ទំនុក‌តម្កើង 52

អ្នកទុកចិត្តលើព្រះ‌ជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យ‌សម្បត្តិ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ នៅគ្រាដែលលោកដូអេក ជាជន‌ជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅជ្រកកោននឹងស្ដេចអហ៊ី‌ម៉ាឡេក។

1 អ្នកខ្លាំងពូកែអើយ

ហេតុអ្វីបានជាអ្នកចេះតែអួត

ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ?

ព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យ

ស្មោះ‌ស្ម័គ្រជា‌និច្ច!។

2 រៀងរាល់ថ្ងៃ អ្នកតែងតែគិត‌គូរ

ចង់ប្រព្រឹត្តអំពើទុច្ចរិត

ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត

គឺប៉ិន‌ប្រសប់ខាងបោកបញ្ឆោតណាស់។

3 អ្នកចូលចិត្តការអាក្រក់ជាងការល្អ

ហើយចូលចិត្តកុហកជាងនិយាយការពិត។

4 អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេ

អ្វីៗដែលអ្នកពោលចេញមក

សុទ្ធតែអាស្រូវទាំងអស់។

5 ហេតុនេះ ព្រះ‌ជាម្ចាស់នឹងបំផ្លាញ

អ្នករហូតតទៅជាមិនខាន

ព្រះ‌អង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន

ហើយព្រះ‌អង្គនឹងយកអ្នកចេញ

ពីពិភពលោកដែលយើងរស់នៅនេះ។

– សម្រាក

6 មនុស្សសុចរិតនឹងឃើញ

ហើយកោតខ្លាចទៀតផង

គេនាំគ្នាសើច ទាំងពោលថា:

7 «មើលអ្នកនុ៎ះ!

គាត់ពុំបានយកព្រះ‌ជាម្ចាស់ជាទីពឹងទេ

គាត់ទុកចិត្តលើទ្រព្យ‌សម្បត្តិស្តុក‌ស្តម្ភរបស់ខ្លួន

ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។

8 រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះ‌ដំណាក់

របស់ព្រះ‌ជាម្ចាស់

ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី

ខ្ញុំពឹងផ្អែកលើព្រះ‌ហឫទ័យមេត្តា‌ករុណា

របស់ព្រះ‌ជាម្ចាស់រហូតតទៅ។

9 ទូលបង្គំនឹងសរសើរតម្កើងព្រះ‌អង្គជា‌និច្ច

ចំពោះកិច្ចការដែលព្រះ‌អង្គបានធ្វើ

ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះ‌នាមព្រះ‌អង្គ

នៅចំពោះមុខអស់អ្នកគោរពប្រណិ‌ប័តន៍ព្រះ‌អង្គ

ព្រោះព្រះ‌អង្គមានព្រះ‌ហឫទ័យល្អសប្បុរស។