ទំនុក‌តម្កើង 56

ខ្ញុំទុកចិត្តលើព្រះ‌ជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។ បទចម្រៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជន‌ជាតិភីលីស្ទីនចាប់ព្រះ‌អង្គនៅក្រុងកាដ។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមអាណិតមេត្តាទូលបង្គំផង

ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ

គេលើកគ្នាមកប្រយុទ្ធ

និងបៀត‌បៀនទូលបង្គំជារៀងរាល់ថ្ងៃ។

2 ជារៀងរាល់ថ្ងៃ បច្ចា‌មិត្តរបស់ទូលបង្គំ

នាំគ្នាដេញវាយប្រហារទូលបង្គំ

ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន

មកប្រយុទ្ធនឹងទូលបង្គំ។

3 ឱព្រះ‌ជាម្ចាស់អើយ នៅថ្ងៃទូលបង្គំភ័យខ្លាច

ទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គ។

4 ខ្ញុំសរសើរតម្កើងព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់

ខ្ញុំទុកចិត្តលើព្រះ‌ជាម្ចាស់

ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ

តើមនុស្សដែលតែងតែស្លាប់

អាចធ្វើអ្វីខ្ញុំកើត?

5 ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ

ធ្វើឲ្យខ្ញុំឈឺចុកចាប់

គេតែងប៉ុន‌ប៉ងធ្វើបាបខ្ញុំជា‌និច្ច។

6 គេឃុប‌ឃិតគ្នាចាំឃ្លាំមើល

និងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។

7 ឱព្រះ‌ជាម្ចាស់អើយ!

សូមដាក់ទោសពួកគេ តាមអំពើអាក្រក់

ដែលពួកគេប្រព្រឹត្ត

សូមទ្រង់សម្តែងព្រះ‌ពិរោធ

បង្ក្រាបប្រជា‌ជនទាំងនោះ។

8 ព្រះ‌អង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា

សូមត្រងទឹកភ្នែកទូលបង្គំទុក

ព្រះ‌អង្គបានរាប់តំណក់ទឹកភ្នែក

ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។

9 នៅថ្ងៃដែលខ្ញុំស្រែករកព្រះ‌អង្គ

ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ

ខ្ញុំដឹងច្បាស់ថាព្រះ‌ជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។

10 ខ្ញុំសរសើរតម្កើងព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់

ខ្ញុំសរសើរតម្កើងព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

11 ខ្ញុំទុកចិត្តលើព្រះ‌ជាម្ចាស់

ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ

តើមនុស្សដែលតែងតែស្លាប់

អាចធ្វើអ្វីខ្ញុំបាន?

12 ឱព្រះ‌ជាម្ចាស់អើយ! ទូលបង្គំត្រូវតែថ្វាយតង្វាយ

តាមពាក្យដែលទូលបង្គំបានបន់‌ស្រន់ព្រះ‌អង្គ

ទូលបង្គំនឹងថ្វាយយញ្ញ‌បូជាអរព្រះ‌គុណព្រះ‌អង្គ។

13 ដ្បិតព្រះ‌អង្គបានរំដោះ ទូលបង្គំឲ្យរួចពីស្លាប់

ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ

ហើយខ្ញុំនឹងដើរនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់

ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។