ទំនុក‌តម្កើង 60

ពាក្យទូល‌អង្វររបស់ប្រជា‌ជាតិក្រោយពេលបរា‌ជ័យ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចម្រៀងរបស់ស្ដេចដាវីឌ សម្រាប់ប្រៀន‌ប្រដៅ។ រំឭកពីគ្រាដែលព្រះ‌អង្គធ្វើសឹកជាមួយជន‌ជាតិស៊ីរីនៅស្រុកមេសូ‌ប៉ូតាមា និងជន‌ជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។

1 ឱព្រះ‌ជាម្ចាស់អើយ

ព្រះ‌អង្គបានបោះបង់ចោលយើងខ្ញុំ

ព្រះ‌អង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព

ទោះបីព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងយើងខ្ញុំក៏ដោយ

ព្រះ‌អង្គអើយ

សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។

2 ព្រះ‌អង្គបានធ្វើឲ្យផែនដីរញ្ជួយ

និងប្រេះចេញពីគ្នា

ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង

ព្រោះផែនដីកំពុងរង្គើ។

3 ព្រះ‌អង្គបានធ្វើឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ជួបនឹងទុក្ខវេទនាដ៏សែនពិបាក

ព្រះ‌អង្គបានដាក់ទោសយើងខ្ញុំ

ស្ទើរតែវង្វេងស្មារតី។

4 ព្រះ‌អង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក

ដែលគោរពកោតខ្លាចព្រះ‌អង្គ

អាចគេចផុតពីបរា‌ជ័យ ។

– សម្រាក

5 សូមយាងមកសង្គ្រោះយើងខ្ញុំ

ដោយឫទ្ធិ‌បារមីរបស់ព្រះ‌អង្គ

សូមឆ្លើយតបនឹងយើងខ្ញុំផង

ដើម្បីឲ្យប្រជា‌ជនជាទីស្រឡាញ់

របស់ព្រះ‌អង្គបានរួចជីវិត។

6 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូល

ពីទី‌សក្ការៈរបស់ព្រះ‌អង្គ មកថា:

«យើងនឹងយកជ័យ‌ជំនះ

យើងនឹងបែងចែកស្រុកស៊ីគែម

យើងនឹងវាស់ជ្រលងភ្នំស៊ូកូត

ចែកប្រជា‌រាស្ដ្ររបស់យើង។

7 កាឡាតជាទឹកដីរបស់យើង

ហើយម៉ាណា‌សេក៏ជាទឹកដីរបស់យើងដែរ

អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង

ហើយយូដាជាដំបងរាជ្យរបស់យើង។

8 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង

យើងបោះស្បែកជើងយើងលើទឹកដីអេដុម

ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។

យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។

9 តើនរណាអាចនាំខ្ញុំចូលទៅ

ក្នុងទីក្រុងដ៏មាំ‌មួនបាន?

តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?

10 ឱព្រះ‌ជាម្ចាស់អើយ!

មានតែព្រះ‌អង្គទេដែលអាចនាំយើងខ្ញុំ

ក៏ប៉ុន្តែ ព្រះ‌អង្គបានបោះបង់ចោលយើងខ្ញុំ

ព្រះ‌អង្គឈប់យាងទៅជាមួយ

កង‌ទ័ពយើងខ្ញុំទៀតហើយ។

11 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់

នឹងពួកសត្រូវផង

ដ្បិតការសង្គ្រោះមកពីមនុស្សលោក

ឥតប្រយោជន៍អ្វីសោះ។

12 បើព្រះ‌ជាម្ចាស់គង់នៅជាមួយយើង

នោះយើងនឹងមានជ័យ‌ជំនះ

ដ្បិតព្រះ‌អង្គនឹងបង្ក្រាបបច្ចា‌មិត្ត

របស់យើងឲ្យរាប។