

72 ព្រះ‌បាទដាវីឌដឹកនាំជន‌ជាតិអ៊ីស្រា‌អែល

ដោយចិត្តស្មោះត្រង់

ព្រះ‌រាជាដឹកនាំពួកគេយ៉ាងប៉ិន‌ប្រសប់។