ទំនុក‌តម្កើង 57

ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះ‌អង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។

1 សូមអាណិតមេត្តាទូលបង្គំ

ឱព្រះ‌ជាម្ចាស់អើយ

សូមអាណិតមេត្តាទូលបង្គំផង

ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះ‌អង្គ ទូលបង្គំមក

ជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ

រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។

2 ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

គឺព្រះ‌ជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ

នូវអ្វីៗដែលខ្ញុំត្រូវការ។

3 ពីស្ថានបរម‌សុខ

សូមព្រះ‌អង្គប្រទានការសង្គ្រោះមកខ្ញុំ

សូមព្រះ‌អង្គវាយប្រហារអស់អ្នក

ដែលបៀត‌បៀនខ្ញុំ

– សម្រាក

សូមព្រះ‌ជាម្ចាស់សម្តែងព្រះ‌ហឫទ័យមេត្តាករុណា

និងព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ។

4 ខ្មាំងសត្រូវនាំគ្នាឡោម‌ព័ទ្ធជុំ‌វិញខ្ញុំ

អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ

ដែលប្រុងស៊ីសាច់មនុស្ស

ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ

អណ្ដាតរបស់គេជាដាវដ៏មុត។

5 ឱព្រះ‌ជាម្ចាស់អើយ

សូមសម្តែងភាពថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម

របស់ព្រះ‌អង្គនៅលើផ្ទៃមេឃ

ហើយសូមឲ្យសិរី‌រុងរឿង

របស់ព្រះ‌អង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

6 សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់

ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។

ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ

តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។

– សម្រាក

7 ទូលបង្គំទុកចិត្តលើព្រះ‌អង្គ ឱព្រះ‌ជាម្ចាស់អើយ

ទូលបង្គំទុកចិត្តលើព្រះ‌អង្គទាំងស្រុង

ទូលបង្គំនឹងច្រៀង

ទូលបង្គំនឹងស្មូត្រទំនុក‌តម្កើង។

8 ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!

ឱឃឹម និងពិណរបស់ខ្ញុំអើយ

ចូរបន្លឺសំឡេងឡើង

ខ្ញុំនឹងដាស់ព្រះ‌អាទិត្យឲ្យរះ។

9 ព្រះ‌អម្ចាស់អើយ

ទូលបង្គំនឹងលើកតម្កើង

ព្រះ‌អង្គក្នុងចំណោមប្រជា‌ជនទាំង‌ឡាយ

ទូលបង្គំនឹងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ

ក្នុងចំណោមប្រជា‌ជាតិនានា

10 ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ

ខ្ពស់រហូតដល់ផ្ទៃមេឃ

ហើយព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ

ខ្ពស់ដល់អាកាស‌វេហាស៍។

11 ឱព្រះ‌ជាម្ចាស់អើយ

សូមបង្ហាញភាពថ្កុំ‌ថ្កើង

ឧត្តុង្គ‌ឧត្ដមរបស់ព្រះ‌អង្គនៅលើផ្ទៃមេឃ

ហើយសូមឲ្យសិរី‌រុងរឿងរបស់ព្រះ‌អង្គ

ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។