ទំនុក‌តម្កើង 64

ព្រះ‌អម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត

បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមទ្រង់ព្រះ‌សណ្ដាប់ទំនួញ

របស់ទូលបង្គំ!

ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់

សូមការពារជីវិតទូលបង្គំផង!។

2 សូមការពារទូលបង្គំឲ្យរួចផុត

ពីការឃុប‌ឃិតរបស់មនុស្សអាក្រក់

និងឲ្យទូលបង្គំបានរួចផុត

ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។

3 គេប្រើពាក្យសម្ដី ដូចដាវដ៏មុត

ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។

4 ពួកគេលួចប្រហារមនុស្សទៀងត្រង់

គឺគេប្រហារមិនឲ្យដឹងខ្លួន

ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។

5 ពួកគេនិយាយលើកទឹកចិត្តគ្នា

ឲ្យប្រព្រឹត្តអំពើអាក្រក់

ពួកគេគិតគ្នាពីការលបដាក់អន្ទាក់

ចាំចាប់អ្នកដទៃ ទាំងពោលថា

«គ្មាននរណាឃើញទេ!»។

6 គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖

«ឥឡូវនេះ យើងរៀបចំផែនការ

របស់យើងយ៉ាងល្អរួចរាល់ហើយ!»។

គ្មាននរណាអាចយល់គំនិតអប្រិយ

នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!

7 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់នឹងប្រហារពួកគេ

ដោយមិនឲ្យដឹងខ្លួនជាមុន

ពួកគេក៏របួសដួល។

8 ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស

អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។

9 មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់‌ស្ញែង

គេប្រកាសពីស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

គេយល់អំពីកិច្ចការដែលព្រះ‌អង្គបានធ្វើ។

10 សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ

ដោយ‌សារព្រះ‌អម្ចាស់

ហើយនាំគ្នាមកជ្រកកោនជាមួយព្រះ‌អង្គ

សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់

លើកតម្កើងព្រះ‌អង្គ។