ទំនុក‌តម្កើង 49

កុំទុកចិត្តលើទ្រព្យ‌សម្បត្តិ!

ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។

1 ប្រជា‌ជនទាំង‌ឡាយអើយ

ចូរនាំគ្នាត្រង‌ត្រាប់ស្ដាប់!

មនុស្ស‌ម្នាដែលរស់នៅផែនដីទាំងមូលអើយ

ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់

2 គឺទាំងអ្នកតូច ទាំងអ្នកធំ

ទាំងអ្នកមាន ទាំងអ្នកក្រ!

3 ខ្ញុំនឹងបរិយាយអំពីគតិ‌បណ្ឌិត ខ្ញុំនឹងសម្តែង

ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។

4 ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀន‌ប្រដៅរបស់អ្នកប្រាជ្ញ

ហើយខ្ញុំនឹងដោះស្រាយប្រស្នា

ទាំងលេងពិណកំដរផង។

5 នៅគ្រាមានអាសន្ន

ឬពេលមានខ្មាំងសត្រូវមកឡោម‌ព័ទ្ធ

ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។

6 មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន

គេអួត‌អាង ព្រោះមានសម្បត្តិស្ដុក‌ស្ដម្ភ។

7 ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ

ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះ‌ជាម្ចាស់

ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ

8 ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់

គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ

ក៏មិនគ្រប់ដែរ។

9 តើមនុស្សអាចរស់រហូត

ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?

10 យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ

ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ

គេត្រូវតែស្លាប់ទាំងអស់គ្នា

ហើយទុកទ្រព្យ‌សម្បត្តិខ្លួនឲ្យអ្នកដទៃ។

11 គេនឹកក្នុងចិត្តថាគេហ‌ដ្ឋានរបស់គេ

នឹងនៅស្ថិត‌ស្ថេររហូតតទៅ

លំ‌នៅ‌ដ្ឋានរបស់គេនៅគង់‌វង្ស

ពីជំនាន់មួយទៅជំនាន់មួយ

ហើយគេដាក់ឈ្មោះដី‌ធ្លីគេ

តាមឈ្មោះរបស់ខ្លួនថែមទៀត។

12 ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង

ពុំអាចគេចផុតពីស្លាប់បានទេ

គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ

ដូចសត្វតិរច្ឆាននោះឡើយ។

13 រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង

ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន

អនាគតរបស់គេនឹងបានដូចតទៅនេះ

– សម្រាក

14 អ្នកទាំងនោះប្រៀបដូចជាកូនចៀម

ដែលយកទៅសម្លាប់។

គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា

មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។

មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ

រូបកាយរបស់ពួកគេនឹងរលាយសូន្យ

ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។

15 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់នឹងរំដោះជីវិតខ្ញុំ

ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់

ព្រះ‌អង្គនឹងយកខ្ញុំទៅ។

– សម្រាក

16 ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន

ហើយឃើញទ្រព្យ‌សម្បត្តិចេះតែរីកចម្រើន

កុំភ័យខ្លាចអី

17 ដ្បិតពេលស្លាប់ទៅ

គេពុំអាចយកអ្វីទៅជាមួយបានទេ

គឺគេមិនអាចយកទ្រព្យ‌សម្បត្តិ

ចុះទៅក្នុងរណ្ដៅជាមួយឡើយ។

18 ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ

ហើយទោះបីមានអ្នកដទៃកោតសរសើរ

ដោយឃើញគេបានចម្រុង‌ចម្រើនក៏ដោយ

19 ក៏គង់តែគេត្រូវចុះទៅជួប‌ជុំ

នឹងដូនតារបស់ខ្លួន ចៀសមិនផុត

នៅក្នុងកន្លែងដែលគេពុំអាចមើល

ឃើញពន្លឺទៀតឡើយ។

20 មនុស្សដែលមានកិត្តិយសរុងរឿង

តែមិនយល់អ្វីសោះនោះ

គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។