ទំនុក‌តម្កើង 76

ពីភ្នំស៊ីយ៉ូន ព្រះ‌ជាម្ចាស់ពន្លត់ភ្លើងសង្គ្រាម

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះ‌ជាម្ចាស់។

1 នៅស្រុកយូដា

គេស្គាល់ព្រះ‌ជាម្ចាស់គ្រប់ៗគ្នា

នៅស្រុកអ៊ីស្រា‌អែល

ព្រះ‌នាមរបស់ព្រះ‌អង្គល្បី‌ល្បាញណាស់!

2 ព្រះ‌ពន្លារបស់ព្រះ‌អង្គស្ថិតនៅក្រុងសាឡឹម

ព្រះ‌ដំណាក់របស់ព្រះ‌អង្គស្ថិតនៅក្រុងស៊ីយ៉ូន។

3 នៅទីនោះហើយដែលព្រះ‌អង្គបានកម្ទេចគ្រឿង

សស្ត្រា‌វុធ គឺមានធ្នូ ខែល និងដាវជាដើម។

– សម្រាក

4 ឱព្រះ‌ជាម្ចាស់អើយ

ព្រះ‌អង្គប្រកបដោយសិរី‌រុងរឿង

គួរជាទីស្ញប់‌ស្ញែង

នៅពេលព្រះ‌អង្គវិលត្រឡប់មកពីភ្នំវិញ

ក្រោយពីបានយកជ័យ‌ជំនះ ។

5 ព្រះ‌អង្គបានដកអាវុធពីអ្នក

ចំបាំងដ៏ជំនាញទាំងនោះ

ពួកគេដេកលង់‌លក់បាត់ស្មារតី

ទាហានដ៏ពូកែទាំងនោះ

លែងមានកម្លាំងច្បាំងទៀតហើយ។

6 ឱព្រះនៃលោកយ៉ាកុបអើយ

ពេលព្រះ‌អង្គស្រែកគំរាម

កង‌ទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។

7 ព្រះ‌អង្គអើយ ព្រះ‌អង្គគួរជាទីស្ញែងខ្លាចណាស់!

ពេលព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ តើនរណាអាច

ទ្រាំឈរនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គបាន?

8 ព្រះ‌អង្គមានព្រះ‌បន្ទូលជំនុំ‌ជម្រះពីលើមេឃមក

មនុស្ស‌ម្នាលើផែនដីនៅស្ងៀមស្ងាត់

ដោយកោតខ្លាច

9 គឺព្រះ‌អង្គក្រោកឡើងវិនិច្ឆ័យទោស

និងសង្គ្រោះមនុស្សទន់‌ទាបទាំងប៉ុន្មាន

នៅលើផែនដីនេះ។

– សម្រាក

10 ព្រះ‌អង្គធ្វើឲ្យកំហឹងរបស់មនុស្សលោក

ប្រែទៅជាការលើកសរសើរតម្កើងព្រះ‌អង្គវិញ

ហើយអស់អ្នកដែលនៅសេស‌សល់

ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយ‌បង្គំព្រះ‌អង្គ។

11 ចូរថ្វាយទៅព្រះ‌អម្ចាស់

ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ

ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះ‌អង្គ

អស់អ្នកដែលនៅជុំ‌វិញព្រះ

ដ៏គួរឲ្យស្ញែងខ្លាចអើយ

ចូរយកតង្វាយមកថ្វាយព្រះ‌អង្គ!

12 ព្រះ‌អង្គបំបាក់អំនួតរបស់ស្ដេចនានា

ហើយធ្វើឲ្យព្រះ‌មហា‌ក្សត្រទាំង‌ឡាយ

នៅលើផែនដីស្ញែងខ្លាចព្រះ‌អង្គ។