ទំនុក‌តម្កើង 62

នៅជិតព្រះ‌អង្គ ខ្ញុំមានសេចក្ដីសុខ‌សាន្ត

បទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូ‌ថិន ។ ទំនុករបស់ស្ដេចដាវីឌ។

1 មានតែនៅក្បែរព្រះ‌ជាម្ចាស់ទេ

ដែលចិត្តខ្ញុំបានស្ងប់

ព្រោះព្រះ‌អង្គសង្គ្រោះខ្ញុំ។

2 ព្រះ‌អង្គតែមួយគត់ជាថ្ម‌ដា

ជាព្រះ‌សង្គ្រោះខ្ញុំ

ព្រះ‌អង្គជាកំពែងដ៏រឹង‌មាំ

ដូច្នេះ ខ្ញុំនឹងមិនត្រូវបរា‌ជ័យឡើយ។

3 តើអ្នករាល់គ្នាចោម‌រោមវាយ

ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា?

អ្នករាល់គ្នារកប្រហារជីវិតមនុស្ស

ដូចគេចង់រំលំកំពែងទ្រុឌ‌ទ្រោម

និងផ្ដួលរបងដែលជិតរលំឬ?

4 អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ

បាត់បង់យស‌ស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក

មាត់អ្នករាល់គ្នាឲ្យពរ

តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។

– សម្រាក

5 ពិតមែនហើយ មានតែនៅក្បែរព្រះ‌ជាម្ចាស់ទេ

ដែលចិត្តខ្ញុំបានស្ងប់

ដ្បិតព្រះ‌អង្គជាទីសង្ឃឹមរបស់ខ្ញុំ។

6 ព្រះ‌អង្គតែមួយគត់ជាថ្ម‌ដា ជាព្រះ‌សង្គ្រោះខ្ញុំ

ព្រះ‌អង្គជាកំពែងដ៏រឹង‌មាំ

ដូច្នេះ ខ្ញុំនឹងមិនត្រូវបរា‌ជ័យឡើយ។

7 ការសង្គ្រោះ និងសិរី‌រុងរឿងរបស់ខ្ញុំ

ស្ថិតនៅលើព្រះ‌ជាម្ចាស់ទាំងស្រុង

ព្រះ‌ជាម្ចាស់ជាថ្ម‌ដាដ៏រឹង‌មាំ និងជាទីជម្រករបស់ខ្ញុំ។

8 ប្រជា‌ជនអើយ ចូរនាំគ្នាផ្ញើជីវិត

លើព្រះ‌អង្គ គ្រប់ពេលវេលាទៅ

ចូរទូលថ្វាយព្រះ‌អង្គ

ពីទុក្ខកង្វល់របស់អ្នករាល់គ្នា

ដ្បិតព្រះ‌ជាម្ចាស់ជាជម្រករបស់យើង។

9 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ

មនុស្សលោកគ្មានតម្លៃអ្វីសោះ

ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ

នោះស្រាលជាងមួយដង្ហើមទៅទៀត។

10 មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ

ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។

ប្រសិនបើទ្រព្យ‌សម្បត្តិអ្នករាល់គ្នាកើនចំនួន

ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។

11 ខ្ញុំឮព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូល

មួយលើកជាពីរលើកថា

ឫទ្ធិអំណាចស្ថិតនៅលើព្រះ‌អង្គទាំងអស់

12 ក៏ប៉ុន្តែ ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យមេត្តា‌ករុណា

ព្រះ‌អង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗ

តាមអំពើដែលខ្លួនបានប្រព្រឹត្ត។