ទំនុក‌តម្កើង 5

ពាក្យអធិស្ឋានសូមព្រះ‌ជាម្ចាស់ការពារ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!

សូមទ្រង់ព្រះ‌សណ្ដាប់សម្រែកឈឺចាប់

របស់ទូលបង្គំផង។

2 ឱព្រះ‌ជាម្ចាស់ ជាព្រះ‌មហា‌ក្សត្រនៃទូលបង្គំអើយ

សូមយកព្រះ‌ហឫទ័យទុកដាក់នឹងសូរសម្រែក

របស់ទូលបង្គំផង

ដ្បិតទូលបង្គំអធិស្ឋានរកព្រះ‌អង្គ។

3 ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក

ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូលបង្គំ

ទូលបង្គំចូលមកគាល់

ហើយនៅរង់‌ចាំព្រះ‌អង្គ តាំងពីព្រលឹម។

4 ព្រះ‌អង្គមិនមែនជាព្រះដែលសព្វព្រះ‌ហឫទ័យ

នឹងអំពើទុច្ចរិតនោះទេ

អំពើអាក្រក់ពុំអាចនៅក្បែរព្រះ‌អង្គបានឡើយ។

5 ព្រះ‌អង្គមិនចង់ឃើញមនុស្សព្រហើន

ចូលមកជិតព្រះ‌អង្គទេ

ព្រះ‌អង្គក៏មិនសព្វព្រះ‌ហឫទ័យនឹងមនុស្ស

ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។

6 ព្រះ‌អង្គនឹងធ្វើឲ្យពួកកុហកវិនាសសាប‌សូន្យ។

ព្រះ‌អម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម

និងអ្នកមានល្បិច‌កល។

7 រីឯទូលបង្គំវិញ

ទូលបង្គំចូលមកក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គបាន

ដោយ‌សារតែព្រះ‌អង្គមានព្រះ‌ហឫទ័យសប្បុរស

យ៉ាងខ្លាំងចំពោះទូលបង្គំ

ទូលបង្គំសូមក្រាបថ្វាយ‌បង្គំព្រះ‌អង្គ

ដោយបែរមុខតម្រង់ទៅរកព្រះ‌វិហារដ៏‌វិសុទ្ធ

របស់ព្រះ‌អង្គ ទាំងគោរពកោតខ្លាច។

8 ឱព្រះ‌អម្ចាស់អើយ

មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!

សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះ‌ហឫទ័យ

របស់ព្រះ‌អង្គ

សូមពង្រាបផ្លូវរបស់ព្រះ‌អង្គនៅមុខទូលបង្គំផង។

9 អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ

គេគិតតែចង់បំផ្លិច‌បំផ្លាញ

អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើច‌បញ្ចើ

តែមានបង្កប់ទៅដោយពិស‌ពុល

សម្រាប់ប្រហារជីវិត។

10 ឱព្រះ‌ជាម្ចាស់អើយ សូមដាក់ទោសគេទៅ!

សូមឲ្យគេវិនាសអន្តរាយ

ដោយ‌សារគម្រោង‌ការរបស់ខ្លួន

គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់

ព្រោះគេបះ‌បោរប្រឆាំងនឹងព្រះ‌អង្គ

ដូច្នេះ សូមកាត់‌កាល់គេចោលទៅ។

11 រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះ‌អង្គ

គេនឹងមានអំណរ

គេនឹងសប្បាយរីក‌រាយរហូតតទៅ

ហើយព្រះ‌អង្គនឹងរក្សាការពារគេ

អស់អ្នកដែលស្រឡាញ់ព្រះ‌នាមរបស់ព្រះ‌អង្គ

នឹងសប្បាយរីក‌រាយរួមជាមួយព្រះ‌អង្គ។

12 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គប្រទានពរឲ្យមនុស្សសុចរិត

ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ

ប្រៀបបាននឹងខែលការពារគេ។