ទំនុក‌តម្កើង 58

ព្រះ‌ជាម្ចាស់ជាចៅ‌ក្រមនៅលើផែនដី

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។

1 ចៅ‌ក្រមទាំង‌ឡាយអើយ ពេលកាត់ក្ដី

តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?

តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក

ដោយយុត្តិធម៌ឬ?

2 ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា

ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា

អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរ‌ឃៅ

រាល‌ដាលនៅលើផែនដីនេះ។

3 មនុស្សអាក្រក់មានចិត្តវៀច‌វេរ តាំងពីក្នុងផ្ទៃម្ដាយ

ហើយចេះកុហក និងវង្វេង

តាំងពីទើបកើតមកម៉្លេះ។

4 គេមានពិសដូចពស់វែក គេធ្វើថ្លង់

ធ្វើមិនដឹងមិនឮដូចសត្វពស់

5 ដែលមិនឮសំឡេងរបស់គ្រូអាល‌ម្ពាយ

គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។

6 ឱព្រះ‌ជាម្ចាស់អើយ

សូមកាច់បំបាក់ធ្មេញរបស់ពួកគេ!

ព្រះ‌អម្ចាស់អើយ

សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!

7 សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ

ដូចទឹកហូរឥតត្រឡប់

សូមឲ្យពួកគេបានរាបដូចជាស្មៅ

ដែលមនុស្សដើរជាន់។

8 សូមឲ្យពួកគេប្រៀបដូចជាជន្លេន

ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ

សូមឲ្យពួកគេប្រៀបដូចជាកូនរលូត

ស្លាប់ទៅ ទាំងពុំឃើញពន្លឺ

9 ព្រះ‌ជាម្ចាស់នឹងធ្វើឲ្យមនុស្ស

អាក្រក់វិនាសសូន្យទៅ

ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួល‌បួលផង

ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ

ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។

10 រីឯមនុស្សសុចរិតវិញ គេនឹងរីក‌រាយ

ដោយបានឃើញព្រះ‌ជាម្ចាស់

សង‌សឹកជំនួសពួកគេ

ហើយគេលាងជើងនៅក្នុងឈាម

របស់មនុស្សអាក្រក់។

11 ពេលនោះ ប្រជា‌ជនទាំង‌ឡាយនាំគ្នាពោលថា:

ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់

ពិតមែនហើយ មានព្រះ‌ជាម្ចាស់មួយព្រះ‌អង្គ

ជំនុំ‌ជម្រះមនុស្សលោក។