ទំនុក‌តម្កើង 42

ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។

1 ឱព្រះ‌ជាម្ចាស់អើយ

ទូលបង្គំប្រាថ្នាចង់នៅជាមួយ

ព្រះ‌អង្គខ្លាំងណាស់

ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។

2 ខ្ញុំស្រេកឃ្លានព្រះ‌ជាម្ចាស់

គឺព្រះ‌ជាម្ចាស់ដ៏មានព្រះ‌ជន្មគង់នៅ

តើដល់កាលណាទើបខ្ញុំអាចទៅជិត

ដើម្បីថ្វាយ‌បង្គំព្រះ‌អង្គបាន?

3 ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។

គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា

«តើព្រះរបស់ឯងនៅឯណា?»។

4 ខ្ញុំស្រណោះ‌ស្រណោកក្រៃ‌លែង

នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ

ប្រជា‌ជនមួយចំនួនធំ

ឆ្ពោះទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អង្គ

ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ

និងអរព្រះ‌គុណព្រះ‌អង្គ។

5 ខ្ញុំនិយាយមកខ្លួនឯងថា:

«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី

ចូរផ្ញើជីវិតលើព្រះ‌ជាម្ចាស់ទៅ!»

ខ្ញុំមុខជាសរសើរតម្កើងព្រះ‌អង្គតទៅមុខទៀត

ព្រះ‌អង្គសង្គ្រោះខ្ញុំ។

6 ព្រះនៃទូលបង្គំអើយ

ទូលបង្គំស្រយុតចិត្តជាខ្លាំង

ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ

ព្រះ‌អង្គពីកន្លែងដែលទូលបង្គំនៅនេះ

គឺភូមិភាគទន្លេយ័រដាន់

ភ្នំហ៊ើរ‌ម៉ូន និងភ្នំមីត‌សារ។

7 ព្រះ‌អង្គបានធ្វើឲ្យទុក្ខកង្វល់

ធ្លាក់មកលើទូលបង្គំ

ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ

លាន់ឮគគ្រឹក‌គគ្រេង។

8 នៅពេលថ្ងៃព្រះ‌អម្ចាស់សម្តែង

ព្រះ‌ហឫទ័យមេត្តាករុណាចំពោះខ្ញុំ

នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះ‌អង្គ

បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ

ព្រះ‌ជាម្ចាស់នៃជីវិតខ្ញុំ។

9 ខ្ញុំទូលព្រះ‌ជាម្ចាស់ដែលជាថ្ម‌ដារបស់ខ្ញុំថា

ហេតុអ្វីបានជាព្រះ‌អង្គបំភ្លេចទូលបង្គំ?

ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក

ហើយត្រូវខ្មាំងសត្រូវសង្កត់‌សង្កិនដូច្នេះ?

10 ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ

ធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គ‌កាយ

គេចេះតែពោលមកទូលបង្គំគ្រប់ពេល

គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។

11 ខ្ញុំនិយាយមកខ្លួនឯងថា

«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី

ចូរផ្ញើជីវិតលើព្រះ‌ជាម្ចាស់ទៅ!»

ខ្ញុំមុខជាសរសើរតម្កើងព្រះ‌អង្គតទៅមុខទៀត

ព្រះ‌អង្គសង្គ្រោះខ្ញុំ ហើយព្រះ‌អង្គជាព្រះនៃខ្ញុំ។