ទំនុក‌តម្កើង 53

អ្នកជឿព្រះ‌ជាម្ចាស់ និងពិភពលោកដ៏អាក្រក់

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។

1 មនុស្សឥតគំនិតតែងតែរិះគិតថា

«គ្មានព្រះ‌ជាម្ចាស់ទេ»។

ពួកគេជាមនុស្សពាល

ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃ‌ផ្សៃ

គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។

2 ពីស្ថានបរម‌សុខ

ព្រះ‌ជាម្ចាស់ទតមើលមកមនុស្សលោក

ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា

ស្វែងរកព្រះ‌អង្គ។

3 ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា

ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ

គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ

សូម្បីតែម្នាក់ក៏គ្មានផង។

4 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា

«តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត

ពិតជាមិនយល់អ្វីទាំងអស់ឬ?

ពួកគេចិញ្ចឹមជីវិត

ដោយកេង‌ប្រវ័ញ្ចប្រជា‌រាស្ដ្ររបស់យើង

ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។

5 ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច

ក៏ដោយ ក៏គេនាំគ្នាភ័យញាប់‌ញ័រដែរ

ដ្បិតព្រះ‌ជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ

របស់ប្រជា‌រាស្ដ្រព្រះ‌អង្គស្លាប់ចោលឆ្អឹង

ពួកគេនឹងត្រូវអាម៉ាស់មុខ

ព្រោះព្រះ‌ជាម្ចាស់បានកំចាត់‌កំចាយពួកគេ។

6 សូមឲ្យព្រះ‌អង្គដែលគង់នៅក្រុងស៊ីយ៉ូន

សង្គ្រោះជន‌ជាតិអ៊ីស្រា‌អែល!

ពេលព្រះ‌ជាម្ចាស់នាំប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

ដែលជាឈ្លើយមកស្រុកវិញ

កូនចៅរបស់លោកយ៉ាកុបនឹង

បានត្រេក‌អរយ៉ាងខ្លាំង

ប្រជា‌រាស្ដ្រអ៊ីស្រា‌អែលនឹងមានអំណរ

សប្បាយដ៏លើស‌លប់។